តុលាការសាក​សួរសកម្មជនដីធ្លីពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ​ព្រោះ​សង្ស័យថា​អតីត​បក្សប្រឆាំងនៅពីក្រោយ

អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

តុលាការបានសាកសួរសកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថា  ការធ្វើយុទ្ធនាការអាវខ្មៅរបស់ពួកគេកន្លងមក គឺគណបក្សសង្គ្រោះជាតិជាអ្នកបំផុសឲ្យពួកគេធ្វើ។

សកម្មជនដីធ្លីសហគមន៍បុរីកីឡាអ្នកស្រី ស ស៊ន ប្រាប់វីអូឌីបន្ទាប់ពីចូលបំភ្លឺនៅតុលាការថា ចៅក្រមបានសួរអ្នកស្រីច្រើនពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយតុលាការថា គណបក្សសង្គ្រោះជាតិជាអ្នកនៅពីក្រោយនៃការធ្វើយុទ្ធនាការនេះ។ អ្នកស្រីបន្តថា ពួកគាត់ធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិកន្លងមក មិនបានជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិនោះទេ ហើយក៏គ្មានអង្គការសង្គមស៊ីវិលដូចការចោទប្រកាន់របស់តុលាការនោះទេ ។

ហេតុអ្វីបានជាយើងទៅធ្វើថ្ងៃចន្ទពណ៌ខ្មៅធ្វើអី ហើយទាមទារឲ្យដោះលែងអាដហុក និងអ្នកស្រី ទេព វន្នីហ្នឹងមានពាក់ព័ន្ធអីជាមួយពួកមីងហ្នឹង។ មីងថា ពាក់ព័ន្ធដោយសារ ពួកគាត់ជាអ្នកការពារសិទ្ធិមនុស្សហ្នឹង គាត់ធ្លាប់ជួយការពារជួយចរចាអាជ្ញាធរឲ្យសំណងមីងបានសមរម្យរហូតមកដល់ពេលនេះ។​ ពីមុនមកពួកមីងទៅភូមិអណ្ដូងទៅទួលដំបូលបានពួកគាត់ជួយរឿងដីធ្លីផ្ទះសម្បែងហ្នឹង

សកម្មជនដីធ្លីសហគមន៍បុរីកីឡាអ្នកស្រី ស ស៊ន

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រជាពលរដ្ឋទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សកន្លងមក​ ដោយសារពួកគេយល់ឃើញថាការ​ចាប់ខ្លួនអ្នកទាំងអស់នោះធ្វើឡើងដោយអ​យុត្តិធម៌ ។

ការធ្វើយុទ្ធនាការនេះ គោលបំណងធំមិនមែនផ្ដួលរំលំ​ ឬផ្លាស់ប្ដូររដ្ឋាភិបាលអីទេ។ គោលបំណងធំគឺសុំឲ្យមានការរកយុត្តិធម៌ដល់ខាងសកម្មជនសិទ្ធិមនុស្សទាំងអស់ ហើយសូមឲ្យគាត់មានសេរីភាពឡើងវិញ អាហ្នឹងគឺជាគោលបំណងធំ។ អញ្ចឹងហើយការ លើកឡើងការចោទប្រកាន់អំពីសកម្មភាពទាំងអស់នេះ ទៅពាក់ព័ន្ធទៅនឹងនយោបាយ អាហ្នឹងជារឿងលាបពណ៌ ដោយគ្មានភស្តុតាង ពីព្រោះគោលបំណងពិតមិនមែនផ្ដួលរំលុមរដ្ឋាភិបាលអីទេក្នុងយុទ្ធនាការកន្លងមកហ្នឹង

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា

អ្នកស្រីស ស៊ន​ នៅព្រឹកនេះ បាន​ចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្នុង​នាម​ជា​សាក្សីលើ​សំណុំរឿងដែលរដ្ឋាភិបាលចោទអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិថា «ក្បត់ជាតិ»។ កាលពីម្សិលមិញ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកវន់ ពៅ ក៏​បានចូលបំភ្លឺក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿង លោកកឹម សុខា ​ដូចគ្នានេះដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ