UN និងអង្គការសិទ្ធិមនុស្សស្នើផ្ដល់សេរីភាពពេញលេញជូនលោក កឹម សុខា

លោក កឹម សុខា នាពេលកន្លងទៅ

អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សបានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទទាំងអស់លើមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលទើបចេញពីពន្ធនាគារ ប៉ុន្ដែត្រូវបានដាក់ឲ្យ​ស្ថិតក្រោមវិធានការត្រួតពិនិត្យដោយហាមមិនឲ្យចេញពីផ្ទះ។

ក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្សុឺណែវ ប្រទេសស្វីស កាលពីថ្ងៃម្សិលមិញ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោកស្រី Michelle Bachelet មានប្រសាសន៍ថា ការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺជាការគំរាមកំហែងមួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។

លោកស្រីក៏ស្វាគមន៍ចំពោះការដោះលែងអ្នកទោសនយោបាយមួយចំនួន និងការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗនេះ ប៉ុន្ដែ លោកស្រីក៏ស្នើឲ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ទាំងស្រុងចំពោះរូបលោកផងដែរ។

ខ្ញុំសូមស្វាគមន៍ការដោះលែង កាលពីខែមុននូវអ្នកការពារសិទ្ធិមនុស្សមួយរូបដែលលេចធ្លោជាងគេ អ្នកការសែត២រូប និងសមាជិកគណបក្សប្រឆាំងមួយចំនួន ដែលរួមមានលោក កឹម សុខា […] ប៉ុន្ដែ រដ្ឋាភិបាលគួរតែដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកនយោបាយទាំងអស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបានចាប់ខ្លួន ឬផ្ដន្ទាទោស ដោយសារតែពួកគេអនុវត្តសិទ្ធិរបស់ខ្លួន

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោកស្រី Michelle Bachelet

នាយកជាន់ខ្ពស់អង្គការលើកលែងទោសអន្ដរជាតិទទួលបន្ទុកប្រតិបត្តិការសកល លោក Minar Pimple មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា ករណីលោក កឹម សុខា នេះ គឺមានហេតុផលនយោបាយ បន្ទាប់ពីលោកត្រូវបានចាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ ដោយគ្មានហេតុផលច្បាស់លាស់។

លោកថា អាជ្ញាធរកម្ពុជាត្រូវដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយរដ្ឋាភិបាលត្រូវធានាថា លោកទទួលបានការមើលថែសុខភាពឲ្យបាន​ដិតដល់ក្រោយចេញពីពន្ធនាគារ។

ឥឡូវនេះ លោក កឹម សុខា បានក្លាយជាអ្នកទោសក្នុងផ្ទះរបស់គាត់។ យើងទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ និងឲ្យគាត់មានសេរីភាពជាអចិន្ដ្រៃយ៍ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ របាយការណ៍បន្ដបន្ទាប់ដែលលោកត្រូវការការមើលថែនៅមន្ទីរពេទ្យនោះ យើងក៏ទទូចឲ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យទទួលការយកចិត្តទុកដាក់ផ្នែកវិទ្យាសាស្ដ្រគ្រប់គ្រាន់

នាយកជាន់ខ្ពស់អង្គការលើកលែងទោសអន្ដរជាតិទទួលបន្ទុកប្រតិបត្តិការសកល លោក Minar Pimple

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់ក្រុមអង្គការអន្ដរជាតិទាំងនេះ ដោយថា ចំណាត់ការច្បាប់ប្រឆាំងមេដឹកនាំអតីតបក្សប្រឆាំង គឺជាការអនុវត្តទៅតាមច្បាប់របស់កម្ពុជា ដើម្បីពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្ដែ យើងត្រូវអនុវត្តក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមនឹងការអនុវត្តនីតិរដ្ឋឲ្យបានត្រឹមត្រូវដែរ។ អ្នកណាដែលល្មើសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចធ្វើតាមគាត់បានទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន

កាលពីវេលាម៉ោង៣ទៀបភ្លឺម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំជាបណ្ណោះអាសន្ន ដោយសំអាងទៅលើហេតុផលសុខភាពរបស់លោក និងថា លោកមិនអាចគេចពីនីតិវិធីរបស់តុលាការឡើយ។ បន្ថែមលើនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានដាក់ចេញនូវវិធានការត្រួតពិនិត្យ និងកាតព្វកិច្ចមួយចំនួនចំពោះលោក កឹម សុខា ផងដែរ ដូចជា ប្ដូរពីការឃុំខ្លួននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង មកជាប់ឃុំនៅក្នុងផ្ទះ។​ លោកត្រូវឆ្លើយតបនូវរាល់ការកោះហៅពីចៅក្រមស៊ើបសួរ ហាមមិនឲ្យទាក់ទងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជនបរទេស ឬភាគីដែលពាក់ព័ន្ធនៅក្នុងសំណុំរឿង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ