រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង អះអាងថាលោក ស ថេត ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មីៗនោះ មិនមែនជាប្អូនបង្កើតរបស់លោកទេ។
លោក ស ខេង អះអាងបែបនេះ បន្ទាប់ពីសារព័ត៌មានមួយចំនួនចុះផ្សាយជុំវិញការផ្ទេរតំណែងស្នងការនគរបាលរាជធានីភ្នំពេញទៅឲ្យលោក ស ថេត កាន់តំណែងជំនួសលោក ជួន សុវណ្ណ ដោយក្នុងនោះសារព័ត៌មានបានបញ្ជាក់ថា លោក ស ថេត ជាប្អូនបង្កើតរបស់លោក ប៉ុន្តែត្រូវលោក ស ខេង សរសេរលើហ្វេសប៊ុកដោយបដិសេធចោលនៅថ្ងៃនេះ។
លោក ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការកាលពីម្សិលមិញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕