សភាសហភាពអឺរ៉ុបសម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ដោយថា មិនអាចទទួលយកបាន និងទាមទារឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់លើអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។
ក្នុងសេចក្ដីសម្រេច ដែលធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ សភាសហភាពអឺរ៉ុបបានប្រកាសថ្កោលទោសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាបញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាពលើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។
យោងតាមសេចក្ដីសម្រេចនោះ សភាសហភាពអឺរ៉ុបក៏ជំរុញឲ្យគណៈកម្មាការអឺរ៉ុបរៀបចំបញ្ជីឈ្មោះអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការ។
យ៉ាងណាមិញ ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃនេះផងដែរ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Federica Mogherini បានទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកស្រីថា បើពុំដូច្នេះទេ សហភាពអឺរ៉ុបនឹងចាត់វិធានម៉ឺងមាត់មកលើកម្ពុជា ដូចជា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ជំនួយទាំងអស់ និងវិធានាការផ្សេងទៀត៕