បទយកការណ៍៖​ កម្មករស្ដារលូនៅភ្នំពេញ​ស្នើបញ្ចូល​ឈ្មោះ​ចូលក្របខណ្ឌរដ្ឋព្រោះបារម្ភ​គ្មានប្រាក់​ព្យាបាល​នៅពេល​ចាស់​ទៅ​

សកម្មភាពស្ដារលូរបស់ក្រុមកម្មករមួយក្រុម ក្នុងក្រុងភ្នំពេញ

មនុស្សភាគច្រើន​នៅពេល​ដែល​ធ្វើ​ដំណើរឆ្លងកាត់​តំបន់​ដែល​មាន​សំរាម​និង​លូ​ទឹក​ស្អុយ​ ​តែង​តែយក​ដៃ​ខ្ទប់​ច្រមុះ ព្រោះទ្រាំនឹងក្លិន​ស្អុយ​មិន​បាន​។ ប៉ុន្តែសម្រាប់​កម្មករស្ដារលូ​ ក្លិនស្អុយ​មិនមែន​ជាឧបសគ្គ​រារាំងដល់​ការបំពេញ​ការងារ​របស់​ពួកគេនោះទេ។

ទោះជាយ៉ាងណាក៏ដោយក្រុម​កម្មករស្ដារលូមួយចំនួន​​បង្ហាញ​ពី​ក្តីបារម្ភពីបញ្ហាសុខភាពរបស់ខ្លួន​ផងដែរ​នៅពេលអនាគត​។ ដោយសារ​តែមូល​ហេតុផលនេះហើយ​ ទើ​ប​ក្រុម​កម្មករទាំងនោះស្នើទៅរដ្ឋាភិបាលដាក់បញ្ចូល​ឈ្មោះ​ពួក​គេ​​​ក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីទទួលបានប្រាក់សោធនិវត្តន៍ខ្លះៗពីរដ្ឋាភិបាល​នៅពេលដែលធ្វើការងារនេះលែងកើត។

សកម្មភាពស្ដារលូរបស់ក្រុមកម្មករមួយក្រុម ក្នុងក្រុងភ្នំពេញ

ដៃទាំងពីរកំពុងទប់ទុយយោបូម​ទឹកចេញពីលូ លោក ប៉ិច ណន បានឆ្លៀតមកនិយាយជាមួយអ្នកសារព័ត៌មានថាលោក​បារម្ភពីបញ្ហាសុខភាពរបស់ខ្លួន​នៅ​ថ្ងៃអនាគត ព្រោះគាត់មុតទាំងអំបែង ទាំងម្ជុល ដែក និងវត្ថុមុតស្រួតផ្សេងៗទៀតជាញឹកញាប់ផងដែរ។ លោកស្នើទៅរដ្ឋាភិបាលដាក់បញ្ជូនឈ្មោះគាត់​​ទៅក្នុងក្របខ័ណ្ឌរដ្ឋ ដោយថាដើម្បីឲ្យរដ្ឋជួយផ្ដល់ប្រាក់ឧបត្ថមខ្លះៗ ខណៈបច្ចុប្បន្នគាត់អាយុ ៦០ ឆ្នាំទៅហើយនោះ។

ខ្ញុំចង់បានចូលក្របខ័ណ្ឌឲ្យរដ្ឋាភិបាលជួយបំពេញសិទ្ធិចូលក្របខ័ណ្ឌរដ្ឋ។ មូលហេតុយើងបានប្រាក់បៀវត្តន៍ហូប!យើងមិនដឹងថ្ងៃមុខយ៉ាងម៉េច ព្រោះប៉ះពាល់សុខភាពយើងក៏យើងអត់ដឹង។ ខ្ញុំធ្លាប់មុតអំបែងដប អំបែងអីហ្នឹងយើងចេញខ្លួនឯង បើខ្លាំងអាហ្នឹងខាងអង្គភាពជួយ

លោក ប៉ិច ណន កម្មករស្ដារលូនៅក្រុងភ្នំពេញ

កម្មករស្ដារលូម្នាក់​ទៀត លោក ឡាយ ណារ៉ូ ដែលកំពុងរៀបចំចុះស្ដារលូទាំងសម្លៀកបំពាក់មិនទាន់ស្ងួតទឹក និងមានប្រឡាក់ភក់ផងនោះនិយាយថា  លោកចុះស្ដារលូកន្លងមកមិនមានសម្លៀកបំពាក់ការពារនោះទេ គឺសម្លៀកពាក់ខោវអាវធម្មតាធ្វើការ។ បុរសសម្បុរខ្មៅស្រអែមអាយុ ៣៣ ឆ្នាំរូបនេះរៀបរាប់ថា រាល់ថ្ងៃនេះ លោកមានការបារម្ភដែរ​នៅពេលដែលចុះស្ដារលូ គឺខ្លាចឆក់ខ្សែភ្លើង មុតអំបែងដប ម្ជុល និងផលប៉ះពាល់សុខភាពនៅពេលអនាគត។

បារម្ភខ្សែភ្លើងវារត់កប់អញ្ចឹងៗខ្លាចឆក់ខ្លាចអីដែរ ខ្លាចដែកខ្លាចអីដែរ​ ប៉ុន្តែយើងចេះតែប្រយ័ត្នទៅ

កម្មករស្ដារលូម្នាក់​ទៀត លោក ឡាយ ណារ៉ូ

លោក ណារ៉ូ និយាយថា ​លោកធ្វើការជាអ្នកស្ដារលូនេះ ចំនួន ៤ ឆ្នាំមកហើយ ដោយទទួលបានប្រាក់ ៦០ ម៉ឺនរៀលក្នុងមួយខែដូចកម្មករដទៃទៀតដែរ។

មិនខុសពីលោក ណារ៉ូ កម្មករស្ដារលូម្នាក់ទៀត គឺ លោក យុំ សំ  រៀបរាប់ ខណៈដែលលោកទើបងើបឡើងពីការចុះស្ដារថា  ពួកគាត់ធ្វើការជាអ្នកស្ដារលូនេះ តាំងឆ្នាំ ១៩៩៧ ទើបទទួលបានខោវអាវការពារពីរដង គឺនៅឆ្នាំ២០១៦ ប្រទេសបារាំងជួយឧបត្ថម្ភ និងកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បុរសអាយុ ៤៨ ឆ្នាំរូបនេះនិយាយថា  ពួកគាត់ធ្វើការ រាល់ថ្ងៃនេះ មិនមានប័ណ្ណធានារ៉ាប់រងសុខភាព ឬ បេឡាជាតិរបបសន្តិសុខសង្គម ដូចកម្មករធ្វើការងារផ្សេងៗនោះទេ ដោយថា  នៅពេលឈឺឬមានមុតអំបែង និងម្ជុលពេលធ្វើការ គឺត្រូវចេញប្រាក់ខ្លួនឯង ដោយចំណាយចាប់ពី ៥ ម៉ឺនទៅ ១០ ម៉ឺនរៀល។​ ប៉ុន្តែបើករណីមុតខ្លាំងអង្គភាពជួយចេញខ្លះៗដែរ។

ចង់ដែរ ប៉ុន្តែមិនដឹងទំនាក់ទំនងទៅតាមខាងណា អត់មានគេគិតគួរឲ្យផង ! ចេះតែចង់បានហើយ ចង់បានឲ្យមានប័ណ្ណដូចគេ ដូចឯងទៅទៅ យើងទៅព្យាបាលវាអត់អស់លុយអត់អស់អីអញ្ចឹងទៅ។ យើងកម្មករមានលុយណាច្រើនសម្រាប់មើល

កម្មករស្ដារលូម្នាក់ទៀត គឺ លោក យុំ សំ អាយុ ៤៨ឆ្នាំ

នាយកអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា យល់ស្របចំពោះការស្នើសុំរបស់កម្មករដោយចង់ឲ្យរដ្ឋាភិបាលដាក់បញ្ជូនក្រុមកម្មករដែលធ្វើការស្ដារលូនេះចូលក្នុងក្របខ័ណ្ឌរដ្ឋ។ លោកស្នើទៅរដ្ឋាភិបាលឲ្យធ្វើការពិនិត្យមើលចំពោះការសំណើររបស់ក្រុមកម្មករ និងផ្ដល់សម្ភារការពារសុវត្តិភាពដល់ពួកគេ ដើម្បីបញ្ជៀសផលប៉ះពាល់សុខភាព​នាថ្ងៃអនាគត។

កាលណាយើងជំរុញឲ្យគេគោរពច្បាប់ការងារក៏ប៉ុន្តែយើងមិនបានគោរពច្បាប់កម្មករខ្លួនឯងផង ជារឿងមួយសម្រាប់គាត់ថាតើឲ្យវិស័យឯកជនគោរពម៉េច? បើខ្លួនឯងក្នុងនាមជារដ្ឋអ្នកអនុវត្តច្បាប់យើងអត់ព្រមគោរពច្បាប់កម្មករខ្លួនឯងផង។ទី២ គាំទ្រការដាក់បញ្ជូលទៅជាមន្ត្រីរាជការពេញសិទ្ធិ ឬមួយបើសិនជាអនុវត្តត្រូវតែមានការគោរពសិទ្ធិរបស់គាត់ផ្អែកទៅលើច្បាប់ស្ដីពីការងារច្បាស់លាស់អញ្ចឹងទៅ ជាពិសេសលក្ខខ័ណ្ឌនៃការផ្ដល់សម្ភារៈការពារដល់ពួកគាត់

នាយកអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា

ទាក់ទិននឹងកង្វល់និងការស្នើរបស់ក្រុមកម្មករស្ដារលូនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី មានប្រសាសន៍ថា  ប្រសិនបើក្រុមកម្មករជួបការលំបាកអ្វីពាក់ព័ន្ធនឹងការងារ លោកថា ពួកគេអាចដាក់សំណើរទៅកាន់ប្រធានអង្គភាពរបស់ខ្លួន ប៉ុន្តែករណីការស្នើសុំឲ្យដាក់បញ្ជូនក្នុងក្របខ័ណ្ឌរដ្ឋគឺរាជធានីភ្នំពេញធ្វើឲ្យទៅតាមគោលការណ៍។

អ្នកដែលមានបំណងធ្វើអាជីពជាមន្ត្រីរាជការ លោកត្រូវតែបំពេញតាមលក្ខខ័ណ្ឌកំណត់ មានន័យថា តាមការប្រឡងជ្រើសរើសអីផ្សេងៗអញ្ចឹងទៅ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី

បើតាមលោក ហាក់ គួចលីអ្នកគ្រប់គ្រងរយន្តថែទាំបណ្ដាញលូទឹកនៅទីក្រុងភ្នំពេញ ឲ្យដឹងថាក្នុងរាជធានីភ្នំពេញ​ ក្រុមអ្នកថែទាំបណ្ដាញ ឬស្ដារលូទឹកនៅទីក្រុងភ្នំពេញ មានចំនួន ២៨ នាក់ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ