អតីតបក្សប្រឆាំងថា នឹងចោទសួរ UN ពីភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

អតីតគណបក្សប្រឆាំង អះអាងថា ខ្លួននឹងដឹកនាំបាតុកម្មនៅមុខអង្គការសហប្រជាជាតិនាចុងខែនេះ ដើម្បីចោទសួរពីភាពស្របច្បាប់របស់តំណាងកម្ពុជា ចំពេល​ដែល​លោក ហ៊ុន សែន គ្រោងទៅថ្លែងនៅក្នុងកិច្ចប្រជុំនៅទីនោះ។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​នៅក្រោយកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃនេះ អនុប្រធានអតីត​គណបក្សសង្គ្រោះ​ជាតិ លោកស្រី មួរ សុខហួរ អះអាងថា ក្រុម​អ្នក​គាំ​ទ្រ​អតីតបក្ស​ប្រឆាំង​មួយ​នេះ​​ គ្រោង​រៀបចំ​បាតុកម្ម​នៅ​ទីស្នាក់ការ​កណ្ដាល​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​ស្រី​ឲ្យ​ដឹង​បន្ថែម​ថា អតីត​បក្ស​ប្រឆាំង​មួយ​នេះ គ្រោង​ចោទ​សួរ​ទៅ​អង្គការ​សហ​ប្រជាជាតិ​អំពី​ភាព​ស្រប​ច្បាប់​នៃ​តំណាង​កម្ពុជា​នៅ​ឯ​ស្ថាប័ន​កំពូល​មួយ​នេះ។

យើងនិយាយអំពីលទ្ធផលដែលយើងមិនអាចទទួលយកបានដាច់ខាត គឺលទ្ធផលនៃការបោះឆ្នោតក្លែងក្លាយ។ ដូច្នេះ មកបុរីញូវយ៉ក គឺសួរទៅអង្គការសហប្រជាតិថា តើតំណាងដែលមកអង្គុយកៅអីនៅអង្គការសហប្រជាជាតិ ជាតំណាងដែលជ្រើសរើសដោយពលរដ្ឋពិតប្រាកដ ឬអត់

អនុប្រធានអតីត​គណបក្សសង្គ្រោះ​ជាតិ លោកស្រី មួរ សុខហួរ

គម្រោងធ្វើបាតុកម្មរបស់អតីតគណបក្សសង្គ្រោះជាតិនេះ គឺគ្រោងធ្វើឡើងមួយថ្ងៃ នៅមុនពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងទៅថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិនាថ្ងៃទី២៩ខែកញ្ញា។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ដោយថា រដ្ឋាភិបាលថ្មីនៅអាណត្តិទី៦នេះ កើតចេញពីការបោះឆ្នោតដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកថា បាតុកម្មនៅមុខអង្គការសហប្រជាជាតិ នឹងមិនមានឥទ្ធិពលមកលើរដ្ឋាភិបាលថ្មី ឬជំរុញឲ្យអង្គការសហប្រជាជាតិចោទសួរពីបញ្ហានេះនោះទេ។

គាត់គ្មានសិទ្ធិអីទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស កុំថាគាត់សំណូមពរ គាត់ទៅដាក់លក្ខខណ្ឌអីក៏អត់បានដែរ  អត់ប្រយោជន៍ទេ បានសេចក្ដីថា អត់មានប្រសិទ្ធិភាពអីទាំងអស់ នរណាទទួលស្គាល់ពួកគាត់

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ វិភាគថា ការចោទសួរពីភាពស្របច្បាប់របស់តំណាងកម្ពុជាដែលឈានទៅរកវិធានការព្យួរអាសនៈ ទំនងជាពិបាកក្នុងការអនុវត្ត ពីព្រោះ វាចាំបាច់មានការបោះឆ្នោតសម្រេចដោយក្រុមប្រឹក្សាសន្ដិ​សុខអង្គការសហប្រជាតិ និងប្រទេសមហាអំណាចធំៗ ដែលពួកគេអាចប្រើប្រាស់សិទ្ធិវេតូ។

កញ្ញាថា៖ «យើងត្រូវតែមានការបោះឆ្នោតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ក្នុងនីតិវិធីហ្នឹងដែរ វាមានផលលំបាកការប្រើប្រាស់សិទ្ធិវេតូរបស់មហាអំណាចប្រាំទៀត។ ក្រោយពីមហាអំណាចប្រាំហ្នឹងយល់ព្រម ទម្រង់នៃការស្នើសុំព្យួរអាសនៈ ត្រូវបញ្ជូនទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ អញ្ចឹងគោលបំណងនៃការធ្វើបាតុកម្មដើម្បីអាចស្នើឲ្យមានការព្យួរអាសនៈរបស់កម្ពុជាណាមួយ វាអាចមានការពិបាក»

យ៉ាងណាក៏ដោយ ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៣កញ្ញាកន្លងទៅនេះ សភាអឺរ៉ុប បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ធ្ងន់​ធ្ងរ​ជុំ​វិញ​ការ​បោះ​ឆ្នោត និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ខែ​កក្កដា​កន្លងម​ក ដោយ​ថា ការ​បោះ​ឆ្នោត​នោះ​មិន​មាន​ភាព​សេរី និង​យុត្តិធម៌​នោះ​ឡើយ។

ក្នុងកិច្ចប្រជុំនេះផងដែរ តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini ក៏បានទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បើពុំនោះទេ សហភាពអឺរ៉ុបនឹងផ្ដាច់ជំនួយទាំងអស់ពីកម្ពុជា ដោយរួមទាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ទណ្ឌកម្មទិដ្ឋាការ ឬវិធានការចាំបាច់ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ