រដ្ឋាភិបាលចិន បានជម្រុញដល់រដ្ឋាភិបាលឥណ្ឌាឲ្យបង្កើតបរិយាកាសយុត្តិធម៌សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍របស់ខ្លួនដែលកំពុងធ្វើប្រតិបត្តិការណ៍ក្នុងប្រទេសឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក គឹង ស័ង បានអំពាវនាវបែបនេះក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក គឹង ស័ង
លោកបន្តទៀតថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងឥណ្ឌាគឺផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយឥឡូវនេះកិច្ចសហប្រតិបត្តិការទាំងនោះកំពុងដំណើរការយ៉ាងរលូន។
ការអំពាវនាវរបស់លោកអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលឥណ្ឌា បានដកសិទ្ធក្រុមហ៊ុនទូរគមនាគមន៍ធំៗពីររបស់ចិនគឺក្រុមហ៊ុន ZTE និង ក្រុមហ៊ុន Huawei មិនឲ្យមានការសាកល្បងបច្ចេកវិទ្យាអិនធឺណិត 5G ។ សេចក្តីសម្រេចរបស់ឥណ្ឌាធ្វើឡើងស្របពេលដែលអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ទាំងពីរនេះក្នុងការផ្តល់ឧបករណ៍បច្ចេកវិទ្យា 5G ដល់ក្រុមហ៊ុនទូរស័ព្ទចល័តក្នុងស្រុកដោយសារតែបារម្ភបញ្ហាសន្តិសុខជាតិ។
ជំនួយការសាស្រ្តចារ្យស្រាវជ្រាវនៃបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន លោក ធៀន គ័ងឈៀង បានលើកឡើងប្រាប់សារព័ត៌មាន Global Times របស់ចិនថា ឥណ្ឌាជាធម្មតាតែងតែហាមឃាត់ការវិនិយោគរបស់ចិនជាពិសេសនៅក្នុងវិស័យដែលមានបញ្ហារសើបដោយប្រើលេសសន្តិសុខជាតិស្របតាមគោលបំណងចង់ផ្គាប់ចិត្តសហរដ្ឋអាមេរិកដោយប្រកាន់យកជំហររឹងមាំប្រឆាំងនឹងប្រទេសចិន។
ក្រុមហ៊ុន ZTE និងក្រុមហ៊ុន Huawei ត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេសនិងប្រទេសដទៃផ្សេងទៀតក្នុងការលួចយកទិន្នន័យផ្ដល់ឲ្យរដ្ឋាភិបាលចិន។ ក្រុមហ៊ុនទាំងនេះក៏ដូចជារដ្ឋាភិបាលប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនេះ។