លោក ហ៊ុន សែន គ្រោងទៅថ្លែងនៅ UN ខណៈលោក សម រង្ស៊ី ត្រៀមធ្វើបាតុកម្ម

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន គ្រោងទៅថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិនាសប្ដាហ៍ក្រោយនេះ ខណៈ​ដែល​អតីតមេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានរូបលោកនៅទីនោះ​ផង​ដែរ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក​កាលពីម្សិលមិញថា លោកនឹងទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលស្ថិតលើទឹកដីសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនេះ។ លោកក៏សង្ឃឹមថា នឹងបានជួបជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផងដែរ។

លោក ហ៊ុន សែន សរសេរថា៖ 

មុនពេលចេញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ […] សង្ឃឹម​បានជួបបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនាពេលដ៏ខ្លីខាងមុខ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន

ខណៈ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​នោះ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងដឹកនាំក្រុមអ្នកគាំទ្រនៅក្រៅប្រទេស ទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅទីនោះ នាថ្ងៃទី២៨ ខែកញ្ញា និងទាមទារ​ទៅ​អង្គការ​សហ​ប្រជាជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

អតីតគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេនឹងចោទសួរអង្គការសហប្រជាជាតិអំពីភាពស្របច្បាប់នៃតំណាងកម្ពុជា ដែលគ្រោងទៅថ្លែងនៅអង្គការសហប្រជាជាតិនាចុងខែនេះ។

ប៉ុន្ដែ ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩កញ្ញាកន្លងមកនេះ លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗ តបទៅនឹងការលើកឡើងពីអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ដោយលោកថា គ្មានអ្នកណាថ្លើមធំហ៊ានដកអាសនៈកម្ពុជានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ