លោក មាជ សុវណ្ណារ៉ា ថា នឹងប្រាប់ UN ពីករណីចាប់លោកដាក់គុកទាំងអយុត្តិធម៌ 

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ(រូបFB Meach Sovannara)

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើប​តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ និងចាកចេញទៅក្រៅប្រទេស​នោះ បាន​អះអាងថា លោកនឹងថ្លែងប្រាប់អង្គការសហប្រជាជាតិអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការចាប់ខ្លួនលោកដាក់ពន្ធនាគារទាំងអយុត្តិធម៌​ផងដែរ។

លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​នៅថ្ងៃនេះថា លោកត្រូវបានអង្គការសិទ្ធិមនុស្សអន្ដរជាតិ អញ្ជើញទៅថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិនាថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។ លោកថា ការអញ្ជើញនេះ គឺព្រោះលោកជាអ្នកទោសនយោបាយ ដែលទើបចេញពីពន្ធនាគារ។

លោក មាជ សុវណ្ណារ៉ា ឲ្យ VOD ដឹងបន្ថែមថា លោកនឹងនិយាយពីបញ្ហារំលោភសិទ្ធិមនុស្ស ការចាប់លោកដាក់ពន្ធនាគារដោយបំពានច្បាប់ ដោយគ្រាន់តែលោកអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិ ការបំបិទសិទ្ធិមន្ដ្រីអតីតបក្សប្រឆាំង១១៨រូប មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ ការយាយីក្រុមអង្គការសង្គមស៊ិវិល និងសារព័ត៌មានជាដើម។

ទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការនិយាយស្ដីរបស់បងក្នុងនាមជាអ្នកមានសិទ្ធិចូលរួមសកម្មភាពនយោបាយ ហើយត្រូវបានគេរំលោភបំពាន ចាប់បងដាក់គុក។ គ្រាន់តែបងនិយាយអំពីសេរីភាព ត្រូវបានគេចាប់ដាក់គុកដល់ទៅ ៥ឆ្នាំ វាអយុត្តិធម៌ច្បាប់។ ច្បាប់មិនស្ថិតនៅលើនីតិរដ្ឋ វាស្ថិតនៅលើអំណាចរបស់អ្នកដឹកនាំ អំណាចផ្ដាច់ការ រំលោភអំណាច

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា

លោក មាជ សុវណ្ណារ៉ា អះអាងថា ​លោកមិនមានការព្រួយបារម្ភចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​មកលើរូបលោកនោះទេ ក្រោយពេល​លោក​ឡើង​ថ្លែង​រិះគន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដូច្នេះនោះ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក មាជ សុវណ្ណារ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទដឹកនាំ និងចូលរួមចលនាបាតុកម្ម​ហិង្សា បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលានប្រជាធិបតេយ្យចាស់ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។

ប៉ុន្ដែ លោក មាជ សុវណ្ណារ៉ា និងអតីតសកម្មជន ១២នាក់ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ ដែលជាប់ឃុំ ត្រូវតុលាការដោះលែងឲ្យមានសេរីភាព កាលពីចុងខែសីហាកន្លងទៅនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ