អាមេរិក​ថា​ទណ្ឌកម្មនៅ​​តែមាន បើកូរ៉េខាងជើង​​មិនបោះបង់​អាវុធនុយក្លេអ៊ែទាំងស្រុង​

លោក Mike Pompeo ជួបលោក Kim Jong Un កំឡុងខែ មេសា ២០១៨ (រូបភាព៖ time.com)

អាមេរិក ​នៅតែប្រកាន់​ជំហរថា​​ទណ្ឌកម្ម​ប្រឆាំងនឹងកូរ៉េខាងជើង​នឹងនៅតែមាន​ដរាបណាកូរ៉េ​ខាងជើង​មិ​នបោះបង់ចោល​​កម្ម​វិធីអាវុធនុយក្លេអ៊ែទាំងស្រុងនោះ។

ក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍ Fox News របស់​អាមេរិក​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក​ លោក ម៉ៃ ប៉ុម​​ភីអូ​ បាន​ថ្លែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិង​ការដាក់សម្ពាធនានា​ទៅលើកូរ៉េខាងជើងនឹងនៅតែមានប្រសិទ្ធភាព។ លោកបន្ថែម​ថា​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​​មិន​បន្ធូរបន្ថយ​ទណ្ឌកម្មណាមួយដល់​កូរ៉េ​ខាងជើងឡើយ ​​រហូតទាល់តែប្រទេសនេះ​គ្មានអាវុធនុយក្លេអ៊ែ។

រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិករូបនេះ បាន​បញ្ជាក់​បន្ថែម​ថា​ទណ្ឌកម្ម​ដែល​បាន​ដាក់​ទៅលើ​កូរ៉េខាងជើ​ងកន្លងមក​ជាកម្លាំង​ចលករមួយដែល​ធ្វើ​ឲ្យ​មេដឹកនាំកូរ៉េ​ខាងជើង​​ងាកមក​ចរចាររហូតដល់​មាន​លទ្ធផល​ជាវិជ្ជមាន​មួយចំនួន។

ការលើកឡើង​របស់រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិករូបនេះ ធ្វើ​ឡើងស្រប​ពេល​ដែលមេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពីការ​ប្តេជ្ញាចិត្តរបស់​​ក្នុងការ​លុប​បំបាត់​កម្មវិធីអាវុធនុយក្លេអ៊ែក្នុង​រយៈពេល​ចុងក្រោយនេះ។

កាលពីខែធ្នូ​ឆ្នាំមុន ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិបាន​ចេញសេចក្តីសម្រេចដោយ​បន្ថែម​នូវ​ទណ្ឌកម្ម​នានាប្រឆាំងនឹង​កូរ៉េ​ខាងជើង​បន្ទាប់​ពីកូរ៉េខាងជើង​បានបាញ់​​សាកល្បង​មីស៊ីល​ចំងាយឆ្ងាយរបស់​ខ្លួន​។ ទណ្ឌកម្ម​ទាំងនោះ​រួម​មាន​ការហាមប្រាមប្រទេស​ផ្សេងៗមិន​ឲ្យ​ធ្វើពាណិជ្ជកម្ម​ជាមួយកូរ៉េខាងជើង​ និង ទណ្ឌកម្ម​ផ្នែក​ថាមពលជាដើម។ សម្ភារនិង​ឧបករណ៍​ឧស្សាហកម្ម គ្រឿង​ម៉ាស៊ីន មធ្យោបាយ​ដឹក​ជញ្ជួន និង​លោហធាតុ​នានា ត្រូវបាន​ក្រុមប្រឹក្សាសន្តិ​សុខអង្គការសហប្រជាជាតិ​សម្រេច​មិន​ឲ្យ​នាំចូល​ទៅកូរ៉េខាងជើងនោះទេ។

ការផ្គត់​ផ្គង់​​ប្រេងសាំង ម៉ាស៊ូត  និងឥន្ធនៈ​នានា​ដទៃទៀតឲ្យកូរ៉េខាងជើង​ ​ត្រូវ​កាត់​បន្ថយ​រហូតដល់​៨៩ភាគរយ។ សេចក្តីសម្រេចដដែល​ក៏តម្រូវឱ្យបណ្តាប្រទេសនានាបញ្ឈប់នាវារបស់​ខ្លួន​ក្នុងការ​​ដឹកប្រេងដោយខុសច្បាប់ទៅឲ្យកូរ៉េខាងជើង ហើយហាមឃាត់ការ​រត់ពន្ធធ្យូងថ្មរបស់​កូរ៉េខាងជើង​និងទំនិញហាមឃាត់ដទៃទៀត។ ទណ្ឌកម្មនេះ ក៏តម្រូវឲ្យប្រទេសទាំងអស់ដែលមានពលករ​កូរ៉េខាងជើងកំពុងបំពេញ​ការងារ​ ឲ្យបញ្ជូន​ពូួកគេទាំងនោះត្រលប់​ទៅកូរ៉េខាងជើងវិញក្នុងរយៈពេល ២៤​ ខែ ហើយពលរដ្ឋកូរ៉េខាងជើងត្រូវហាម​ឃាត់​មិន​ឲ្យ​ចេញទៅ​ធ្វើការនៅប្រទេសផ្សេងទៀតបាន​ទេ​។ ជនជាតិកូរ៉េខាងជើង​ជិត​១០ម៉ឺននាក់​ដែល​ធ្វើ​ការ​នៅក្រៅប្រទេស​ បាន​ផ្ញើប្រាក់ប្រហែលជា​៥រយលាន​ដុល្លារក្នុងមូយឆ្នាំ​​ឲ្យគ្រួសារ​របស់​ខ្លួន​នៅក្នុងប្រទេស។ នេះបើ​តាមការបញ្ជាក់​របស់​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ​អ្នកស្រីនិកគី ហាឡី ។

គួរបញ្ជាក់​ថា​លោក ម៉ៃ ប៉ុម​​ភីអូ នឹង​ធ្វើ​ជា​ប្រធានកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​នៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ ដែល​លោក​នឹងយក​ឱកាសនោះដើម្បី​បញ្ជាក់​ប្រាប់ពិភពលោក​ថា​ទណ្ឌកម្មប្រឆាំងកូរ៉េ​ខាងជើង​នៅ​តែមានដដែល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ