ប្រជាសហគមន៍នេសាទអះអាងថា ពួកគេតែងតែរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រកបរបនេសាទខុសច្បាប់ នៅពេលដែលចុះទៅទប់ស្កាត់បទល្មើសនេសាទក្នុងសហគមន៍របស់ពួកគេម្តងៗ។
ក្នុងសិក្ខាសាលាមួយស្តីពីអភិវឌ្ឍន៍ជីវភាពរស់នៅ និងវិស័យជលផលប្រកបដោយនិរន្តរភាពក្នុងបឹងទន្លេសាប នៅថ្ងៃនេះ អនុប្រធានសហគមន៍នេសាទផាត់សណ្តាយក្នុងខេត្តកំពង់ធំអ្នកស្រី ឆេង គឹមហេង ប្រាប់វីអូឌីថា កន្លងមកពេលដែលសហគមន៍ចុះល្បាតជួបបទល្មើសម្តងៗគឺ អ្នកប្រព្រឹត្តល្មើសនេសាទទាំងនោះមិនខ្លាចញញើតទេ ហើយថែមទាំងប្រើពាក្យសម្តីជេរប្រមាថ និងគំរាមកំហែងក្នុងរូបភាពផ្សេងៗមកលើសហគមន៍ទៀតផង។
អនុប្រធានសហគមន៍នេសាទផាត់សណ្តាយក្នុងខេត្តកំពង់ធំអ្នកស្រី ឆេង គឹមហេង
អនុប្រធានសហគមន៍រូបនេះបន្តថា អ្នកប្រព្រឹត្តបទល្មើសហ៊ានប្រើពាក្យសម្តីគំរាមកំហែងបែបនេះ ដោយសារតែពួកគេមានខ្នងជាមន្រ្តីអាជ្ញាធរចាំកាងពីក្រោយ ដោយថា អ្នកនេសាទទាំងនោះហ៊ានប្រើឧបករណ៍នេសាទខុសច្បាប់បានដោយសារអាជ្ញាធររបើកដៃឲ្យរកស៊ីតាមរយៈការប្រព្រឹត្តអំពើពុករលួយដោយសូកលុយជាដើម។
ពលរដ្ឋសហគមន៍នេសាទម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងលោក កុយ តេង និយាយថា នៅសហគមន៍របស់គាត់នៅតែបន្តកើតមានបទល្មើសនេសាទកើតឡើងដែរ ប៉ុន្តែមិនមានច្រើនដូចពីមុននោះទេ។
លោកបន្តថា ពេលសហគមន៍ចុះល្បាតបទល្មើសម្តងៗ គឺបានជួបផលលំបាកច្រើនដូចជា ខ្វះថវិកាសម្រាប់ធ្វើដំណើរ សមត្ថកិច្ចពាក់ព័ន្ធចុះមកជួយអន្តរាគមន៍មិនទាន់ពេលវេលាដើម។
ពលរដ្ឋសហគមន៍នេសាទម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងលោក កុយ តេង
ប្រជាសហគមន៍ទាំងនោះស្នើទៅអង្គការពាក់ព័ន្ធ និងរដ្ឋាភិបាលជួយគាំទ្រថវិកាសម្រាប់ប្រតិបត្តិការចុះល្បាត ត្រូវការពារផ្លូវច្បាប់ចំពោះពួកគេ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះអន្តរាគមន៍ឲ្យទាន់ពេលវេលាពេលដែលមានសេចក្តីរាយការណ៍អំពីបទល្មើស។
ក្នុងសិក្ខាសាលានៅថ្ងៃនេះ ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងបានលើកឡើងប្រហាក់ប្រហែលគ្នាថា កន្លងរដ្ឋបាលជលបានខិតខំសហការជាមួយប្រជាសហគមន៍ និងបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ បានជាច្រើនករណី។
ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំលោក ប៉ែន ប៊ុនរិទ្ធ មានប្រសាសន៍ថា ករណីចុះប្រតិបត្តិការយឺតយ៉ាវនោះដោយសារមន្រ្តីរដ្ឋបាលជលមានតិចតួចពេក។
ប្រធានរដ្ឋបាលជលផលមកពីខេត្តកំពង់ធំលោក ប៉ែន ប៊ុនរិទ្ធ
ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលលោក ឱម សាវ៉ាត មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងរក្សាធនធានជលផលឲ្យមានប្រសិទ្ធិភាពរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចត្រូវមានកិច្ចសហការណ៍ល្អជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ត្រូវគាំទ្រផ្នែកថវិកាដល់ប្រជាសហគមន៍នេសាទ ផ្សព្វផ្សាយពីប៉ះពាល់ នៃការនេសាទច្បាប់ដល់ប្រជាសហគមន៍នេសាទឲ្យពួកគាត់បានដឹង។
ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលលោក ឱម សាវ៉ាត
ប្រធានអង្គការសម្ព័ន្ឋភាពដើម្បីអភិរក្សធនធានជលផលរូបនេះបន្តថា អង្គការរបស់លោក និងអង្គការដៃគូរពាក់ព័ន្ធផ្សេងទៀតនឹងខិតខំស្វែងរកមូលនិធិថវិកាដើម្បីជួយគាំទ្រដល់ប្រជាសហគមន៍នេសាទបន្តទៀត ខណៈលោកថា បច្ចុប្បន្នសហគមន៍នេសាទមានរហូតដល់៥១៦សហគមន៍ទូទាំងប្រទេស៕