រដ្ឋាភិបាលថា ការធ្វើជំរឿនឆ្នាំ២០១៩ ត្រូវចំណាយថវិកាខ្លួនឯងព្រោះគ្មានដៃគូជួយ

ពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន និងពិធីទទួលសម្ភារៈជំរឿនពីសាធារណរដ្ឋប្រជាមានិតចិននៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ កញ្ញា ២០១៨

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ការធ្វើជំរឿននៅឆ្នាំក្រោយនេះប្រព្រឹត្តទៅតាមការគ្រោងទុក ប៉ុន្ដែ រដ្ឋាភិបាលថា ត្រូវចំណាយថវិកាដោយខ្លួនឯង ព្រោះមិនមានដៃគូជួយនោះទេ។

ក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន និងពិធីទទួលសម្ភារៈជំរឿនពីសាធារណរដ្ឋប្រជាមានិតចិននៅរាជធានីភ្នំពេញ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាការជាតិជំរឿនទូទៅប្រជាជន លោក ឆាយ ថន មានប្រសាសន៍ថា ការធ្វើជំរឿននៅឆ្នាំ២០១៩ខាងមុខនេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យរដ្ឋាភិបាលអាចតាក់តែងគោលនយោបាយ និងស្របតាមគោលដៅរបស់រដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។លោកថ្លែងបន្ត​ថា នេះជាការធ្វើជំរឿនលើកដំបូងហើយ ដែលរដ្ឋាភិបាលសម្រេចចំណាយថវិកាដោយខ្លួនឯង ដោយសារមិនមានដៃគូជួយ។

ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩នេះ គឺជាជំរឿនលើកទី១ និងជាប្រវត្តិសាស្ដ្រដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចចំណាយថវិកាធ្វើដោយខ្លួនឯងដោយសារមិនមានដៃគូជួយ និងដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់១០ឆ្នាំម្ដង មិនអាចខ្វះបាន

រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាការជាតិជំរឿនទូទៅប្រជាជន លោក ឆាយ ថន

យ៉ាងណាក៏ដោយ នៅក្នុងពិធីនេះដែរ  មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានថ្លែងអរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយជាមធ្យោបាយធ្វើដំណើរដល់មន្ដ្រីដែលមានភារៈកិច្ចបំពេញការងារចុះស្រង់ទិន្នន័យ ស្ដិតិ និងការធ្វើជំរឿននេះ។

បើតាមរបាយការណ៍ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយដល់កម្ពុជា ដូចជា ម៉ូតូ៣០០គ្រឿង និងរថយន្ដ៥២គ្រឿង កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ពឯកសារ ម៉ាស៊ីនថតចម្លង និងម៉ាស៊ីន Server ជាដើម ដែលគិតជាទឹកប្រាក់សរុបមានចំនួន ២,៥លានដុល្លារអាមេរិក។

សូមជំរាបថា រដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើជំរឿនប្រជាជនជាលើកទី៣ ដែលការងារនេះមានរយៈពេល១០ថ្ងៃចាប់ផ្ដើមពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ខាងមុខ ខណៈរដ្ឋាភិបាលប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរនឹងកើនដល់ ១៦លាននាក់នៅឆ្នាំក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ