​មេដឹកនាំអាមេរិក​​គ្មាន​គម្រោងជួប​​មេដឹកនាំ​​​អុីរ៉ង់​ដើម្បី​បន្ថយ​ភាពតានតឹង​រវាងគ្នា​នោះទេ​

ប្រធានាធិបតី​អុីរ៉ង់ លោក ហាសសាន់ រ៉ូហានី និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ វេបសាយបរទេស)

ប្រធានា​ធិបតីសហរដ្ឋ​​អាមេរិក បាន​បញ្ជាក់​ថា​ជំនួបរវាង​លោក​និង​ប្រធានាធិបតី​អុីរ៉ង​នឹង​មិន​មាន​នោះ​ទេ បើ​ទោះបី​ជាទំនាក់​ទំនង​ប្រទេស​ទាំងពីរក្នុងពេល​នេះ​កំពុង​ឡើង​កម្ដៅ​ខ្លាំង​យ៉ាងណាក្តី។

លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋ​​អាមេរិក បាន​សរសេរនៅ​លើ​បណ្ដាញ​Twitter របស់​លោកកាល​ពីម្សិលមិញ​ថា ទោះបីជាមាន​ការស្នើសុំ​ជួប​គ្នា​ក៏ដោយ ក៏​លោក​មិនមាន​គម្រោង​ណាមួយដើម្បី​ជួបជជែក​ជាមួយ​ប្រធានាធិបតី​អុីរ៉ង់លោក ហាសសាន់ រ៉ូហានី​ ឡើយ។ លោក​ត្រាំបាន​បន្តថា​ជំនួប​អាច​នឹង​មាន​ក្នុងពេល​ណាមួយ​ ហើយ​លោក​ជឿជាក់​ថា​លោក​រ៉ូហានីជា​បុរស​ម្នាក់​ដែល​គួរឲ្យ​ស្រ​លាញ់។

ប៉ុន្តែក្នុងសុន្ទរកថាបើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៣ ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិកកាល​ពីម្សិលមិញ​ លោក ដូណាល់​ ត្រាំ​ក៏បាន​រិះគន់មេដឹកនាំ​​អីុរ៉ងធ្ងន់​ៗថា​មាន​មហិច្ឆិតា​ទុកអាវុធ​នុយក្លេអ៊ែ​។ លោកត្រាំ ​ក៏បាន​ចោទអីុរ៉ង់​ផងដែរ​ថា​ជាអ្នកបង្ក​បញ្ហានៅក្នុង​តំបន់​មជ្ឈឹម​បូពា៌ តាមរយៈការផ្ដល់​ការគាំទ្រ​ដល់​ក្រុម​យោ​ធានៅក្នុងប្រទេសស៊ីរី លេបាណន់​ និង យេ​មែន។

មិន​ត្រឹម​តែប៉ុណ្ណោះ​លោក​ ដូណាល់ ​ត្រាំ ថែម​ទាំងបាន​លើកសរសើរ​មេដឹក​នាំ​កំពូល​កូរ៉េ​ខាងជើង​លោក​ គីម​ ជុង​អ៊ុន ​ផង​ដែរថា​មាន​ភាព​ក្លាហាន​ក្នុង​ការដោះស្រាយ​បញ្ហា​វិបត្តិ​នុយក្លេអ៊ែរនៅឧបទ្វីប​កូរ៉េ។ លោកត្រាំ ក៏បាន​ជំរុញ​ឲ្យប្រទេសដទៃទៀត​ចូលរួម​ជាមួយ​ខ្លួន​ក្នុង​ការ​ដាក់​ទណ្ឌប្រឆាំង​អុី​រ៉ង់​ផងដែរ ដោយសារ​តែពេល​ថ្មី​ៗអីុរ៉ង់បាន​ចោទប្រកាន់​អាមេរិក​ថា​​ចង់​ផ្ដួលរំលំរដ្ឋាភិបាល​​អុីរ៉ង់សព្វថ្ងៃ។

ទណ្ឌកម្មសេដ្ឋកិច្ចរបស់​អាមេរិក​ប្រឆាំងនឹង​ប្រទេស​​អុីរ៉ង់ នឹង​ចាប់ផ្ដើមនៅខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។

ជាការឆ្លើយតប​ ​ក្នុង​​មហាសន្និបាតនោះដែរ​ ប្រធានាធិបតី​អុីរ៉ង់ លោក ហាសសាន់ រ៉ូហានី ថា​លោក​ក៏គ្មាន​បំណង​​នឹង​ថតរូប​​ជាមួយ​លោក​ដូណាល់​ត្រាំដែរ។ ចំពោះ​បញ្ហាអា​វុធនុយក្លេអ៊ែ ​លោក ហាសសាន់ រ៉ូហានី បាន​លើកឡើង​ថា​អាមេរិក​ទេ​ជា​អ្នកខុសព្រោះថា​អាមេរិក​ជាអ្នកដើ​រ​ចេញ​ពី​កិច្ច​ព្រម​ព្រៀងអន្តរជាតិឆ្នាំ២០១៥​ស្តី​នុយក្លេអ៊ែរ។

ប្រធានាធិបតី​អុីរ៉ង់ លោក ហាសសាន់ រ៉ូហានី ក៏បាន​លើក​ឡើង​ថា​ទណ្ឌកម្មរបស់​អាមេរិកដែល​ដាក់​មក​លើអុីរ៉ង់ជា​ភេរវកម្ម​ផ្នែក​សេដ្ឋកិច្ច​ដែល​ប្រឆាំងខ្លួន​។ លោក​ ហាសសាន់ រ៉ូហានី ក៏បាន​និយាយ​ឌឺដង​ទៅសហរដ្ឋ​អាមេរិក​ផង​ដែរ​ថា​សន្តិសុខពិភពលោក​កំពុង​តែ​ទទួល​រង​ការគំរាម​កំហែងដោយ​សារ​តែការប្រព្រឹត្តរបស់​ប្រទេសមួយចំនួន​ដែល​មិន​បាន​គោរព​នូវច្បាប់​និងស្ថាប័នអន្តរជាតិ។

សហរដ្ឋ​អាមេរិក និង​អីុរ៉ង់​កាន់​តែ​មើលមុខគ្នា​លែង​ត្រង់​ថែម​ទៀត​បន្ទាប់​ពី​មាន​ការវាយប្រហារ​ទៅ​លើក្បួន​ព្យុះ​យាត្រារបស់កង​ទ័ព​អីុរ៉ង់​​កាល​ពី​ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ដែល​បណ្ដាលឲ្យទាហាន​អីុរ៉ង់២៥នាក់​បាត់​បង់ជីវិត​និង​ជាង​៧០នាក់​ទៀត​រង​របួស​។

ទោះបី​ជា​មាន​ក្រុម​ភេរវករមួួយក្រុម​ ចេញ​មុខមក​​ទទួល​ខុសត្រូវ​ក៏ដោយ ក៏អីុរ៉ង់នៅតែចោ​ទថា​អាមេរិក អារ៉ាប់​ប៊ីសាអ៊ូឌីត​ រាជាណាចក្រអារ៉ាប់​រួម​ និង​អីុស្រាអែល​ជា​អ្នក​នៅ​ពីក្រោយ​ទៅ​វិញ។

ជាកាឆ្លើយតបអាមេរិក បានបដិសេធការចោទប្រកាន់​នេះ ហើយ​បាន​ប្រាប់​ទៅ​អុី​រ៉ង់​ថា​គួរឆ្លុះ​កញ្ចក់​មើ​ល​ខ្លួន​ឯង​ទៅផង សន្តិ​សុខប្រទេស​ខ្លួន​ឯងសោះហេតុអ្វី​បែរ​ជា​បន្ទោសប្រទេស​ដទៃ​ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ