ពលរដ្ឋពីរសហគមន៍ដែលត្រូវបានបណ្ដេញចេញស្នើ​ទៅរដ្ឋាភិបាលឲ្យ​ផ្ដល់សំណងបន្ថែមដល់ពួកគេ

ថ្ងៃទី ២៧ កញ្ញា ២០១៨ អតីតប្រជា​សហគមន៍បឹងកក់ និងបុរីកីឡា បាន​ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធឲ្យ​ពន្លឿនការដោះស្រាយបញ្ហាដីធ្លីដែលនៅសល់ឲ្យបានឆាប់ និងជួយផ្ដល់សំណងដល់ពួកគេបន្ថែម​ទៀតដោយថា បច្ចុប្បន្នពួកគេរស់នៅទីតាំងថ្មីដែលអាជ្ញាធរបញ្ជូនទៅនោះជួបការលំបាកច្រើន

ប្រជាសហគមន៍មួយចំនួនដែលត្រូវបានអាជ្ញាធរបណ្ដេញចេញទាំងបង្ខំ បានបន្តទទូចទាមទារទៅរដ្ឋាភិបាលឲ្យពិចារណាឡើងវិញក្នុងការផ្ដល់សំណងសមរម្យបន្ថែម​ទៀត​ដល់ពួកគេដើម្បី​អាចរក​ទីតាំងរស់នៅថ្មី ព្រោះថា​ទីតាំងដែល​​ពួកគេរស់នៅបច្ចុប្បន្នមិនអាចប្រកបមុខរប​រ​ចិញ្ចឹមជីវិតបាននោះទេ។

អតីតប្រជា​សហគមន៍បឹងកក់ និងបុរីកីឡា នៅថ្ងៃនេះ បាន​ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធឲ្យ​ពន្លឿនការដោះស្រាយបញ្ហាដីធ្លីដែលនៅសល់ឲ្យបានឆាប់ និងជួយផ្ដល់សំណងដល់ពួកគេបន្ថែម​ទៀតដោយថា បច្ចុប្បន្នពួកគេរស់នៅទីតាំងថ្មីដែលអាជ្ញាធរបញ្ជូនទៅនោះជួបការលំបាកច្រើន។​

​អ្នកស្រី​ ប៉ុល រឿន អាយុ ៨១ ឆ្នាំជាអតីតប្រជាសហគមន៍បឹងកក់ប្រាប់អ្នកសារព័ត៌មានថា គាត់ព្រមទទួលយកសំណងពីអាជ្ញាធរនិងក្រុមហ៊ុន ដោយសារគាត់ទទួលរងការគំរាមកំហែងពីអាជ្ញាធរ ខណៈដែលក្រុមហ៊ុនចេះតែបន្តបូមខ្សាច់ដាក់ពន្លិចផ្ទះរបស់ពួកគាត់ទាំងយប់។

អ្នកស្រី​ថា៖«ខ្ញុំចេញទៅទាំងទឹកភ្នែក ទាំងភ័យផ្ទះរលំទាំងកណ្ដាលយប់! សូមឲ្យលោក ហ៊ុន សែន ជួយដោះស្រាយឲ្យខ្ញុំបាននៅដូចគេ ដូចឯងផង។ ខ្ញុំសព្វថ្ងៃវេទនាណាស់ខ្លួនខ្ញុំចាស់មិនដឹងទៅធ្វើអីបាន! ខ្ញុំនៅទីនេះ ខ្ញុំរកស៊ីបានលក់អាវ លក់ខោវជ​ជុះអី ពេលឥឡូវមានកម្លាំងឯណាទៅធ្វើការក្រុមហ៊ុនបាននឹងគេអត់ ហើយឥឡូវសូមឲ្យលោក ហ៊ុន សែន ជួយដោះស្រាយឲ្យមានផ្ទះមានអីហ្នឹងគេផង»។

ពលម្នាក់ទៀត អ្នកស្រីអ៊ីម ស្រីទូច  ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធស្រដៀងគ្នា​នឹងអ្នកស្រី​​ ប៉ុល រឿន ដែរ។

 អ្នកស្រីថា៖«សូមឲ្យលោកជួយដោះស្រាយសំណងបន្ថែមដល់ពួកខ្ញុំពីតំបន់បឹងកក់ឆ្នាំ២០១០ ឆ្នាំ២០១១ កន្លងមកនេះ សូមឲ្យដោះស្រាយបន្ថែមដល់ពួកខ្ញុំ ដើម្បីឲ្យពួកខ្ញុំមាន ទទួលបានលំនៅឋាន និងជីវភាពល្អប្រសើរឡើងវិញ ដើម្បីបង្ហាញថារដ្ឋាភិបាលអាណាត្តិទី៦ នេះ គឺគោរពសិទ្ធិមនុស្ស គោរពសិទ្ធិលំនៅឋាន ហើយហ្នឹងសូមជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លីទូទាំងប្រទេសទាំងអស់ ដើម្បីឲ្យពួកយើងទទួលបានសិទ្ធិរស់រាន មានជីវិតផង»។​

អ្នកស្រី ភោគ សុភីន មកពីសហគមន៍បុរីកីឡាអះអាងថា មិនទាន់ទទួលបានសំណងស្នើទៅអាជ្ញាធរឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យគាត់បានឆាប់។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋតវ៉ា ដោយសារពួកគេមិនសុខចិត្ត​ចំពោះការដោះស្រាយរបស់អាជ្ញាធរ និងក្រុមហ៊ុនកន្លងមក​មិនមានភាពយុត្តិធម៌សម្រាប់ពួកគេនោះទេ។

លោកថា៖«ការដោះស្រាយទាំងអស់ហ្នឹង មិនមានភាពជ្រះស្រឡះ មិនមានភាពត្រឹមត្រូវមិនមានភាពយុត្តិធម៌ទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យគាត់មិនអស់ ដើម្បីរស់នៅក្នុងសង្គមមួយដែលគាត់អាចទទួលយកបានពីការដោះស្រាយទាំងអស់ហ្នឹង។យើងឃើញថា ការដោះស្រាយមកដល់ពេលនេះ ឃើញថាអាជ្ញាធរតែងតែមានការគេចវេសហើយ តែងតែយកហេតុផលនេះហេតុផលនោះមិនទទួលខុសត្រូវទៅលើបញ្ហាទាំងអស់ហ្នឹង។ យោបល់ខ្ញុំស្នើទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រុមហ៊ុនក្ដីពិនិត្យមើលទៅលើការស្នើសុំរបស់ពួកគាត់ឡើងវិញ ដើម្បីដោះស្រាយបញ្ចប់បញ្ហាទាំងអស់ហ្នឹង កុំឲ្យមានការទាមទារតវ៉ាបន្តទៀត»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ចំណែកឯអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មិនធ្វើការត្ថាធិប្បាយ។

នៅចុងឆ្នាំ២០០៨ រដ្ឋាភិបាលផ្ដល់ដីសម្បទានសង្គមកិច្ចឲ្យក្រុមហ៊ុន ស៊ូកាកូអ៊ីន ធ្វើការអភិវឌ្ឍនៅតំបន់បឹងកក់បានប៉ះពាល់ជាង៤០០០គ្រួសា ពេលនោះក្រុមហ៊ុនបានបូមខ្សាច់បានចាក់ពន្លិចនិងបណ្ដេញពលរដ្ឋចេញពីភូមិ ។ បើតាមពលរដ្ឋ ពួកគេ ៣ ០០០ គ្រួសារត្រូវបានអាជ្ញាធរ បណ្ដេញចេញទាំងបង្ខំ ដោយផ្ដល់សំណងឲ្យក្នុងមួយគ្រួសារ ៨០០០ ដុល្លារ និងលុយខ្មែរ២លានរៀល។

ចំណែកឯ​ក្រុមពលរដ្ឋអតីតបុរីកីឡាវិញ អះអាងថា ក្រុមហ៊ុន​ ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១៧៧៦គ្រួសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ។

នៅឆ្នាំ២០១២ ក្រុមហ៊ុនបានធ្វើឈូសឆាយ និងបណ្ដេញប្រជាពលរដ្ឋសហគមន៍បុរីកីឡា​ ៣៨០ គ្រួសារ ចេញទាំងបង្ខំ ដោយក្នុងនោះជាពលរដ្ឋជាង ១០០គ្រួសារ ត្រូវក្រុមហ៊ុនដឹកឲ្យទៅឲ្យរស់នៅខេត្តកណ្ដាល​ និងសល់ជាង១០០ បាននាំគ្នាធ្វើតវ៉ារហូតដល់អ្នកខ្លះទទួលបានសំណងហើយអ្នកខ្លះអះអាងថាមិនទាន់ទទួលបានសំណងនៅឡើយ៕​

ថ្ងៃទី ២៧ កញ្ញា ២០១៨ អតីតប្រជា​សហគមន៍បឹងកក់ និងបុរីកីឡា បាន​ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធឲ្យ​ពន្លឿនការដោះស្រាយបញ្ហាដីធ្លីដែលនៅសល់ឲ្យបានឆាប់ និងជួយផ្ដល់សំណងដល់ពួកគេបន្ថែម​ទៀតដោយថា បច្ចុប្បន្នពួកគេរស់នៅទីតាំងថ្មីដែលអាជ្ញាធរបញ្ជូនទៅនោះជួបការលំបាកច្រើន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ