អាជ្ញាធរចាក់អង្រែលើរារាំងពលរដ្ឋមិនឲ្យធ្វើពិធីសូត្រមន្តតាមបែបសាសនាពេលប្រារព្ធ​ទិវាសិទ្ធិលំនៅឋាន

អាជ្ញាធរសង្កាត់ចាក់អង្រែលើរារាំងមិនឲ្យសហគមន៍ក្រីក្រមួយ ធ្វើពិធីសូត្រមន្តតាមបែបសាសនា ដើម្បីគោរពទិវាសិទ្ធិលំនៅឋានពិភពលោក ក្រោមហេតុផលថា ពលរដ្ឋទាំងនោះមិនបានជូនដំណឹងជាមុន

អាជ្ញាធរសង្កាត់ចាក់អង្រែលើរារាំងមិនឲ្យសហគមន៍ក្រីក្រមួយ ធ្វើពិធីសូត្រមន្តតាមបែបសាសនា ដើម្បីគោរពទិវាសិទ្ធិលំនៅឋានពិភពលោក ក្រោមហេតុផលថា ពលរដ្ឋទាំងនោះមិនបានជូនដំណឹងជាមុន។

ពលរដ្ឋសហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃនេះបាននាំគ្នាប្រារពទិវាសិទ្ធលំនៅឋានពិភពលោកដោយមានអ្នកចូលរួមមានគ្នាប្រហែលជាង​៣០នាក់។ ពួកគេបាននិមន្ត​ព្រះសង្ឃដើម្បី​ធ្វើពិធីសូត្រមន្តតាមបែបសាសនា​ ប៉ុន្តែពេលកំពុងជួបជុំគ្នាត្រូវបានអាជ្ញាធរសង្កាត់ចាក់អង្រែលើហាមឃាត់ និងហៅតំណាងពលរដ្ឋទៅធ្វើកិច្ចសន្យាថែមទៀត។

អាជ្ញាធរសង្កាត់ចាក់អង្រែលើរារាំងមិនឲ្យសហគមន៍ក្រីក្រមួយ ធ្វើពិធីសូត្រមន្តតាមបែបសាសនា ដើម្បីគោរពទិវាសិទ្ធិលំនៅឋានពិភពលោក ក្រោមហេតុផលថា ពលរដ្ឋទាំងនោះមិនបានជូនដំណឹងជាមុន

ពលរដ្ឋម្នាក់លោក ខាយ ចាន់ណារិទ្ធ និយាយថា គម្រោងធ្វើពិធីគោរពទិវាសិទ្ធិលំនៅឋាននេះ គឺប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃ២អង្គ និងមនុស្សចាស់ជរា រួមទាំងក្មេងៗក្នុងសហគមន៍ធ្វើពិធីសូត្រមន្ត បង្សុកូល ហើយក្រោយចប់កម្មវិធីនោះនឹងនាំគ្នាសម្អាត់បរិស្ថានក្នុងសហគមន៍ ប៉ុន្តែកម្មវិធីត្រូវបានលុបចោលវិញដោយសារចៅសង្កាត់ចាក់អង្រែលើមិនអនុញ្ញាត។

លោកបន្ថែមថា«យើងសុំច្បាប់គេហើយ ប៉ុន្តែគេថាយើងមិនទាន់បានសុំ។ ឥលូវអ្នកសុំច្បាប់គេទៅ​សង្កាត់មិនទាន់មកវិញទេ។ ហើយពួកខ្ញុំនៅក្នុងសហគមន៍នេះមិនដឹងថា គេឃាត់យើងមិននេះដោយសារមូលហេតុអ្វីទេ? ហើយយើងប្រារពពិធីនេះដើម្បី បរិស្ថានស្អាត និងសុំសេចក្តីសុខសប្បាយក្នុងភូមិ ឥលូវដល់ពេលគេឃាត់អញ្ចឹងអត់មានព្រះសង្ឃអីសូត្រមន្តទេ អាចារ្យក៏អត់ ?រត់ចែកជើងគ្នាអស់ហើយ»

ពលរដ្ឋមកពីសហគមន៍ផ្សេងដែលចូលរួមកម្មវិធីនេះអ្នកស្រី ស សន និយាយថា នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធររារាំងពលរដ្ឋមិនឲ្យធ្វើពិធីផ្សេងៗក្រោមហេតុផលថា មិនបានជូនដំណឹងជាមុននោះ។

សកម្មជនដីធ្លីរូបនេះបន្តថា ពួកគាត់ជាអ្នកងាយរងគ្រោះដីធ្លី ឬ អ្នកបានបាត់បង់ដីធ្លីត្រូវតែប្រារព្ធទិវាសិទ្ធិលំនៅឋាននេះដើម្បីបង្ហាញសារដល់រដ្ឋាភិបាលឲ្យដឹងអំពីផលលំបាករបស់ពលរដ្ឋបាតបង់ដីធ្លី និងលំនៅឋាន។

អ្នកស្រីបន្ថែមថា«ខ្ញុំចង់ពួកគាត់ដឹងថា សិទ្ធិលំនៅឋាននេះមិនមែនតែនៅប្រទេសខ្មែរទេ គឺសិទ្ធិលំនៅឋានពិភពលោក។ អញ្ចឹងគ្រប់ប្រទេសនៅលើពិភពលោកគេធ្វើ អញ្ចឹងពួកខ្ញុំក៏អាចធ្វើបានដែរ ដើម្បីរំឮកទៅរដ្ឋាភិបាលថា ប្រជាពលរដ្ឋត្រូវការសិទ្ធិលំនៅឋាន សម្រប់រស់រានមានជីវិត សិទ្ធិទទួលលំនៅឋានសមរម្យ សិទ្ធិអភិវឌ្ឍន៍នៅហ្នឹងកន្លែង»

វិអូឌីមិនអាចសុំការឆ្លើយតបពីចៅសង្កាត់ចាក់អង្រែក្រោម លោក កែវ សាវឿន បានទេជុំវិញហាមឃាត់មិនឲ្យពលរដ្ឋធ្វើពិធិសូត្រមន្តនេះ ប៉ុន្តែមេប៉ុសិ៍្ត​សង្កាត់ចាក់អង្រែលើលោក អ៊ុំ រតនា ដែលចុះហាមឃាត់នោះប្រាប់វីអូឌីយ៉ាងខ្លីថា អាជ្ញាធររារាំង ដោយសារពលរដ្ឋទាំងនោះមិនជូនដំណឹងទៅអាជ្ញាធរមុន។

លោកថា«ដោយសារពួកគាត់អត់ជូនដំណឹងទៅអាជ្ញាធរ»

អ្នកនាំពាក្យសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តាមច្បាប់បាតុកម្ម បើពលរដ្ឋ ជួបជុំគ្នាដោយមានព្រះសង្ឃធ្វើពិធីសូត្រមន្ត បង្សុកូលផ្សេងៗ មិនចាំបាច់ជូនដំណឹងទេ។

លោកបន្តថា​ ករណីអាជ្ញាធរសង្កាត់ចាក់អង្រែលើហាមឃាត់ពលរដ្ឋសហគមន៍ព្រែតាគង់ផ្លូវ៦០ម៉ែត្រមិនឲ្យប្រារព្ធទិវាទសិទ្ធិលំនៅឋាននោះគឺជាការរំលោភសិទ្ធិពលរដ្ឋ។

លោកបន្ថែមថា«ពាក់ព័ន្ធហ្នឹងរឿងនេះយើងឃើញថា មួយរយៈការចុងក្រោយនេះ ប្រទេសកម្ពុជាយើងហ្នឹងមានលក្ខណៈរិតត្បិត ទៅលើសិទ្ធិសេរីភាពមូលដ្ឋាន សេរីភាពមូលដ្ឋានហ្នឹង រួមទាំងសេរីភាពក្នុងការជួបជុំ ដើម្បីទាមទារតវ៉ាអីទាំងអស់ហ្នឹងហើយ។     អញ្ចឹងទៅយើងមើលឃើញថា សេរីភាពមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ ហើយកាលណាមានការរឹតត្បិតបែបនេះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាសហគមន៍ដែលគាត់កំពុងតែរៀបចំនោះហើយ»

កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា​កន្លងទៅ​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង បញ្ជាក់​ថា សមាគម​នៅ​ថ្នាក់​មូលដ្ឋានអាច​ធ្វើ​សកម្មភាព​បានដោយ​មិន​តម្រូវ​ឲ្យ​ពួក​គេ​មក​ចុះ​បញ្ជី​នៅ​​ក្រសួ​ង​មហាផ្ទៃ​ទេ ហើយ​ថារាល់​ការ​ធ្វើសកម្មភាពរបស់​សមាគម ឬ​អង្គការក៏​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​ដែរ ដោយ​ថាគ្រាន់​តែ​ជូន​ដំណឹង​​៣ថ្ងៃមុនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ