លោក ហ៊ុន សែន គំរាមទម្លាយលិខិតទទួលស្គាល់កំហុសរបស់មន្ត្រី​ជាន់​ខ្ពស់​បក្សប្រឆាំង

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ(រូបFB Meach Sovannara)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានបញ្ចេញលិខិតទទួលស្គាល់ទោស​កំហុសរបស់អតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង ២រូប គឺលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​លើក​លែង​ទោស​មក​នោះ។

ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររស់នៅ​សហរដ្ឋអាមេរិកនៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងវាយប្រហារនយោបាយរបស់អតីតបក្សប្រឆាំងនៅក្រៅប្រទេស ហើយលោកថែមទាំងបានគំរាមទម្លាយលិខិតទទួលស្គាល់ទោស​កំហុស និងសុំលើកលែងទោសរបស់លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ជាសាធារណៈទៀតផង។

ថ្លែងក្នុងពិធីនេះ លោក ហ៊ុន សែន ថ្លែងថា៖ «ដូច្នេះករណីលោក អ៊ុំ សំអាន បានទទួលស្គាល់ថា ខ្លួនខុស សូមផ្ដាំទៅលោក អ៊ុំ សំអាន សូមកុំភ្លេចឲ្យសោះ នូវលិខិតដែលលោកបានផ្ញើ ហើយបានចុះហត្ថលេខា។ បើចង់លោកចង់ឃើញ យើងនឹងផ្សាយរហូត។ លោក មាជ សុវណ្ណារ៉ា និងអ្នកដទៃទៀត កុំភ្លេចថា លោកបាននិយាយថា ការធ្វើរបស់លោក គឺជាការខុស ហើយលោកមិនបន្ដទៀតទេ»។​

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និងអតីតសកម្មជន​ ១២នាក់ទៀត​របស់​អតីតគណបក្សប្រឆាំង ត្រូវបាន​តុលាការដោះលែងឲ្យមានសេរីភាព កាលពីចុងខែសីហាកន្លងទៅ បន្ទាប់​ពី​ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​តាម​សំណើ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ