ក្រុម​សិទ្ធិ​មនុស្ស​អន្ដរជាតិរិះគន់ UN ថា មានវិធានការទន់ខ្សោយចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ថា មានវិធានការទន់ខ្សោយចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញាថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានវិធានការទន់ខ្សោយ មិនអាចជំរុញឲ្យរដ្ឋាភិបាលកម្ពុជាងាកទៅ​គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពិតប្រាកដ។

ការលើកឡើងរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិនេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី រ៉ូណា ស្មីត ដែលបានបង្ហាញរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោតនៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៣៦នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ខែ​កញ្ញា។

ក្នុងកិច្ចប្រជុំនោះ លោកស្រី រ៉ូណា ស្មីត បានចោទសួរពីភាពត្រឹមត្រូវនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ខណៈលោកស្រីរកឃើញថា បោះឆ្នោតនៅកម្ពុជាកន្លងមកនេះ ពោរពេញដោយការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញបោះឆ្នោត ការបិទប្រព័ន្ធផ្សព្វផ្សាយ ការយាយីអង្គការសង្គមស៊ីវិល និងការរំលាយគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ