នាយក​រដ្ឋ​មន្រ្តី​វ័យ​​៩៣ឆ្នាំ​ម៉ាឡេស៊ីថា​ក្រុមប្រឹក្សាសន្តិសុខ ​អ.ស.ប ត្រូវតែធ្វើកំណែ​​ទម្រង់

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក មហាធៀ មហាម៉េដ ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​លើក​លើកទី៧៣របស់អង្គការ​សហប្រជាជាតិនាទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ វេបសាយបរទេស)

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក មហាធៀ មហាម៉េដ  បាន​លើកឡើង​ថា​ក្រុម​ប្រឹក្សា​សន្តិ​សុ​ខអង្គការ​សហប្រជា​ជាតិ​ចាំបាច់​ត្រូវតែធ្វើ​កំណែទម្រង់។

លោក មហាធៀ បាន​ស្នើបែបនេះក្នុង​​ពេល​ដែល​លោកថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​លើក​លើកទី៧៣របស់អង្គការ​សហប្រជាជាតិនាទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៨។ ​

ក្នុង​មហាសន្និបាត​នោះ នាយករដ្ឋមន្រ្តី​វ័យ​​​៩៣ឆ្នាំរូបនេះ បាន​លើកសរសើរ​ពី​កិច្ច​ខិតខំប្រឹងប្រែងកន្លងមក​​របស់​អង្គការសហប្រជាជាតិ​ដើម្បីលុបបំបាត់​ភាពក្រីក្រ ការពារ​បរិស្ថាន​ ក៏ដូចជារក្សា​ការពារ​សន្តិសុខនិងសន្តិភាព​ពិភពលោក ប៉ុន្តែ​លោកក៏​​បាន​ស្នើ​ដោយត្រង់​ៗថាអង្គការសហប្រជាជាតិត្រូវតែធ្វើ​កំណែទម្រង់​ជាពិសេស​គឺ​ក្រុមប្រឹក្សាសន្តិសុខរបស់​ស្ថាប័ននេះតែម្តង។

លោកលើកឡើង​ថា ​ប្រទេស​៥ដែល​ឈ្នះ​​សង្រ្គាម(សង្រ្គាម​លោកលើកទី២) ​តាំងពី​៧០ឆ្នាំមុន មិន​អាច​មាន​សិទ្ធិ​បង្ខំ​ឲ្យ​ប្រទេសណាមួយ​ធ្វើ​អ្វី​តាម​តែចិត្ត​​ខ្លួន​ចង់​បាន​ជារៀង​រហូត​នោះ​ទេ។ លោកបន្ត​ថា​ប្រទេស​ទាំងនោះ ​ក៏មិន​អាចអះអាង​ផ្ដាច់មុខថាខ្លួន​​ជាប្រទេស​ដែលមាន​លក្ខណៈសម្បត្តិ​​ល្អជាងប្រទេសដទៃក្នុង​ការផ្សព្វផ្សាយ​លទ្ធិប្រជាធិបតេយ្យ ​និង​ការផ្លាស់​ប្តូរ​​របប​ក្នុងប្រទេស​ផ្សងៗ​លើពិភពលោក​បាន​ទេ ប្រសិន​ណាបើ​ពួកគេមិន​ធ្វើ​ឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុង​ស្ថាប័ននេះ​ជាមុននោះទេ។

ក្នុងមហាសន្និបាតនោះ លោក​ មហា​ធៀ ក៏​បាន​ស្នើ​ជា​យន្តការមួយចំនួន​ក្នុងការធ្វើ​កំណែទម្រង់​ក្រុម​ប្រឹក្សានេះផងដែរ។ លោកផ្ដល់​ជាយោ​បល់​ ថា​សមាជិក​អចិន្រៃ្តយ៍នៃក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការសហប្រជាជាតិ​តែមួយប្រទេសមិន​អាច​មាន​សិទ្ធិ​វេតូ​(សិទ្ធិ​បដិសេធ)​ លើ​សេចក្តី​ណាមួយរបស់​ក្រុម​ប្រឹក្សា​នេះបាន​ទេ ប៉ុន្តែ​ការបដិសេធធ្វើឡើងទៅបាន​លុះត្រាណា​តែមានការយល់​ស្រប​គ្នា​រវាង​​​​សមាជិក​អចិន្រៃ្តយ៍​យ៉ាងហោចចាប់​ពីពីរឡើងទៅ និង​​សមាជិកមិន​​អចិន្រៃ្តយ៍ចំនួន​បីគាំទ្រ ហើយ​ត្រូវមាន​ការ​ព្រមព្រៀង​​ពីសមាជិក​ភាគ​ច្រើន​នៃ​មហាសន្និ​បាត​អង្គការសហប្រជា​ជាតិ​ផងដែរ។​

សមាជិក​អចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ មាន​៥ប្រទេស​គឺ​អាមេរិក អង់គ្លេស​ បារាំង រុស្ស៊ី និង​ចិន និងសមាជិក​មិនអចិន្រៃ្តយ៍ចំនួន​១០ប្រទេស​ដែល​ត្រូវបានបោះឆ្នោត​រាល់​ ​២ឆ្នាំម្តង​​។ តាម​គោលការណ៍បច្ចុប្បន្នរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សេចក្តីសម្រេច​ណាមួយ​នឹងមិន​អាច​កើតមាន​នោះទេប្រសិន ​បើ​សមាជិក​អចិន្រៃ្តយ៍ណាមួយ​បដិសេធ។

ទោះយ៉ាងណាលោកមហាធៀ ក៏​ទទួលស្គាល់​ថាពិភពលោក​បើគ្មាន​អង្គការសហប្រជាជាតិ​ទេនឹងជួប​គ្រោះ​មហន្តរាយ​ តែ​ដើម្បី​ធានា​ពីនិរន្តរភាព អង្គការនេះ​ត្រូវ​ការ​ថវិកាទ្រទ្រង់ឲ្យបាន​គ្រប់​គ្រាន់​។ លោក​ក៏បានបន្ថែម​ដែរថា​មិនគួរមាន​ប្រទេស​ណាមួយ​គំរាម​កំហែងនិរន្តន៍ភាពរបស់​​អង្គការ​នេះដោយ​យក​លេស​ហិរញ្ញវត្ថុមកប្រើ​នោះ​ទេ។ ការថ្លែង​របស់​លោក ​មហា​ធៀបែបនេះ​ ហាក់​ធ្វើ​ឡើង​ជាការឌឺដងដល់​សហរដ្ឋ​អាមេរិក​ដែល​កាលពីចុងឆ្នាំ២០១៧កន្លង​ទៅ បាន​កាត់​បន្ថយ​ជំនួយ​ដល់​អង្គការសហប្រជាជាតិ​ បន្ទាប់​ពីប្រទេស​ជាសមាជិកចំនួន​១២០របស់អង្គការ​អន្តរជាតិ​ដ៏​ធំ​ជាងគេមួយនេះ បាន​រិះគន់​និង​មិនយល់​ស្រប​ជាមួយ​អាមេរិក​ដែល​ទទួល​ស្គាល់​ទីក្រុង​យេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអុី​ស្រាអែល។

ក្រៅការស្នើ​ឲ្យមានការធ្វើ​​កំណែទម្រង់​​ក្រុមប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាជាតិ​ ​លោកមហាធៀ ក៏​បាន​រិះគន់​ផង​ដែ​រពីភាពព្រងើយកន្តើយរបស់​ពិភពលោក​​ចំពោះ​បញ្ហាជនជាតិ​​ប៉ាលេស្ទីន​ដែល​ត្រូវទទូល​រង​ការធ្វើ​ទុក​បុក​ម្នេញ​ពីសំណាក់​រដ្ឋាភិបាល​អីុស្រាអែល។ លោក​ថា​ពិភពលោក​មិន​បាន​ចាត់​វិធានការ​អ្វីចំពោះ​អីុស្រាអែលសោះ តែ​បែរជា​ផ្ដល់​ជាអំណោយ​មួយដ៏ពិសេសដល់​អីុស្រាអែលទៅវិញពោលគឺការ​ទទួល​ស្គាល់​​ទីក្រុង​យេរូសាឡឹមជារដ្ឋធានីរបស់​ប្រទេសនេះ។

លោក មហាធៀ ក៏បាន​រំលឹកផងដែរ​ថា​បញ្ហា​ភេរវកម្ម​នឹង​នៅ​តែ​មាន​បើ​ពិភពលោក​មិន​ស្វែង​រកមួល​ហេតុ​ដែល​ជា​ឬសគល់​នៃ​បញ្ហានេះទេ។ ចំពោះ លោក មហាធៀ ដើម​ចម​ដែល​បង្កើតឲ្យមានក្រុម​ភេវរករ​គឺកើត​ចេញ​ពីការ​រឹបអូស​យក​ដី​ពីជនជាតិ​ប៉ាឡេស្ទីន​នៅឆ្នាំ​១៩៤៨​ដើម្បី​បង្កើតជា​​ប្រទេស​​​អីុស្រាអែល​។ លោកបន្តថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ ពិភពលោក​ត្រូវ​អនុញ្ញាតឲ្យជនជាតិ​ប៉ាឡេស្ទីន​ទៅ​រស់​នៅ​លើទឹក​ដីខ្លួន​វិញ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​បង្កើត​ជារដ្ឋ​មួយ​ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ