តុលាការកំពូលបញ្ជូនសំណុំរឿងលោក នី ចរិយា ឲ្យ​សាលាឧទ្ធរណ៍វិនិច្ឆ័យ​ឡើងវិញ

(កណ្ដាល) លោក នី ចរិយា អតីតមន្រ្តីអាដហុក។

តុលាការកំពូល ​នៅថ្ងៃនេះ បានសម្រេច​ឲ្យ​សាលា​ឧទ្ធរណ៍​វិនិច្ឆ័យ​ឡើង​វិញ​នូវ​សំណុំ​រឿង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ត្រូវ​បាន​​មន្ត្រីតុលាការខេត្តសៀមរាបពីររូប ប្តឹងពីបទបរិហារកេរ្តិ៍។

អតីត​មន្ត្រី​អាដហុក លោក នី ចរិយា ដែល​បច្ចុប្បន្ន​ជា​អគ្គ​លេខាធិការ​រង គ.ជ.ប. ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ដូច​ទៅ​នឹង​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ដែល​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ប្រាក់ ៦​លាន​រៀល នៅ​ក្នុង​បណ្ដឹង​បរិហារ​កេរ្តិ៍​ដែល​ប្ដឹង​ដោយ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប។

មេធាវីការពារក្ដីឲ្យ​លោក នី ចរិយា គឺ​លោក សំ សុគង់ បាន​ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមជំនុំជម្រះតុលាការ​កំពូល បានសម្រេចបញ្ជូនសំណុំរឿងនេះកូនក្ដីរបស់លោក ទៅឲ្យសាលា​ឧទ្ធរណ៍បើកសវនាការឡើងវិញ ដោយតុលាការសំអាងថា ការសម្រេចសេចក្ដីរបស់តុលាការថ្នាក់ក្រោមកន្លងមក ធ្វើឡើងមិនទាន់ត្រឹមត្រូវតាមអង្គច្បាប់ ខណៈភស្តុតាងមួយចំនួនដែលដើមបណ្ដឹងបានដាក់ទៅតុលាការទាំងអស់ គឺរកមិនឃើញថា លោកកូនក្ដីលោកបានប្រព្រឹត្តបទល្មើសនោះទេ។

លោកថា៖ «អត់មានភស្តុតាងគ្រប់គ្រាន់ ចំណុចទី២ ឲ្យពិនិត្យសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើបណ្ដឹងអន្តរាគមន៍ទៅស្ថាប័នរដ្ឋ ទី៣ ឲ្យមានការផ្ទៀងផ្ទាត់អូរីយោល នៅពេលដែលមានការថតសំឡេង នៅពេលធ្វើសន្និសទីកាសែត និងអត្ថបទ​សារព័ត៌មាន ហើយនិងចម្លើយរបស់កូនក្ដីដែលមានលក្ខណៈសង្ស័យ»។

លោក នី ចរិយា ត្រូវ​បាន​​លោក សុក កែវបណ្ឌិត និង​លោក គី ឬទ្ធី ដែល​ជា​អតីត​ព្រះ​រាជ​អាជ្ញារង និង​ចៅក្រម​ស៊ើប​សួរ ប្រចាំ​នៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ប្ដឹង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៥​កន្លង​មក ដោយ​ចោទ​ថា បរិហារ​កេរ្តិ៍​ពួកគេ ក្រោយ​ពី​​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា មន្ត្រីតុលាការខេត្តសៀមរាប ចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីអយុត្តិធម៌ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​រវាង​ប្រជាពល​រដ្ឋ​ និង​សហគមន៍​តាខ្មៅ ក្នុង​ខេត្ត​សៀមរាប​។

ក្រៅ​ពី​សំណុំ​រឿង​មួយ​នេះ លោក នី ចរិយា ក៏​កំពុង​ប្រឈម​មុខ​នឹង​សំណុំ​រឿង​មួយ​ទៀត ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ថា «សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី» ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​សេ្នហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ