អ្នកទោសឥណ្ឌូនេស៊ី​ជាង​១ពាន់នាក់​រត់ចេញ​ពី​ពន្ធនាគារក្នុងតំបន់​ដែល​​​ស៊ូណាមី​វាយប្រហារ

ក្រោយពេលរញ្ជួយដីនៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៨ខែកញ្ញា​ ឆ្នាំ២០១៨ (រូបភាព៖ AFP)

អ្នកទោស​ឥណ្ឌូនេស៊ី​ជាង​១ពាន់នាក់ បាន​រត់​គេច​ចេញ​ពី​ពន្ធនាគារ​ក្នុងតំបន់​ដែល​រងការវាយប្រហារ​ខ្លាំងដោយគ្រោះ​រញ្ជួយដី​និងរលក​ស៊ូណាមី​។

តាមការចុះ​ផ្សាយរបស់​សារព័ត៌មាន​Channel News Asia អ្នកទោស​ឥណ្ឌូនេស៊ី​១២០០នាក់​បាន​គេច​ខ្លួនចេញ​ពីមន្ទីរឃុំឃាំងចំនួន​៣នៅក្នុង​តំបន់​ស៊ូឡា​វេ​ស៊ី​បន្ទាប់​ពី​គ្រោះ​រញ្ជួយដី​និង​រលក​ស៊ូណាមីបាន​វាយប្រហារតំបន់នោះកាលពីថ្ងៃ​២៨ខែកញ្ញា​ ឆ្នាំ២០១៨។ តាមប្រភព​ដដែល​ ក្រុម​អ្នកទោសទាំងនោះ បាន​រត់គេច​ចេញ​ពីមន្ទីរឃុំឃាំងចំនួន​ពីរនៅ​ទីក្រុង​ប៉ាលូនិងមួួយទៀតនៅទីក្រុង​​ដុងហ្កាឡា។

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ម៉ាឡេស៊ី​ លោកស្រី Sri Puguh Utami មានប្រសាសន៍ប្រាប់សារព័ត៌មាន​ខាងលើ​ថា​ក្រុម​អ្នកទោស​ទាំង​នោះ​គេចខ្លួនដោយសារតែ​ពួកគេ​បារម្ភ​ខ្លាចបាត់បង់​ជីវិត​។ ប្រភព​ខាងលើឲ្យដឹងទៀតថា អ្នកទោសក្នុង​​ពន្ធនាគារមួយនៅទីក្រុង​ប៉ាលូបានដើរ​​គេច​ចេញ​​ដោយ​ដើរឆ្លង​កាត់ពីមុខ​​ឆ្មាំយាមពន្ធនាគារ​​តែម្ដង ហើយ​ចំណែក​អ្នកទោសនៅពន្ធនាគារមួយទៀត​បាន​រំលាយ​ច្រកទ្វា​ធំ​ចេញ​មក​តែម្ដង។ ដោយឡែក​អ្នកទោស​នៅ​ពន្ធនាគារមួយនៅទីក្រុង​​ដុងហ្កាឡាវិញ បាន​នាំគ្នាដុតភ្លើង​ក្នុង​​មន្ទី​រឃុំ​ឃាំង​តែម្ដង​ដើម្បី​ឲ្យ​ឆ្មាំពន្ធនាគារលែងពួកគេចេញ។

តាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន​BBC គ្រោះ​រញ្ជួយដី​និងរលក​ស៊ូណាមីដែល​វាយប្រហារ​តំបន់​តំបន់​ស៊ូឡា​វេ​ស៊ីរបស់​ឥណ្ឌូនេស៊ីកាល​ពីថ្ងៃសុក្រសប្ដាហ៍មុន បាន​បណ្ដាលឲ្យមនុស្ស​៨៤៤ បាត់​បង់ជីវិត​ ហើយ​មនុស្ស​ជាច្រើននាក់​ទៀតនៅតែបន្តបាត់​ខ្លួន​នៅឡើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ