សាលារាជធានីហាមសមាគមគ្រូបង្រៀនយកទិវាគ្រូបង្រៀនពិភពលោកមកវាយប្រហាររដ្ឋាភិបាល

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

សាលារាជធានីភ្នំពេញ ហាម​ទុកជាមុន​មិន​ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​យកវេទិកាគ្រូបង្រៀនពិភពលោកមក​វាយប្រហាររដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ណាម្នាក់ និងព្រះមហាក្សត្រ​នោះទេ​។

ក្នុងកំណត់ហេតុប្រជុំស្តីពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក រវាងមន្រ្តីសាលារាជធានីភ្នំពេញ និងមន្រ្តីសមាគមគ្រូបង្រៀនកាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យក្រុមគ្រូបង្រៀនប្រារព្ធទិវាគ្រូពិភពលោក ប៉ុន្តែបានដាក់លក្ខខណ្ឌជាច្រើនដល់ក្រុមគ្រូបង្រៀន ដោយមិនអនុញ្ញាតឲ្យមានការជួបជុំនៅសួនច្បារវត្តភ្នំ មិនឲ្យមានការហែរក្បួន និងសំខាន់នោះហាមមិនឲ្យយកវេទិការនោះវាយ​ប្រហារដល់រដ្ឋាភិបាលឡើយ។

ប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោក រ៉ុង ឈុន បានបង្ហាញការខកចិត្ត និងចាត់ទុកការដាក់លក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញនេះថា ការរឹតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ និងរើសអើងដល់ក្រុមគ្រូបង្រៀន។

លោកបន្ថែមថា«ក្នុងកំណត់ហេតុបន្ទាត់ចុងក្រោយនោះ សាលាក្រុងបានដាក់បំរាមយ៉ាងខ្លាំងមិនឲ្យថ្លែងសុន្ទរកថា រិះគន់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល យើងមើលឃើញថា វាជាការដាក់កំហិតធ្ងន់ធ្ងរមែនទែន។ធម្មតាយើងមើលនៅចំណុចខ្វះខាត ក៏ដូចជា ការទាមទារឲ្យដោះស្រាយអ្វីមួយ ទាក់ទងនឹងអ្វីមួយដែលយើងបានលើកឡើង យើងត្រូវតែថ្លែងទៅកាន់រដ្ឋាភិបាល។ ហើយបើដាក់បំរាមបែបនេះសួរថាតើ ប្រទេសកម្ពុជាបានគោរពនៅរបបប្រជាធិប្បតេយ្យហើយឬនៅ?»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍បន្ថែមលើកំណត់ហេតុប្រជុំថា៖

«ដឹងបញ្ជាក់យ៉ាងម៉េចទៀតទេ ព្រោះយើងរៀបចំទិវាគ្រូបង្រៀន វាមានអីទៅជាវេទិការអ្វីផ្សេងផង។ ចំណុចនេះបងសួរទៅអ្នករៀបចំកម្មវិញ តើទិវាគ្រូបង្រៀនហ្នឹងមានន័យថាដូចម្តេច? ក្រែងអបអរសាទរទិវាគ្រូបង្រៀនហី? ហើយសំខាន់យើងបានឯកភាពគ្នាហើយ ព្រោះយើងបានប្រជុំ ឯកភាពជាមួយគ្នា អញ្ចឹងអ្វីដែលជាខ្លឹមសារឯកភាពគ្នាសូមគោរពទៅតាមហ្នឹងតែប៉ុណ្ណឹង»

អ្នកនាំពាក្យសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើសាលារាជធានីភ្នំពេញហាម ឃាត់មិនឲ្យពលរដ្ឋថ្លែងសាររិះគន់ ឬ បង្ហាញកង្វល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលនោះវានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការ បញ្ចេញមតិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា«យើងដឹងហើយថា រដ្ឋធម្មនុញ្ញយើងមានចែងអំពីសិទ្ធិមនុស្សក្នុងការបញ្ចេញមតិ ពាក់ព័ន្ធទៅនឹង​ការមិនពេញចិត្តរបស់ពួកគាត់។ ហើយយើងដឹងហើយថា រដ្ឋាភិបាលកាលណា រដ្ឋមួយដែលដឹកនាំប្រទេសវាជៀសមិនផុតពីការបញ្ចេញមតិរិះគន់ទេ ព្រោះប្រទេសយើងគឺជាប្រទេសដែលកាន់របបប្រជាធិប្បតេយ្យ ដូច្នេះការហាមឃាត់ទាំងអស់នេះវាផ្ទុយទាំងស្រុងពីប្រទេសដែលមានការគោរពតាមបែបលទ្ធិប្រជាធិប្បតេយ្យ»

សមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ បានដាក់លិខិតជូនដំណឹងមួយទៅសាលារាជធានីភ្នំពេញ ដើម្បីសុំរៀបចំប្រារពទិវាគ្រូបង្រៀនពិភពលោកនៅសួរច្បាប់វត្តភ្នំ នាថ្ងៃទី៥ ខែតុលានេះ ដោយរំពឹងថា មានក្រុមគ្រូបង្រៀន៥០០នាក់ចូលរួម ហើយនៅក្នុងកម្មវិធីនោះក្រុមគ្រូបង្រៀននឹងថ្លែងពីកង្វល់ផ្សេងៗរបស់ពួកគេប្រាប់ទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ