សមាគមវៀតណាមនិងដៃគូឯកជន​សហការគ្នាផ្ដល់ដីឲ្យជនជាតិវៀតណាមដែលទើបផ្លាស់ទីមកពី​លើទឹក​

ផ្ទះលើទឹករបស់ជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង (រូបភាព៖ បណ្ដាញសង្គម)

សមាគម​វៀត​ណាមមួយប្រចាំខេត្តកំពង់ឆ្នាំង អះអាងថា  ខ្លួនបានសហការជាមួយក្រុមហ៊ុនឯក​ជនមួយ ដើម្បីផ្ដល់ដីដល់ប្រជាពលរដ្ឋខ្មែរ​​វៀតណាមប្រមាណជាង៨០០រយគ្រួសារ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរកម្ពុជាតម្រូវ​ឲ្យ​ផ្លាស់ទីតាំងពីការរស់នៅលើផ្ទៃទឹក មកស្នាក់បណ្ដោះអាសន្ននៅលើគោកវិញ។

ប្រធានសមាគមសមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល ប្រាប់វីអូឌីនៅថ្ងៃនេះថា  សមាគមនេះ មិនមានលទ្ធភាពជួលដីឲ្យប្រជាពលរដ្ឋវៀតណាមរស់នៅនោះទេ ប៉ុន្តែលោកថា មានប្រជាពលរដ្ឋខ្មែរបានស្ម័​គ្រចិត្តផ្ដល់ដីឲ្យប្រជាពលរដ្ឋខ្លួនរស់នៅបណ្ដោះអាសន្នសិន។

លោកថា៖«អត់មានឯកជនទេ គាត់គ្រាន់តែជាម្ចាស់ដី គេមានដីតែប៉ុណ្ណឹងទេ គាត់ជាប្រជាពលរដ្ឋធម្មតាទេ  ហើយគាត់ជាជនជាតិខ្មែរ ហើយបច្ចុប្បន្នគាត់ចូលរួម ចូលធ្វើការជាមួយសមាគមដែរ»។

នៅពេលអ្នកសាព័ត៌មានសួរថា តើប្រជាពលរដ្ឋខ្មែរដែលយល់ព្រមផ្ដល់ដីដល់ពលរដ្ឋវៀតណាមស្នាក់នៅ មានចំនួនប៉ុន្មានហិតកា និងគាត់ឈ្មោះអ្វីដែរនោះ?

លោក ប៊ួច វ៉ឹងប៊ែល  អះអាងថា អ្នកដែលសម្រេចផ្ដល់ដីនោះ ជាប្រជាពលរដ្ឋធម្មតាមិនមានតួនាទីអ្វីនោះទេ ប៉ុន្តែលោកបញ្ជាក់ថា នៅថ្ងៃមុខពលរដ្ឋវៀតណាមទាំងនោះមានសិទ្ធិជួលដី​ដែលប្រជាពលរដ្ឋដល់ឲ្យនៅស្នាក់សិននោះបាន ដោយសមាគមនឹងជួយសម្រួលដល់ពួកគេ។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្នដៃគូឯកជនសហការជាមួយសមាគមវៀតណាមបានសម្រេចផ្ដល់ដីចំនួន ៣៥ ហិកតា សម្រាប់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅ លើផ្ទះបណ្ដែតទឹកជាប់ក្រុងកំពង់ឆ្នាំងតែប៉ុណ្ណោះ សម្រាប់ទីតាំងផ្សេងៗទៀតមិនទាន់ដឹងនៅឡើយ ។ លោកបន្តថា ជនជាតិវៀតណាម ដែលត្រូវបានបម្លាស់ទីមកលើគោកទាំងអស់គឺត្រូវស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន​ក្នុងតំបន់​នោះ។

លោកថា៖«គ្រប់គ្រងតាមផ្លូវច្បាប់អាហ្នឹង តាមរដ្ឋបាលភូមិឃុំ។​  អាហ្នឹងគឺអាជ្ញាធរគ្រប់គ្រង ប៉ុន្តែគ្រាន់តែជាលក្ខណៈដោយឡែក គាត់សហការជាមួយដៃគូឯកជន ហើយគាត់ដោះស្រាយជាមួយប្រជាពលរដ្ឋគាត់ឲ្យជួលឲ្យអី អាហ្នឹងជាផ្ទៃក្នុងរបស់គាត់ទេ។ អាជ្ញាធរសម្របសម្រួលជួយ តទឹក តភ្លើងអី បង្កលក្ខណៈធ្វើម៉េច ឲ្យបងប្អូនប្រជាពលរដ្ឋមានលក្ខណៈងាយស្រួល ប៉ុន្តែសម្រាប់ផ្ទៃក្នុងរបស់គាត់! គាត់ជួលអីជារឿងផ្ទៃរបស់គាត់»។

លោកបន្តថា ការសម្រេចបម្លាស់ទីទីតាំងថ្មីសម្រាប់ជនជាតិវៀតណាម ដែលរស់តាមដងទន្លេទូទាំងខេត្តកំពង់ឆ្នាំង ឲ្យទៅរស់នៅលើគោកវិញគឺធ្វើឡើងដើម្បីលើកក​ម្ពស់សោភ័ណ្ឌភាព បញ្ជៀសផលប៉ះពាល់សុខភាព ជាពិសេសការប្រើប្រាស់ទឹក ។

បើតាមអភិបាលរងខេត្តរូបនេះ ជន​ជាតិ​វៀត​ណាមដែលត្រូវបាន​ធ្វើ​ការ​ផ្លាស់​​ប្តូរការ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឲ្យ​ទៅ​នៅ​លើ​គោក​វិញ​នេះមាន​ចំនួន​២,៣៩៧​គ្រួសារ ហើយតំបន់​ដែល​​ជន​ជាតិ​វៀត​ណាមដែល​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុង ស្រុក​បរិបូរណ៌ និង​នៅ​ស្រុក​កំពង់​ត្រឡាចជា​ដើម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ