កូរ៉េខាងត្បូងឲ្យ​ពលករ​បរទេស​ខុសច្បាប់​ចាកចេញពីប្រទេសខ្លួន​ក្នុងរយៈពេល៦ខែ

ពលករថៃត្រូវអាជ្ញាធរកូរ៉េខាងត្បូងតម្រូវអោយត្រលប់ទៅប្រទេសកំណើតវិញ (រូបផាព៖ វេបសាយបរទេស)

អាជ្ញាធរ​កូរ៉េខាងត្បូង បាន​ចេញ​សេចក្តីសម្រេចមួយដោយទុកពេល៦ខែ​​ឲ្យ​ពលករ​​បរទេស​ដែល​កំពុងធ្វើការដោយ​ខុសច្បាប់​ចាកចេញ​ពី​ប្រទេស​ខ្លួន​ បើពុំ​ដូច្នេះទេពួកគេទាំងនោះនឹងត្រូវ​ដាក់​ចូលក្នុងបញ្ជីខ្មៅនិងហាម​មិនឲ្យជាន់​ទឹកដីប្រទេស​នេះ​ក្នុង​រយៈពេល​១០ឆ្នាំ​។

តាម​ការចុះផ្សាយលើ​គេហទំព័រ​នាយកដ្ឋាន​អន្តោប្រវេស​ន៍កូរ៉េខាងត្បូងដែល​ចេញផ្សាយ​កាល​ពីម្សិលមិញ​ កូរ៉េខាងត្បូងបាន​អនុញ្ញាតឲ្យជនបរទេស​​ដែល​កំពុងធ្វើការដោយ​ខុសច្បាប់អាច​ចាក​ចេញពីប្រទេសនេះចាប់​ពី​ថ្ងៃទី១ ខែ​តុលាឆ្នាំ២០១៨ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០១៩ ដោយ​មិន​យក​ទោស​ពៃរ៍អ្វី​នោះទេ ។ ប៉ុន្តែតាមប្រភពដដែល ប្រសិន​បើ​ជនបរទេសណាមួយដែល​ធ្វើ​ខុសច្បាប់​នៅតែ​រឹង​ទទឹងដោយ​បន្ត​ធ្វើ​ការក្រោយរយៈពេលដែល​បាន​កំណត់​ខាងលើ ហើយត្រូវអាជ្ញាធរកូរ៉េចាប់ខ្លួន​បាន​ ឈ្មោះ​របស់​ពួកគេ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ និងហាមមិន​ឲ្យ​ចូល​ប្រទេស​នេះក្នុង​រយៈពេល​១០ឆ្នាំ។

ប្រភពខាងលើ ក៏បានបញ្ជាក់​ផងដែរថាសម្រាប់​និស្សិតបរទេស និងសមាជិកគ្រួសារជនបរទេស​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិកូរ៉េខាងត្បូង​ ហើយ​ធ្វើការដោយខុសច្បាប់​ក្នុងវិស័យ​សំណង់និងសេវាកម្សាន្តនានា ​ក៏នឹងត្រូវបណ្ដេញ​ចេញ​ភ្លាម​ៗ បើទោះ​បីជា​ទិដ្ឋាការ​របស់​ពួកគេមិន​ទាន់​ផុតកំណត់​យ៉ាងណាក្តី។ ដោយឡែកភ្នាក់​ងារឬក្រុមហ៊ុន​​ជ្រើសរើស​ពលករកូរ៉េខាងត្បូងណា​ដែលជួយឲ្យ​​ពលករបរទេស​ខុសច្បាប់​បាន​ធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង​នឹងត្រូវ​ទទួលទណ្ឌកម្ម​នានាដូច​ជា​ការ​ផ្អាកមិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាដើម។

ជនបរទេសដែល​កំពុងធ្វើការ​ដោយខុសច្បាប់​ក្នុង​ប្រទេស​កូរ៉េខាងត្បូងមាន​ប្រហែល៣០ម៉ឺននាក់។ នេះបើ​តាម​តួរលេខដែលមន្រ្តីកូរ៉េខាងត្បូង​ផ្ដល់​ឲ្យសារព័ត៌មាន​បាងកកប៉ុស្តិ៍របស់ថៃ។ ប្រភព​ដដែលក៏បាន​ឲ្យដឹងថាក្នុងចំណោម​អ្នកដែលធ្វើការខុសច្បាប់​ទាំងនោះ មាន​ជនជាតិ​ថៃរហូតដល់៤០ភាគរយ ឬស្មើនឹង​១២ម៉ឺននាក់​។ តាម​​បាងកកប៉ុស្តិ៍ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជនជាតិថៃរាប់​ពាន់នាក់ បាន​ទៅប្រទេស​កូរ៉េខាង​ត្បូង​ក្នុងនាម​ជាភ្ញៀវទេសចរ។​​ ប៉ុន្តែ​នៅពេល​ដែល​ទិដ្ឋាការ​របស់​ពួកគេផុតកំណត់​ ពួកគេមិន​បាន​ត្រលប់មក​វិញទេ បែរជានាំគ្នា​បន្តធ្វើជាពលករ​ដោយ​ខុសច្បាប់​ទៅវិញ។

បើតាម​បាងកកប៉ុស្តិ៍ ប្រសិន​បើពលករ​ដែលធ្វើការដោយខុសច្បាប់​ទាំងនោះចាកចេញពីកូរ៉េខាងត្បូងដោយស្ម័គ្រចិត្តក្នុងរយៈពេល​ដែល​អាជ្ញាកូរ៉េខាងត្បូង​បាន​កំណត់​ ពួកគេ​អាចដាក់​ពាក្យ​ទៅធ្វើការនៅប្រទេសនេះវិញបាន​តាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ​និង​​ការងារ។

ប្រទេសកូរ៉េខាងត្បូងអនុញ្ញាតឱ្យពលករ​មកពីប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាលចំនួន១៦ ធ្វើការនៅក្នុងប្រទេសនេះក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ​និង​​ការងារ។ ប្រទេស​ទាំង​នេះរួម​មាន កម្ពុជា ​ ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់​ម៉ា ទីម័រ ចិន ម៉ុងហ្គោលី ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ អ៊ុបេគីស្ថាន ស្រីសង្កា និង​គីជីស្ថាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ