សមាជិកខ្លះនៃឧត្តមក្រុមប្រឹក្សាត្រៀមលើកយកបញ្ហាដាក់ឲ្យរដ្ឋាភិបាលដោះស្រាយ

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

តំណាងគណបក្សនយោបាយមួយចំនួន​ដែលបានចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អះអាងថា ពួកគេគ្រោងលើកយកបញ្ហាមួយចំនួន ដើម្បីដាក់ជូនទៅរដ្ឋាភិបាលពិចារណា និងដោះស្រាយ។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មើលឃើញថា រដ្ឋាភិបាលកំពុងជួបប្រឈមបញ្ហាជាច្រើនដែលពិបាកដោះស្រាយ ដូចជា បញ្ហាដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ការកើនឡើងនៃបញ្ហាគ្រឿនញៀន និងអសន្ដិសុខសង្គមជាដើម។

ទោះយ៉ាងណាបញ្ហាទាំងនេះ លោកមិនទាន់សិក្សាបានលម្អិតនៅឡើយទេ ដោយលោកថា មានគម្រោងសិក្សាផ្តោតលើបញ្ហាបំផ្លាញធនធានធម្មជាតិ និងជលផល ហើយនឹងដាក់ទៅរដ្ឋាភិបាលក្នុងពេលប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នៅចុងខែនេះ។​

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ឲ្យដឹងថា គណបក្សនេះបានលើកយកបញ្ហាមួយចំនួនដាក់ជូនទៅរដ្ឋាភិបាលដើម្បីពិចារណា គឺករណីចាក់ដីលុបឆ្នេរនៅខេត្តព្រះសីហនុ។ លោកថា ក៏គ្រោងសិក្សាទៅលើករណីបំលាស់ទីតាំងរបស់ជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំង ដែលប្ដូរពីការរស់នៅលើទឹកមកជាការស្នាក់នៅលើគោកវិញផងដែរ។

លោកឲ្យដឹងទៀតថា ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ នឹងប្រជុំគ្នាម្ដងទៀតនាចុងខែតុលាខាងមុខនេះ បន្ទាប់ពីបានជួបប្រជុំបូកសរុបលទ្ធផលរួចម្ដងហើយកាលពីចុងខែកញ្ញាកន្លងទៅនេះ។

លោកបន្ដថា៖ «កិច្ចប្រជុំគឺយើងកំពុងរៀបចំឯកសារមួយចំនួនទាក់ទិននឹងរឿងនៅក្រុងព្រះសីហនុ ហើយនិងការលុបដីចូលសមុទ្រ អាហ្នឹងយើងបានលើកឡើង ហើយយើងក៏កំពុងរៀបចំឯកសារដាក់ទៅតាមក្រោយ។ ហើយឥឡូវយើងកំពុងតែត្រៀមរៀបចំសម្រាប់ខែនេះ។ ខែថ្មី គឺនៅចុងខែនេះ ចាប់ផ្ដើមហើយ​គឺខ្ញុំនឹងចុះទៅខេត្តកំពង់ឆ្នាំង»។

ប្រធានគណបក្សខ្មែរតែមួយ​ និងជាប្អូនបង្កើតរបស់អ្នកវិភាគនយោបាយល្បីឈ្មោះលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ប្រាប់ VOD ថា លោកមិនទាន់ទទួលបានកង្វល់ ដែលប្រជាពលរដ្ឋស្នើឲ្យជួយដោះស្រាយនោះទេ ហើយលោកថា ក៏មិនមានអ្វីដើម្បីគ្រោងលើកក្នុងកិច្ចប្រជុំដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេល VOD សួរថាតើលោកគ្រោងជំរុញឲ្យមានយុត្តិធម៌សម្រាប់ករណីឃាតកម្មលោកបណ្ឌិត កែម ឡី ដែរឬទេនោះលោកឆ្លើយថា មិនមានគម្រោងលើកបញ្ហានេះទៅប្រជុំពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។

លោកបន្ដថា៖ «ចំពោះខ្ញុំវាអត់ទាន់បានមួយកន្លែងណាផង បើយើងជួប លុះត្រាតែប្រជាពលរដ្ឋអញ្ជើញយើងទៅ […] យើងអត់បានដាក់រឿងរកយុត្ដិធម៌ទេ ព្រោះយើងបានឆ្លើយហើយជាមួយប្រព័ន្ធសារព័ត៌មានជាច្រើនទៅលើរដ្ឋាភិបាលជួយរកយុត្តិធម៌ ប៉ុន្ដែ ក្នុងឧត្តមក្រុមប្រឹក្សា យើងអត់មានទេ»។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា ការបង្កើតឧត្តម​ក្រុមប្រឹក្សានេះឡើង គឺគ្រាន់តែដើម្បីលម្អប្រជាធិបតេយ្យតែប៉ុណ្ណោះ ពោលគឺរដ្ឋាភិបាល​ទំនងជាមិនទទួលយកអនុសាសន៍ ឬមតិយោបល់របស់គណបក្សដែលមិនឈ្នះឆ្នោតនោះទេ។ ករណីនេះ​លោ​កថា នឹងធ្វើឲ្យការចាយវាយថវិកាជាតិមិនមានប្រសិទ្ធិភាពទៅវិញ។

លោកបន្ដថា៖ «យកថវិកាជាតិទៅចាយវាយមិនចាំបាច់ ហើយនៅកន្លែងមួយទៀតដែលចាំបាច់​យើងអត់បានយកទៅប្រើ ដូចខាងសុខភាព អប់រំដែលទាមទារចាំបាច់ ដើម្បីឲ្យជួយទៅដល់សុខ​​ភាពពលរដ្ឋ យើងអត់បានយកទៅប្រើ ហើយយើងយកទៅប្រើគ្រាន់តែឲ្យមានគ្នាបង្ហាញឲ្យល្អមើល​ វាជាបញ្ហាមួយដែលវាមិនមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ថវិកាជាតិ»។

បន្ទាប់ពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីដោយគ្មានវត្តមានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមនោះ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់” កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន១៦ ដែលមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋនោះ។ ហើយពួកគេត្រូវជួបប្រជុំគ្នារៀងរាល់១ខែម្ដងតាមការកោះប្រជុំរបស់ប្រធានបន្ដវេន។

បើតាមព្រះរាជ្យក្រឹត្យ គណបក្សនយោបាយដែលមិនជាប់ឆ្នោតទាំងនេះអាចចូលរួមផ្ដល់យោបល់លើគោលនយោបាយ និងសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល និងឃ្លាំមើលពីភាពអសកម្មរបស់មន្ដ្រីអនុវត្តច្បាប់ រួមទាំងការរំលោភបំពានណាមួយរបស់នាយករដ្ឋមន្ដ្រីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ