តុលាការខេត្តព្រះសីហនុកាត់ទោសប្រជាសហគមន៍ដីធ្លី៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ

ប្រជាសហគមន៍ចំនួន១៣ដែលមនុស្ស៣៥០នាក់បានប្រមូលផ្តុំគ្នាមុខតុលាការដើម្បីគាំទ្រ និងទាមទារទៅដោះលែងតំណាងពលរដ្ឋ៤នាក់នោះឲ្យមានសេរីភាពវិញ ព្រឹកថ្ងៃទី ០៣ តុលា ២០១៨ (រូបភាព៖ ផ្ដល់ឲ្យ)

តុលាការខេត្តព្រះសីហនុនៅថ្ងៃនេះ បានសម្រេចផ្តន្ទាទោសតំណាងប្រជាសហគមន៍មានជម្លោះដីធ្លីចំនួន៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំ តាមបណ្តឹងរបស់ឧកញ៉ាពីររូបមានឈ្មោះតាន់ តាប់ និងលោក ឡុញ វណ្ណ:។​

តំណាងសហគមន៍ចំនួន៤នាក់នោះមានលោកស្រី ឡុច ទូច លោក ញ៉ាញ់ ជាតិ លោក មែន ខេន និងលោក កៅ ហេង ត្រូវបានតុលាការខេត្តព្រះសីហនុ ឃុំខ្លួនជាង៤ខែហើយជុំវិញមានវិវាទដីធ្លី។​

បន្ទាប់ពីសវនាការពេញមួយព្រឹកហើយបន្តដល់រសៀលថ្ងៃពុធនេះ ចៅក្រមនៃអង្គជំនុំជម្រះបានសម្រេចឲ្យតំណាងប្រជាសហគមន៍ជាប់ទោសជាប់ទោសម្នាក់ៗ១ឆ្នាំ ក្រោមបទចោទប្រើប្រាស់ហិង្សារលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត [ចូលទៅកាន់កាប់លើដីឯកជនមានប័ណ្ណកម្មសិទ្ធ] ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ។​

ក្រោយការសម្រេចរបស់ចៅក្រមភ្លាមៗនោះ ប្រជាសហគមន៍រាប់រយនាក់ដែលប្រមូលផ្តុំនៅមុខតុលាការគាំទ្រតំណាងរបស់ពួកគេនាំគ្នាទ្រហោយំ ខ្លះផ្តួលខ្លួនទៅនឹងដី ខ្លះយំរហូតដល់គាំង។​ ពួកគេចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ហើយអំពាវនាវឲ្យលោក ហ៊ុន សែន​ជួយរកយុត្តិធម៌។​ នេះបើតាមវីឌីឡាយតាមហ្វេសប៊ុកពីកន្លែងប្រមូលផ្តុំ។​

អនុប្រធានគណៈកម្មការគ្រប់គ្រងសហគន៍មានជម្លោះដីធ្លីខេត្តព្រះសីហនុ លោក យូរវាសនា ដែលចូលស្តាប់    សវនាការនោះឲ្យដឹងថា តុលាការសម្រេចកាត់ទោសតំណាងពលរដ្ឋទាំង៤នោះឲ្យជាប់ពន្ធនាគារ១ឆ្នាំ ដោយអនុវត្តទោស៧ខែ និងផាកពិន័យជា២០លានរៀល។

លោកបន្ថែមថា«សម្រាប់ខ្ញុំជាប្រជាពលរដ្ឋ និងប្រជាសហគមន៍ទាំង១៣នេះមានការខកចិត្តជាខ្លាំងចំពោះតុលា ការដែលធ្វើការចោទប្រកាន់ពួកគាត់បែបនេះ ពីព្រោះយើងមើលឃើញថា នៅក្នុងសវនាការគឺមេធាវីការពារក្តីឲ្យ តំណាងពលរដ្ឋអ្នកស្រីឡុចទូច និងពលរដ្ឋ៣នាក់ទៀត គឺគាត់មានសំណួរដេញដោលធ្វើឲ្យខាងតុលាការក៏ដូចមេធាវីដើមបណ្តឹងហ្នឹងគាំងម៉ាស៊ីនហ្មងគ្មានអ្វីតបតនោះទេ»

មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋទាំង៤នាក់គឺលោក ស៊ុយ ឈុនហាក់ មានប្រសាសន៍ថា បើពិនិត្យលើផ្លូវច្បាប់គឺកូនក្តីរបស់លោកត្រូវបានដោះលែង ដោយលោកថា ដីដែលកំពុងមានជម្លោះនោះជាតំបន់គម្រប់ព្រៃឈើរបស់រដ្ឋ ដែលតាមផ្លូវច្បាប់ គឺដើមបណ្តឹងមិនមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្តឹងពលរដ្ឋទាំង៤នាក់នោះឡើយ។

លោកបន្ថែមថា« តាមផ្លូវច្បាប់គេនិរាសករដីនោះអស់ហើយ អញ្ចឹងកន្លែងនោះជាដីរបស់រដ្ឋ ដល់អញ្ចឹងមានតែរដ្ឋទេមានសិទ្ធមកប្តឹងកូនក្តីខ្ញុំនេះ មិនមែនបុគ្គលមកប្តឹងទេ អញ្ចឹងពាក់ព័ន្ធបុគ្គលនិងបុគ្គលវាអត់ត្រូវ ហើយខាងមន្ត្រីសុរិយោដីគាត់អត់ទាន់បានឆ្លើយតបថា ដីហ្នឹងជាដីរបស់អ្នកណា នៅចំណុចណា អត់មាននិយាមការអ័ក្ស     ស៊ីស អរដោនេនៅកន្លែងណាទេ»

តំណាងពលរដ្ឋឲ្យដឹងថា ខណៈតុលាការបើកសវនាការសុំណុំរឿងតំណាងពលរដ្ឋទាំង៤នាក់នោះ នៅថ្ងៃនេះ ប្រជាសហគមន៍ចំនួន១៣ដែលមនុស្ស៣៥០នាក់បានប្រមូលផ្តុំគ្នាមុខតុលាការដើម្បីគាំទ្រ និងទាមទារទៅដោះលែងតំណាងពលរដ្ឋ៤នាក់នោះឲ្យមានសេរីភាពវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ