តារាសម្ដែងចិន​​ម្នាក់ព្រម​បង់​​​ប្រាក់​ពិន័យ​ជិត​១៣០លាន​ដុល្លារក្នុងសំណុំ​រឿង​គេចវេស​បង់ពន្ធ​

តារាសម្តែង​ល្បី​ឈ្មោះ​ម្នាក់​របស់​ចិននាង ហ្វាន់​ ពីងពីង (រូបភាព៖ វេបសាយបរទេស)

តារាសម្តែង​ល្បី​ឈ្មោះ​ម្នាក់​របស់​ចិននាង ហ្វាន់​ ពីងពីង យល់​ព្រម​បង់​ពន្ធ​ដែល​នៅសេសសល់ ​និង​បង់ប្រាក់​ផាកពិន័យ​ជិត១៣០លាន​ដុ​ល្លារ​​ ក្រោយ​ពេលដែល​អាជ្ញាធរចិនរកឃើញថា​នាង​​​ប្រើប្រាស់​​កិច្ចសន្យា​ការងារមួួយដែលធ្វើឡើង​ដើម្បី​​​បំភាន់​ភ្នែក​​ក្រុម​មន្រ្តី​ពន្ធដា​​។

តាមលិខិត​សុំ​ទោសដែល​តារាសម្ដែងរូបនេះ បាន​បង្ហោះក្នុងបណ្ដាញសង្គម​វ៉េបួរ បស់​ខ្លួន​​កាលពីម្សិលមិញ​ ហើយ​ត្រូវបានបកប្រែជាភាសាអង់គ្លេសដោយ​​សារព័ត៌មាន​South China Morning Post របស់​ហុងកុង​ នាង ហ្វាន់​ ពីងពីង ថា​ខ្លួនទទួលយក​ទាំងស្រុងនូវការសម្រេចរបស់​អាជ្ញាធរពន្ធដារចិន​ដែល​ដាក់​ពិន័យ​មកលើនាង ព្រោះថាវាធ្វើឡើងស្របតាមច្បាប់ដែល​មាន​ជាធរមាន​។ នាង ហ្វាន់​ ពីងពីង ក៏បាន​សម្តែងនូវការសោកស្ដាយផងដែរចំពោះទង្វើរបស់​នាង​ដែល​រយៈកន្លងមក​នាង​មិនគោរពផលប្រយោជន៍របស់រដ្ឋ និងសង្គម ហើយ​បានប្រើប្រាស់កិច្ចសន្យាបែបបន្លំ​​ដើម្បី​គេចវេសការបង់​ពន្ធ ជាពិសេស​​នៅពេល​ដែល​នាង​ចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Air Strike និងភាពយន្តមួយចំនួន​ទៀត​។

អាជ្ញាធរទទួលប​ន្ទុក​ពន្ធដាចិន ចាប់ផ្តើម​ស៊ើបអង្កេត​លើករណីនាង ហ្វាន់​ ពីងពីង​ ក្រោយពេល​ដែល​ពិធីករម្នាក់​របស់​​ទូរទស្សន៍​រដ្ឋ​ចិន​CCTV បាន​បង្ហោះក្នុងបណ្ដាញ​សង្គម​នូវកិច្ចសន្យា​ការងារចំនួន​២ដែល​តារាសម្តែងរូបនេះបានចុះជាមួយក្រុមហ៊ុនមួួយ​នៅពេល​​ចូលរួម​សម្តែងក្នុងខ្សែភាពយន្តមួយ។ កិច្ចសន្យា​ការងារទី១បង្ហាញថា នាងហ្វាន់​ ពីងពីង ទទួល​បាន​ក​ម្រៃតែជាង​១លានដុល្លារប៉ុណ្ណោះ តែកិច្ចសន្យាការងារ​មួួយទៀតក៏​​បង្ហាញថា​នាង​ទទួលបានរហូតដល់​ជាង៧លានដុល្លារបន្ថែម​ទៀតឯណោះ​។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post នៅពេល​ដែល​នាង​យក​ឯកសារ​ទៅបង្ហាញដើម្បី​បង់​ពន្ធ នាងបាន​ប្រើ​កិច្ចសន្យាការងារទី១ ដែល​វាបាន​ធ្វើឲ្យ​ចំនួន​ប្រាក់​ដែលនាងត្រូវបង់​ពន្ធមាន​ចំនួន​តិចតួចប៉ុណ្ណោះ​។ វិធីសាស្រ្តដែល​តារាសម្ដែងរូបនេះប្រើ​មិន​មែន​ជារឿងថ្មី​នោះទេដែល​តារា​ភាពយន្តចិនល្បីៗភាគច្រើ​បានប្រើ​ដើម្បីបន្លំភ្នែក​ដល់​មន្រ្តី​ពន្ធដាចិន។ វិធីសាស្រ្តនេះត្រូវបាន​គេឲ្យឈ្មោះថាកិច្ចសន្យា«យិន និង​ យ៉ាង» ។

ចាប់តាំងពីខែ​មិថុនាឆ្នាំ២០១៨មក​ នាង ហ្វាន់ ពីងពីង ត្រូវបាន​អាជ្ញាធរទទួលពន្ធដាចិនដាក់​ឲ្យស្ថិត​ក្រោម​ការតាមដាន​និងស៊ើបអង្កេត​នៅកន្លែង​មួយដែល​មិនត្រូវបាន​បង្ហាញឲ្យដឹង​​ជាសាធារណៈនោះទេ​។  ករណីនេះជាទម្រង់នៃ​ការឃុំខ្លួន​បែបសំងាត់​មួយ​ដែល​អាជ្ញាធរចិន​តែងតែធ្វើ​ចំពោះមន្រ្តី​ពុករលួយ សកម្មជន​សិទ្ធិ​មនុស្ស និង​មេធាវីការពារសិទ្ធិមនុស្ស​ជាដើម។ នាង ហ្វាន់ ពីងពីង ត្រួវបាន​អាជ្ញាធរចិន​ដោះលែងឲ្យ​រួចផុតពីការ​ឃ្លាំមើលកាលពីពីរសប្តាហ៍មុន។

តាមការចុះផ្សាយ​របស់ទីភ្នាក់​ងារសារព័ត៌មានចិន​ស៊ិនហួរ នាងហ្វាន់ ពីងពីង នឹងគ្មាន​ទោសឧក្រិដ្ឋ​ណាមួយឡើយ ប្រសិន​បើនាងយល់ព្រម​បង់​ពន្ធដែលនៅសេសសល់​និង​បង់ប្រាក់​ពិន័យ​ដែល​កំណត់​ដោយ​អាជ្ញាធរ​ពន្ធដាចិន ប៉ុន្តែពេលវេលា​កំណត់​នៃការបង់ប្រាក់​ទាំងនោះ​ពុំត្រូវបាន​បង្ហាញជាសាធារណៈនោះទេ។

ការស៊ើបអង្កេត​ទៅលើតារាសម្តែងវ័យ៣៧ឆ្នាំរូបនេះ ក៏ត្រួវបាន​ធ្វើឡើងស្របពេល​ដែល​តម្លៃខ្លួនរបស់​តារាសម្តែង​ចិនមានការកើនឡើង។  ​តម្លៃខ្លួនក្នុងការសម្តែងភាពយន្តមាន​ការ​កើនឡើងក៏ពិតមែន ប៉ុន្តែតារា​សម្ដែងភាគច្រើនតែងតែ​ប្រើ​វិធីសាស្រ្តស្រដៀងគ្នា​នឹង​នាង​នាងហ្វាន់ ពីងពីង ដើម្បីចំណាយ​តិចក្នុងការបង់​ពន្ធ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ