អាជ្ញាធរជាតិអប្សរាថា​នឹង​ចាត់វិធានការផ្លូវច្បាប់​ចំពោះអ្នក​ផ្សព្វផ្សាយលក់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តផ្សព្វផ្សាយលក់ដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមទាក់ទងនឹងការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនៅតំបន់១ និងតំបន់២។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរា ឲ្យដឹងថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តផ្សព្វផ្សាយភូតកុហកសាធារណជនក្នុងគោលបំណងកេងចំណេញដីធ្លីតំបន់រមណីដ្ឋានអង្គរ ព្រោះ​ថាដី​​ក្នុងតំបន់១និងតំបន់២ ជាប្រភេទដីសាធារណៈរបស់រដ្ឋ ហើយគ្មាន​ការ​អនុញ្ញាតឲ្យមានការទិញលក់ដីធ្លីនៅក្នុងតំបន់នោះទេ។

អ្នកនាំពាក្យអាជ្ញាធអាជាតិអប្សរាលោក ឡុង កុសល ប្រាប់វីអូឌីបន្ថែមថា អ្នកយកដីតំបន់រមណីដ្ឋានអង្គរពុះជាឡូតិ៍លក់ គឺជាក្រុមហ៊ុនឯកជនតូចៗ ប៉ុន្តែលោកមិនទាន់ដឹងនៅឡើយថា ដីដែលត្រូវបានក្រុមហ៊ុនពុះជាឡូតិ៍លក់នោះអស់ចំនួនប៉ុន្មាននោះទេ។ លោកបន្តថា អាជ្ញាធរមិនទទួលខុសត្រូវនោះទេ ចំពោះប្រជាពលរដ្ឋណា​ដែលបានទិញដីនោះរួចហើយ។

 លោកថា៖ «ខ្ញុំមិនទាន់ប្រាកដ។ បើតាមតែទទួលព័ត៌មានមក លឺថាប្រហែលជាមានអ្នកទិញរួចហើយ! អញ្ចឹងហើយជៀសវាងកុំឲ្យមានការខូចខាតទៅដល់ទិញដូរហ្នឹង អាដីដែលប្រភេទជាដីសាធារណៈរបស់រដ្ឋអញ្ចឹង វានាំឲ្យមានការខូចខាតព្រោះយើងមិនអនុញ្ញាតឲ្យមានការសាងសងសំណង់ណាមួយដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអប្សរាទេ»។​

បើតាម​លោក ឡុង កុសល  ដីតំបន់រមណីដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ