លោក ​ហ៊ុន​​ សែន ព្រមានពីបរាជ័យនៃ​កិច្ចប្រជុំអាស៊ី-អឺរ៉ុបបើនិយាយពីផ្ទៃក្នុងកម្ពុជា

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ព្រមានថាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅពេលខាងមុខ នឹងបរាជ័យ បើក្នុង​​​កិច្ច​ប្រជុំនោះ លើកយក​បញ្ហាផ្ទៃក្នុងរបស់កម្ពុជាមកជជែក​។

ក្នុងទិវាគ្រូបង្រៀនពិភពលោក ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ លោកហ៊ុន សែន ឌឺដង​មិន​ប​​ញ្ចេ​ញ​ឈ្មោះ ទំនងជាសំដៅទៅអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ថា បានបរាជ័យ​ក្នុងកា​រចេញមុ​ខ​​ដឹ​កនាំបាតុកម្មប្រឆាំងរូបនៅមហាសន្និបាទអង្គការសហប្រជាតិ លើទឹកដីអាមេរិក ក្នុងបូរីញូ​វ​យ៉​​ក កាលពីខែមុន ក្នុងការជំរុញឲ្យព្យួរអាសនៈរបស់កម្ពុជា។

លោក ហ៊ុន សែន ថ្លែងទៀតថា ក្រុមនេះមិនបញ្ឈប់សកម្មភាពនេះទេ  ដោយមានស្ត្រីខ្លះ បាន​អះអាងថា កិ​ច្ច​ប្រជុំអាស៊ីអឺរ៉ុបនឹងនិយាយពីបញ្ហាកម្ពុជា ។

លោកថា៖«មីនាងមួយនោះ។ ខ្ញុំហៅមីនាងអញ្ចឹងចោះ។ វាថាមុខជាមាននិយាយ  សុំទោស បើសិនជាហ៊ាននិយាយពីកម្ពុជាក្នុងសេចក្តីថ្លែងការណ៍សេចក្តីថ្លែងការណ៍អាស៊ីអឺរ៉ុបចេញអត់រួច។ ខ្ញុំនិយាយអញ្ចឹងម៉ង។​ ព្រោះ​​​អានេះធ្វើការតាមកុងសង់ស៊ីស[ឯកភាព]»

ទោះជា លោក ហ៊ុន​ សែន ថ្លែងមិនបញ្ចេញឈ្មោះ ប៉ុន្តែគេដឹងថា អតីត​មន្ត្រីជាន់ខ្ព​ស់របស់គ​ណប​ក្ស​ប្រ​ឆាំ​ង​ ជាស្ត្រី មានលោក ស្រី មូរ សុខហួរ និងកូនស្រី លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា កំពុង​ត​ស៊ូ​មតិ​ផ្នែ​​​ក​​កា​​រទូ​ត នៅក្រៅប្រទេស ទាមទារឲ្យសហគ​មន៍អន្តរជាតិ​ជួយស្តាប្រជាធិប​តេយ្យនៅកម្ពុ​ជាឡើងវិញ ក្រោ​​យ​ពី​​​គ​​​ណ​​បក្សប្រឆាំងនេះ ត្រូវបានតុលាការរំ​លាយ និងឃាត់មន្ត្រី១១​៨នាក់ទៀត មិនឲ្យ​ធ្វើនយោ​បា​យរ​​​យៈពេល​​៥ឆ្នាំ។

លោក ស្រី មូរ សុខហួរ បាននិយាយតាមវីដេអូឃ្លីប លើគេហទំព័រហ្វេសប៊ុករបស់លោកស្រីថា ការតស៊ូ​ម​តិ​រ​​ប​ស់គណបក្សប្រឆាំងនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ ពីប្រទេសលោកសេរី ពីសេស សភា អឺរ៉ុប ដែ​ល​មា​​​ន​សមាជិក២៨ប្រទេស និងសហភាពអន្តរសភា(IPU)ដែលមា​នសមាជិក​១៧៣​​ប្រទេ​ស នៅតែជំ​រុញ​ឲ្យ​រ​​ដ្ឋាភិ​បាលកម្ពុជាស្តាប្រជាធិបតេយ្យឡើងវិញ។

លោកស្រីថា៖«ខ្ញុំឃើញថា ជំហររបស់អន្តរជាតិទាំងសហភាពអឺរ៉ុប ឥឡូវទាំង (IPU)ទៀតនិងគណៈកម្មការសិទ្ធិ​​​នុស្សនៅអង្គការសហប្រជាជាតិជំហរគេនៅដដែល គឺការបោះឆ្នោតក្លែងក្លាយគេមិនអាចទទួលយកបានទេ»

​​​​​អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental សហរដ្ឋ​អា​មេ​​រិក លោក អ៊ា សុផល ពន្យល់ថា កម្ពុជាពិតជា អាចធ្វើឲ្យកិច្ចប្រជុំនេះចេ​ញ​សេចក្តី​ថ្លែងការណ៍​មិនរួច បើ​​ក​ម្ពុជាចង់ធ្វើ។ ប៉ុន្តែអ្នក​ជំនាញ​កិច្ចការ​​​អន្តរជាតិ​រូបនេះ ព្រមានថាបើកម្ពុជាហ៊ាន​ធ្វើបែប​នេះមែន សហគមន៍អឺរ៉ុបនឹង​មាន​ចំណាត់ការចំពោះ​កម្ពុជាដូចជាព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែង​តែអាវុធ​ ហៅកាត់​ថា​EBA ហើយមិនត្រឹម​តែប៉ុណ្ណោះ​ប្រទេសជា​សមាជិកអាស៊ាន​នឹង​មានការខឹង​សម្បា​រ​ជាមួយកម្ពុជាហើយនឹងធ្វើ​ឲ្យកម្ពុជា​ក្លាយ​ជាប្រទេសមួយដែល​ឯកោក្នុងតំបន់​នេះទៀតផង។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនឹងធ្វើឡើងនៅទីក្រុង​ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិកក្នុងរយៈពេល២​ថ្ងៃគឺថ្ងៃទី​១៨និង១៩ខែតុលាឆ្នាំ២០១៨ខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ