លោក ហ៊ុន សែន ចាត់ទុកជប៉ុនជាគំរូសម្រាប់លទ្ធិប្រជាធិបតេយ្យ

ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ (រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកចាត់ទុកជប៉ុនជាប្រទេសដែលកម្ពុជាគួរយកជា​គំរូតាមទាំងផ្នែកប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន។

សារព័ត៌មានជប៉ុន Japan Times ចុះផ្សាយថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់​មុខ​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​មេដឹកនាំ​កម្ពុជា​រូប​នេះ ចាប់​ផ្ដើម​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​​លំដាប់​ទី​៣​មួយ​នេះ។

លោក ហ៊ុន សែន ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ចោទ​សួរ​ថា តើរដ្ឋាភិបាលរបស់លោកនឹងធ្វើបែបណាទៀតដើម្បីឆ្ពោះទៅរកគន្លងប្រជាធិបតេយ្យ ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់​ ឈ្នះឆ្នោតដែលគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម និងគ្រប់គ្រងអាសនៈទាំងអស់ក្នុងរដ្ឋសភានោះ។

លោក ហ៊ុន សែន បានឆ្លើយ​តប​ថា៖ «ខ្ញុំតែងតែមើលប្រទេសអភិវឌ្ឍជាច្រើនក្នុងតំបន់ និងជុំវិញពិភពលោក។ ដូច្នេះ ខ្ញុំអាចរៀនសូត្រពីពួកគេទាំងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ជាពិសេសគឺប្រទេសជប៉ុន ដែលមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរឹងមាំ និងជាគំរូលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។

លោក ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រៅពីកិច្ចប្រជុំនេះ លោក ហ៊ុន សែន ក៏គ្រោងជួបជាមួយនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ទាក់ទងនឹងកិច្ចសហប្រតិបត្ដិការប្រទេសទាំងពីរ បញ្ហាតំបន់ និងអន្ដរជាតិ។

លោកក៏គ្រោងជួបជាមួយឥស្សរជន និងប្រធានអង្គការមួយចំនួន រួមទាំងពិធីជួបសំណេះសំណាលជាមួយសហគមន៍ និងនិសិត្សខ្មែរកំពុងរស់នៅ និងសិក្សានៅទីនោះផងដែរ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នៅកម្ពុជាកាលពីថ្ងៃទី២៩កក្កដា ត្រូវបានក្រុមប្រទេសលោកសេរីមួយចំនួនវាយតម្លៃថា គ្មានភាពត្រឹមត្រូវ​ សេរី និងយុត្តិធម៌នោះទេ ខណៈគ្មានវត្តមាន​អតីតគណបក្សប្រឆាំងដ៏ធំ ហើយរដ្ឋាភិបាលកម្ពុជាក៏រងចោទថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ