​ស្ថាប័ន​រដ្ឋជិត៣០ប្រកាសគាំទ្រលោក ហ៊ុន សែន ដែលថាមិនឱនលំទោនចំពោះ​បរទេស​

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួមក្នុងវេទិកានៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ«ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល» (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រសួងនិង​ស្ថាប័នរបស់រដ្ឋជិត​​៣០ បានចេញសេចក្តីប្រកាសគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ដែលថាមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។

ការប្រកាសគាំទ្រនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួបសំណេះសំណាលជាមួយជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ​។

លោក ហ៊ុន សែន ថ្លែងបែបនេះថា«ឥឡូវអ្នកណាចង់ចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជា ត្រូវ​រឹងមាំ ចំពោះគោលការណ៍ ការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន កម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»

ស្ថាប័នដែលប្រកាសគាំទ្រប្រសាសន៍លោក ហ៊ុន សែន រួមមាន ទាំងស្ថាប័ន​កងទ័ព និង​ក្រសួងនានាមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ ក្រសួងសុខាភិបាល ក្រសួងធនធានទឹក និងក្រសួងយុត្តិធម៌ជាដើម។

ស្ថាប័នទាំងនេះចេញសេចក្តីប្រកាសដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា ពួកគេ​គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​ការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស​ នី យល់​ថា​ការប្រកាសគាំទ្រ​របស់ក្រសួងនិង​ស្ថាប័ន​រដ្ឋចំពោះការលើកឡើងរបស់លោក​នាយករដ្ឋមន្រ្តី​ហ៊ុន ​សែន ជាបន្តបន្ទាប់​នាពេលនេះ​​ជាសញ្ញា​មួយដែល​បញ្ជាក់​ថា​ពួកគេទាំងនោះ​ចាំ​តែ​យល់ស្រប​នូវអ្វី​ដែលថ្នាក់​ដឹក​នាំលើកឡើងនិង​​​មិនព្រមទទួលយកការរិះគន់ពីមជ្ឈដ្ឋាន​ខាងក្រៅ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖« (ជា)សញ្ញាហៃអើ ចាំតែយល់ព្រម (ជា)សញ្ញាបដិសេធមិនព្រមទទួលយកការរិះគន់ខាងក្រៅ […] ខ្ញុំមើលឃើញថា អ្វីៗមិនមានការផ្លាស់ប្តូរប៉ុន្មានទេ តាមរយៈកំណែទម្រង់នៅក្នុងចំណោមមនុស្សដដែល ហើយប្រព័ន្ធគ្រប់គ្រងនៅដដែល។ ហើយអត្តចរឹកស្ថាប័នរដ្ឋក៏នៅដដែល កំណែទម្រង់បែបណានោះវាអាចមានត្រឹមតែលើក្រដាស វាមិនអាចចេញឲ្យមានឥទ្ធិពលធ្វើការផ្លាស់ប្តូរធំធេងបានទេ»

អ្នក​នាំពាក្យគណបក្ស​ប្រជាជនកម្ពុជា​ លោក សួស យ៉ារ៉ា មានប្រសាសន៍ថា មេបញ្ជាការ និងកងទ័ព រួមជាមួយក្រសួង​មួយចំនួនទៀត ដែល​​ប្រកាស​គាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាមិនឱនលំទោនទៅបរទេស​ជារឿង​ត្រឹមត្រូវ ហើយធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា​ទទួលបានផលប្រយោជន៍ផង​ដែរ​។

លោកមានប្រសាសន៍ថា៖«ការដែលបញ្ចេញមតិជាសាធារណៈរបស់អង្គភាពនានា បង្ហាញថាកម្ពុជារួបរួមគ្នាតែមួយជុំវិញមេដឹកនាំ។ ចំណុចនេះជាចំណុចល្អ មិនមែនយើងទៅធ្វើជាវប្បធម៌ហៃអើទេ។វា បង្ហាញថាការសម្រេចរបស់មេដឹកនាំមានភាពត្រឹមត្រូវពួកយើងមានឯកភាពគ្នា […] នៅពេលយើងឈ្នះ គឺប្រជាជនជាអ្នកបានផលប្រយោជន៍ »

គណៈកម្មការ​អឺរ៉ុប​បានជូនដំណឹងដល់កម្ពុជា កាលពីថ្ងៃសុក្រទី៥ ខែតុលា ឆ្នាំ២០១៨​ ថាខ្លួនចាប់ផ្ដើមដំណើរការ ការដកប្រព័ន្ធអនុគ្រោះពន្ធ ឬហៅថា EBA ដោយចោទថា រដ្ឋាភិបាលកម្ពុជា​បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​។ ទោះ​យ៉ាងណា​ក៏ដោយ​ក្នុងសេចក្តី​ប្រកាសព័ត៌​មាន​របស់​ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាដែល​ចេញ​កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០១៨ សហភាពអឺរ៉ុប ក៏ទុក​ពេល​សម្រាប់​ឲ្យ​ភាគីកកម្ពុជាធ្វើការចចារជាមួយខ្លួន​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ