អ្នក​ឃ្លាំមើ​លបញ្ហាសង្គម​ ព្រមានពីការ​បាត់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​បើរ​ដ្ឋា​ភិ​បាល​មិន​ប្តូរ​ជំ​ហរ​

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកឃ្លាំមើលបញ្ហាសង្គម​ បង្ហាញការព្រួយបារម្ភថា​ប្រព័ន្ធអនុគ្រោះ​ពន្ធគ្រប់​បែបយ៉ាង​លើក​លែង​តែអាវុធ ​ហៅកាត់ថា​(EBA​) របស់សហភាពអឺរ៉ុប អាចនឹង​កាត់ផ្តាច់ពី​កម្ពុជាវិញ បើ​រដ្ឋាភិបា​ល​​មិនបង្ហាញឆន្ទៈឲ្យ​ស​ហ​​គមន៍អន្តរជាតិជឿបានថា កម្ពុជាកំពុងអនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ពិតប្រាកដនោះទេ។

សហភាពអឺរ៉ុប បានជូនដំណឹងរួចហើយពីវិធានការរបស់ខ្លួនដែលឈានទៅរកការ​ព្យួរ​(EBA​)​ក្រោយ​ពី​ក្រុមប្រទេស​ទាំងនេះ​រកឃើញថា​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ងន់​ធ្ងរ​។

ប៉ុន្តែការសម្រេចរបស់ប្លុកសេរីមួយនេះ ជំរុញឲ្យរដ្ឋាភិ​បាល​ប្រតិកម្មតបវិញ កាល​ពី​ថ្ងៃ​ទី​១០​ ខែតុលា ឆ្នាំ២០១៨ ដោយ​ចា​​​​​ត់​​ទុ​កថាការសម្រេចនេះមានភាព​​លំ​អៀង និងថា​អយុត្តិ​ធម៌​បំផុត សម្រាប់​ខ្លួន​​បាន​ខំប្រឹង​ប្រែ​ង២​០ ឆ្នាំ​ក​ន្ល​ងមកនេះ អនុវ​ត្តអនុស​ញ្ញា​អន្ត​រ​ជាតិជា​​ច្រើ​ន​ ក្នុងវិស័យ​សិទ្ធិ​មនុស្ស ការងា​រ និងសិទ្ធិដីធ្លី។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា​ប្រព័​ន្ធអ​នុ​​​គ្រោះ​ពន្ធរប​ស់អឺរ៉ុប បានជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងស្រូបយកក​ម្លាំងពលក​ម្មជាង៨០​ម៉ឺន​នា​ក់ក្នុ​ង​​​​វិ​​ស័​​យ​កាត់ដេរ។

លោកថា៖«ប្រទេសកម្ពុជាយើងឃើញថា វិស័យកាត់ដេរ ជាវិស័យមួយជួយដល់សេដ្ឋកិច្ចជាតិ រហូតដល់ទៅជាង៧០% ក្នុងកំណើនសេដ្ឋកិច្ចក្នុង១ឆ្នាំៗ។​ សំនួរសួរថាតើវិស័យហ្នឹងមានទីផ្សារនៅត្រង់ណាធំជាងគេ? គឺ​​ទីផ្សារអឺរ៉ុបហ្នឹងធំជាងគេ បន្ទាប់មកគឺអាមេរិក»

លោក មឿន តុលា និយាយទៀតថា សហភាពអឺរ៉ុបអាចនឹងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ បើរដ្ឋាភិ​បា​​ល​​ក​ម្ពុជា ឈប់លេងល្បែងប្រជាធិបតេយ្យតទៅទៀត។

លោកថា៖«រឿងដែលសំខាន់ថាតើ មេដឹកនាំរបស់យើងហ្នឹងគាត់នៅមានឆន្ទៈរក្សាឲ្យប្រទេសកម្ពុជាឲ្យស្ថិតជាប្រទេសដែលគោរព តាមលទ្ធិប្រជា​​ធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែរអត់។បើសិនជាយើងឈរលើឆន្ទៈរដ្ឋធម្មនុញ្ញ អត់​​​​អីលំបាកទេ។  អ្វីដែលសហភាពអឺរ៉ុបទាមទារហ្នឹង អត់អីក្រៅពីយើងបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ​​នោះទេ»

អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាស នី និយាយថា មិនមែនជា​រឿងចំឡែកទេ ​ដែលរដ្ឋាភិបា​លច្រានចោ​ល​ការ​ស​​ម្រេចរបស់សហភាពអឺរ៉ុបនោះ ដោយថា បើមិនការពារនូវ​ចំណាត់​ការរបស់ខ្លួន មានន័យថាខ្លួន​បាន​ទទួល​ស្គាល់​ថា​អ្វីដែលបានកើតឡើងកន្លងមក ជា​កំហុស​ឆ្គង។

ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា បើអ្នកនយោបាយមិនរៀនទទួលស្គាល់ការពិតប្រព័ន្ធ​អនុ​គ្រោះ​ពន្ធរបស់អឺរ៉ុបអាច​នឹងបា​ត់បង់ទៅវិ​ញ។​​ លោកថា អ្នកដែលខាតបង់ គឺ​ប្រទេសជាតិ និង​ពលរដ្ឋ​ច្រើនលាននាក់។

លោកថា៖«សំខាន់ត្រង់ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសមួយនេះ ស្ថិតនៅក្នុងស្ថានភាពមួយដែលចូគេចុះនៅក្នុងពិភពលោកដែលមានទំនាក់ទំនងល្អជាមួយប្រទេសលើពិភពលោកដូចកាលពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣អញ្ចឹង។ អាហ្នឹងវាទៅមុខរួចហើយ តែយើងអាចឲ្យគេទទួលស្គាល់បានលុះត្រាតែយើងហ្នឹង ត្រូវតែគោរពលទ្ធិប្រជាធិតេយ្យ និងសិទ្ធិមនុស្សហើយ អាហ្នឹងជារឿងសំខាន់»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើង​ប្រហាក់ប្រហែលគ្នា​ដែរថា​ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប​បាន​ផ្សា​​ភ្ជា​​ប់​ទៅ​នឹងលក្ខខណ្ឌគោរព​សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ លោកបន្តថា​ដើម្បីកុំ​​ឲ្យប្រព័ន្ធអនុ​គ្រោះ​ព​ន្ធ​​នេះ​ លុះត្រា​តែ រដ្ឋាភិបាល​​មានឆន្ទៈធ្វើឲ្យស្ថានការណ៍នយោ​បាយវិល​ទៅស្តាប្រជាធិ​បតេយ្យឡើ​ងវិញ តប​ទៅ​នឹ​ង​​​ការចង់បានរបស់ប្រទេសដែលបា​នចុះហត្ថលេ​ខា​កិ​ច្ចព្រ​មព្រៀងទីក្រុងប៉ារីស ។

លោកថា៖«អ្វីដែលទាក់ទាញអឺរ៉ុបនោះ គឺគ្មានអីក្រៅពីលំហសេរីភាពប្រជាធិបតេយ្យនៅកម្ពុជាទេ។ ប្រសិនបើយើងធ្វើឲ្យគេទទួស្គាល់ គេឲ្យតម្លៃថា យន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមអា​​មេរិកនិងអឺរ៉ុចង់បានប្រហែលជាគេមិផ្តាច់ទេប៉ុន្តែបើខុសគោលការណ៍ហ្នឹងខ្ញុំគិតថាប្រហែលជាគេមានវិធានការហើយ»។​

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ឲ្យ VOD ដឹង​តាមសា​រអេឡិ​ច​ត្រូ​និចថា កម្ពុជាមិនស្លាប់ដោយសារគ្មាន EBA នោះទេ ហើយថា កម្ពុជាក៏បានដឹងថា តាមស្ថា​នភា​ពអ​ភិវឌ្ឍ​រ​​ប​ស់ខ្លួន នាពេលបច្ចុប្បន្ននេះគឺ កម្ពុជានឹងបាត់បង់ EBA ដោយស្វ័យប្រវត្តិនៅឆ្នាំ២០២១ ឬឆ្នាំ២០២​៣យ៉ាង​យូ​រ។ បើ​តា​មអ្នកនាំពាក្យរូបនេះ អ្វីដែលប្រកាសដោយ EU គឺនៅឆ្លងដំណាក់កាលច្រើនទៀត ដែលលោកជឿថា ក​ម្ពុ​ជា​នៅ​​មានពេលជួបអ្នកបច្ចេកទេស EU ថែមទៀត ។

ប្រ​​ព័​​​ន្ធ​អនុគ្រោះពន្ធ​​របស់​សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអា​វុធ ​ដែល​កម្ពុ​ជា​​នាំ​​​ទៅលក់​នៅទីផ្សាររបស់ខ្លួន។ ស​ហភាពអឺរ៉ុប បាន​ភ្ជាប់​ប្រព័ន្ធ​​អនុ​គ្រោះពន្ធ​ ​ទៅនឹង​លក្ខខណ្ឌគោរពសិទ្ធិ​មនុស្ស​ និងសិទ្ធការងារ ។ របាយ​ការណ៍​របស់​​គណកម្មការអឺរ៉ុបដែលបានចេញផ្សាយ​កាលពីខែមេសាកន្លង​ទៅប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​៦ពាន់លានដុល្លា ហើយអឺរ៉ុបជាដៃគូពាណិជ្ជកម្ម​ធំ​ទី​២របស់​កម្ពុជា​។ របាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម​លោក ប៉ាន សូរស័ក្ត កាលពី​ចុងឆ្នាំ២០១៧ បង្ហាញថា​នៅឆ្នាំ២០១៦​កម្ពុ​ជាចំណេញប្រា​ក់ពីការមិនបង់​ពន្ធនៅពេល​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុបបាន​ចំនួន​​៦៧៦​​លា​នដុល្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ