មន្ត្រីចរាចរណ៍ជាន់ខ្ពស់ស្នើពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីទប់ស្កាត់អំពើពុករលួយ

ប៉ូលីស​ផាក​ពិន័យពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ កាលដើមឆ្នាំ២០១៨។ (ណាត សុភាព)

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ​ទទួលបន្ទុក​​​ចរាចរណ៍ អំពាវនាវទៅប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងរាយការណ៍ព័ត៌​មាន​​ទៅថ្នាក់លើបើមន្ត្រីនគរបាលចរាចរណ៍ទារប្រាក់ពី​ពលរដ្ឋលើសពីច្បាប់កំណត់។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និង​សណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា ជំរុញទៅមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវ​គោរពច្បាប់ នឹង​អំពាវនាវទៅប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវ​បង់ប្រាក់ទៅសមត្ថកិច្ច​ឲ្យស្របតាមច្បាប់កំណត់ ដើម្បី​ចូលរួមទប់ស្កាត់​កុំឲ្យមានបទល្មើសចរាចរណ៍និងអំពើពុករលួយ។​

លោកមានប្រសាសន៍ថា«អ្នកដែលខុស កុំឲ្យគាត់នាំខុសហ្នឹង ទៅជាអំពើសូក[មន្ត្រីនគរបាលចរាចរណ៍] ទៅជាការលើកទឹកចិត្ត អ្នក[ប្រព្រឹត្តល្មើស] គាត់កុំទទួលការបង់ប្រាក់អ្វីដែល​​ខុស ដែលមិនចេញវិក័យបត្របង់ប្រាក់ បានវាត្រឹមត្រូវ»

តាមលោក រុន រ័ត្នវាសនា បន្តថា​នគរបាលចរាចរណ៍ដែលទារប្រាក់​ពី​ប្រជាពលរដ្ឋបើកបរល្មើស​ច្បាប់ ត្រូវ​ចេញវិក័យបត្រ​ ហើយបើយកប្រាក់​លើសដូចករណីខេត្តព្រះសីហនុ នឹងប្រឈមការពិន័យរដ្ឋបាល ឬដកឋានន្តរស័ក្តិ ឬធ្ងន់ធ្ងរឈានដល់បណ្តេញចេញពីការងារជាដើម។ មន្ត្រីជាន់ខ្ពស់រូបនេះ​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋត្រូវមន្ត្រីនគរបាលចរាចរណ៍ទារប្រាក់លើសច្បាប់កំណត់ ពលរដ្ឋអាច​ទាក់ទងទៅមន្ត្រីថ្នាក់លើ តាមលេខទូរសព្ទ ១១៧ ដើម្បីរាយការណ៍បាន​គ្រប់​ពេល។

អាជីវករ​​ម្នាក់​ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  លោក សេង រតនា​ បានអះអាងថា លោក​ធ្លាប់​បាន​នគរបាលចរាចរណ៍ប្រចាំការនៅផ្លូវ​២៧១  ក្បែរស្តុបណូគា ផាកពិន័យ២ម៉ឺនរៀល ​ដោយមិនបានចេញវិក័យបត្រ​ឲ្យនោះទេ នៅពេល​ដែល​លោកបើកបរមិនពាក់មួកសុវត្ថិភាព ។ លោកថា ចង់ប្រាប់​ទៅថ្នាក់លើដែរ ប៉ុន្តែមិនដឹងរាយការណ៍តាមរយៈណា ដោយសារនៅពេលនោះ លោកប្រញាប់ទៅដឹកឥវ៉ាន់យកទៅផ្ទះ។

លោករៀប​រាប់ថា៖«នៅពេលដែលខ្ញុំខុស អត់មានមួកសុវត្ថិភាព គាត់ផាក[នគរបាលចរាចរណ៍] ពេលទុកម៉ូតូយូរខ្លាចមានបញ្ហា ចឹងគ្រួសារពិបាកដែរ អត់មានម៉ូតូជិះពីរ បីថ្ងៃ គឺអត់លុយចាយ នៅពេលគាត់ទារពីរម៉ឺនរៀលឲ្យគាត់ពីរម៉ឺនទៅ។»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា មន្ត្រីនរគបាលចរាចរណ៍ដែលទារលុយទារលុយប្រជាពលរដ្ឋមួយចំនួន​ ដោយសារស្ថាប័នរដ្ឋ​ខ្វះការគ្រប់គ្រងនៃប្រព័ន្ធឆ្លើយតបទៅកាន់ថ្នាក់​លើ​ឲ្យទាន់ហេតុ​ការណ៍។

ករណីនេះលោក ជ័យ មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធត្រូវ​ពង្រឹងការអនុវត្តច្បាប់ ដើម្បីកុំឲ្យបញ្ហានេះបន្តកើតឡើង ហើយនាំឲ្យមានអំពើពុករលួយកាន់​តែធ្ងន់ធ្ងរជាដើម។

លោកមានប្រសាសន៍ថា៖«យើងមានច្បាប់ ប៉ុន្តែខ្វះយន្តការ។ ជាលទ្ធផល គឺមិនអាចកាត់បន្ថយអំពើពុករលួយបាន តាមការចង់បាននោះទេ។ ហើយអ្នកចូលរួមអនុវត្តច្បាប់ខ្លះ ក៏ក្លាយទៅជាជនរងគ្រោះនៃអំពើពុករលួយ ដែលប្រព្រឹត្តដោយក្រុមអ្នកមានឥទ្ធិពល ក្រុមអ្នកមានសមត្ថកិច្ច ឬក្រុមអ្នកដែលមានអំណាចដែរ»

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន កាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញ បានហៅមន្ត្រីនគរបាលចរាចរណ៍របស់ខ្លួនចំនួន៣នាក់សួរនាំជុំវិញការទារប្រាក់​ពី​ជនជាតិចិនដែលបើកឡានល្មើសច្បាប់ចរាចរណ៍ចំនួន១០០ដុល្លារ ក្រោយមក​យក៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ