លោក ហ៊ុន សែន ប្រកាសស្វែងរកអដ្ឋិធាតុទាហានអាមេរិកឡើងវិញក្រោមហេតុផល«មេត្ដាករុណា»

លោក ហ៊ុន សែន ជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ក្នុងឱកាសស្នាក់នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសស្វែងរកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ បន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរមានភាពរង្គោះរង្គើរដែលឈានទៅផ្អាកប្រតិបត្តិការនេះជាផ្អាកបណ្ណោះអាសន្ន។

ក្នុងលិខិតមួយចុះថ្ងៃទី១២ តុលា ដែលផ្ញើឆ្លើយតបទៅនឹងសំណើរបស់សមាជិកព្រឹទ្ឋសភារដ្ឋ​វ៉ាស៊ីងតោន​របស់​អាមេរិក លោក Doug Ericksen ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានយល់ព្រមបន្ដរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ខណៈប្រតិបត្តិការនេះបានដំណើរការ៣០ឆ្នាំមកហើយ ប៉ុន្ដែ ត្រូវបានផ្អាកជាបណ្ណោះអាសន្នកាលពីពេលថ្មីៗនេះ។

ក្នុងលិខិតនោះ លោក ហ៊ុន សែន លើកឡើងថា ការសម្រេចបន្ដរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញនេះ គឺធ្វើឡើងនៅក្រោមហេតុផល «ក្ដីមេត្ដាករុណា» និងដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ពួកគេ។

លោក ហ៊ុន សែន លើកឡើងទៀតថា  ការផ្អាកប្រតិបត្តិការនេះ គឺបន្ទាប់ពីកម្ពុជាទទួលរងទណ្ឌកម្មយ៉ាង«អយុត្តិធម៌» នៅពេលដែលកម្ពុជាគ្រាន់តែទាមទារឲ្យសហរដ្ឋអាមេរិក​ពិចារ​ណា​បន្ថែមទៅលើកម្មវិធីមាតុភូមិនិវត្តន៍ ដែលស្ថិតក្រោមហេតុផលមនុស្សធម៌ដូចគ្នានេះ។

កាលពីខែតុលាឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានផ្អាកកិច្ចសហប្រតិបត្តិការរុករក​អដ្ឋិធាតុទាហាន​អាមេរិកជាបណ្ដោះអាសន្ន ប៉ុន្ដែ អះអាងថា នឹងចាប់ផ្ដើមដំណើរការឡើងវិញ នៅពេលមានការចរចាណាមួយដែលអាចជឿទុកចិត្តបាន​ក្នុង​ការ​ធានាទៅវិញទៅមកនៃការលើកលែងការផ្អាកកិច្ចសហប្រតិបត្តិការនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ