ចិនថា​អាមេរិកគួរតែ​ឆ្លុះ​មើល​ពីការ​​រំលោភសិទ្ធិមនុស្សដ៏ធ្ងន់​​ធ្ងររបស់​ខ្លួន​

លោក លូ ខាង អ្នកពាក្យនាំក្រសួងការបរទេសចិន បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាល​ពីថ្ងៃសុក្រសប្តាហ៍មុន (រូបភាព៖ វេបសាយ fmprc.gov.cn)

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា​អាមេរិក​គួរតែឆ្លុះ​មើលពីការរំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់ធ្ងរ​របស់​ខ្លួន​ជាជាង​ប្រើ​បញ្ហានេះដើម្បី​ជ្រៀតជ្រៀកផ្ទៃក្នុងប្រទេស​ដទៃ។

លោក លូ ខាង អ្នកពាក្យនាំក្រសួងការបរទេសចិន បានថ្លែង​បែបនេះក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាល​ពីថ្ងៃសុក្រសប្តាហ៍មុន ​ដើម្បី​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការលើកឡើងរបស់​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ម៉ៃ ផេន​ ដែល​ថា​សេរីភាពនិងសិទ្ធិមនុស្ស​របស់ប្រជាជន​ចិន​កំពុង​ដើរថយក្រោយ។

អ្នកនាំពាក្យក្រសួងការបរទស​ចិន​រូបនេះ បាននិយាយថា​អាមេរិកខ្លួន​ឯងទេ​ដែល​ហ៊ុមព័ទ្ធដោយ​បញ្ហាសិទ្ធិ​មនុស្ស​ពោលគឺអស់​ពីបញ្ហា​មួយ​ចូលបញ្ហាមួយ។ លោក​ បន្ត​ថា​អាមេរិក​ខ្លួនឯង​ក៏បាន​ដក​ខ្លួន​ចេញ​​ពីក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ដូច្នេះអាមេរិក​គ្មានសិទ្ធណាមួយ​ដើម្បីចង្អុលប្រាប់​ប្រទេសដទៃពីរឿងសិទ្ធិមនុស្ស​ឡើយ។

លោក លូ ខាង បាន​បន្ថែម​យ៉ាងដូច្នេះថា៖«​ដំបូន្មាន​របស់យើងគឺ​អាមេិក​គួរតែ​ឆ្លុះ​បញ្ចាំងមើល​ពី​ការ​រំលោភសិទ្ធិមនុស្សដ៏ធ្ងន់​ធ្ងររបស់​ខ្លួន​ ជាជាងប្រើ​បញ្ហា​សិទ្ធិមនុស្សហ្នឹង​ជា​ឧបករណ៍នយោបា​យ​ដើម្បីជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងប្រទេសដទៃ»។

ក្រៅពីថ្លែង​វាយប្រហារ​ចំៗទៅ​លើ​សហរដ្ឋអាមេរិក លោក លូ ខាង ក៏មិន​ភ្លេចនិយាយ​ការពារ​ប្រទេស​ខ្លួន​​ដែរ​។ អ្នកនាំពាក្យក្រសួងការបរទស​​រូបនេះ បាន​លើកឡើងថា​ចិន​ចាត់​ទុកការ​លើកកម្ពស់​និងការការពារ​សិទ្ធិមនុស្ស​ជារឿងមួយដ៏ខាន់ ហើយ​ប្រជាជនចិន​កំពុងតែ​ប្រើ​ប្រាស់​ដោយសប្បាយរីករាយនូវសិទ្ធិនិងសេរីភាពជាច្រើន​ដែល​ស្របទៅតាមច្បាប់​ដែលមា​នជាធរមាន​​ក្នុងប្រទេសចិន។

លោក លូ ខាង បានបន្តថា​រយៈពេល​៤០ឆ្នាំក្រោយពីការធ្វើ​កំណែទម្រង់ សិទ្ធិមនុស្ស​នៅក្នុងប្រទេស​ចិន​មានការរីកចម្រើនជាបន្តបន្ទាប់។  លោក​បានបន្ថែម​ទៀតថា​ប្រជាជន​ចិន៨០០លាននាក់​បាន​ប្រើប្រាស់​សិទ្ធរបស់​ពួកគេលើបណ្ដាញ​អិុនធឺណិតដោយអាចប្រាស្រ័យទាក់​ទង​ជាមួយនឹងអាជ្ញាធររដ្ឋចិនគ្រប់​លំដាប់​ថ្នាក់។

លោកលូ ខាង ក៏បាន​បញ្ជាក់​ទៀតថា​ចិ​នក៏បាន​ផ្ដល់​សិទ្ធិគោរពសាសនា​នានាដោយពេញលេញ​ដល់​ពលរដ្ឋរបស់​ខ្លួន​ផងដែរ។ លោកថា នៅប្រទេសចិនពេលនេះមាន​ពលរដ្ឋ​​២០០លាននាក់កំពុង​គោរពប្រតិបត្តិសាសនាផ្សេងៗ បុព្វជិតសាសនាមាន​៣៨ម៉ឺននាក់កំពុង​ធ្វើ​ការងារផ្សព្វផ្សាយសាសនា​របស់ខ្លួន ហើយ​ទីសក្ការៈបូជាសម្រាប់​ជំនឿនិងសាសនា​ផ្សេងៗមាន​រហូតដល់​១៤ម៉ឺនកន្លែង។

តាមលោក ​លូ ខាង កត្តាទាំងនេះបាន​បញ្ជាក់​យ៉ាងច្បាស់​ពីការរីកចម្រើន​នៃស្ថានភាពសិទ្ធិ​​មនុស្ស​និងសេរី​ភាពក្នុងប្រទេសចិន។ ទោះ​ជាយ៉ាងណាក៏ដោយក៏អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ ទទួលស្គាល់ដែរថា​គ្មាន​ប្រទេសណាមួយមានការ​គោរពសិទ្ធិមនុស្ស​ល្អបំផុតនោះទេ ដោយ​សារតែប្រជាជន​ក្នុងប្រទេស​នីមួយៗត្រូវតែគោរពរដ្ឋធម្មនុញ្ញនិងច្បាប់​ផ្សេងៗរបស់ប្រទេស​​ខ្លួន។ លោកបន្ថែម​ថាគ្មាន​​ប្រទេសណាមួយអនុញ្ញាត្តិឲ្យ​ពលរដ្ឋខ្លួន​ប្រព្រឹត្តបទឧក្រិដ្ឋនានា​ហើយ​យក​បញ្ហា​សិទ្ធិសេរីភាព​មកជាលេសដើម្បីបិទបាំង​នូវអំពើល្មើសច្បាប់​របស់​ខ្លួន​នោះឡើយ។

កាល​ពីថ្ងៃទី​១០ខែតុលា ឆ្នាំ២០១៨កន្លងទៅ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក ម៉ៃ ផេន បាន​ថ្លែងក្នុងសុន្ទរកថាមួយ​ស្តីពីគោលនយោបាយរបស់អាមេរិក​ចំពោះ​​ចិន ថាស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសចិន​បាន​ដើរ​ថយក្រោ​យ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ​អនុប្រធា​នាធិប​តីអាមេរិករូបនេះ បាន​វាយប្រហារ​រដ្ឋាភិបាល​ចិនថាបាន​​រឹតបន្តឹងយ៉ាងខ្លាំងនូវលំហូរព័ត៌មានដោយសេរីដល់ប្រជាជន​របស់​ខ្លួន ហើយ​ថែមទាំងរឹតត្បិតសិទ្ធិសេរីភាពខាង​ជំនឿ​​សាសនាយ៉ាងខ្លាំងទៀតផង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ