អ្នកនយោបាយលើកឡើងខុសគ្នាជុំវិញបណ្ដាំរបស់អតីតព្រះមហាក្សត្រឲ្យ​«បង្រួបបង្រួមជាតិ»

សម្ដេចព្រះវររាជបិតាជាតិខ្មែរ នរោត្ដម សីហនុ កាលព្រះអង្គនៅមានព្រះជន្ម (រូបភាព៖ បណ្ដាញសង្គម)

គណបក្សកាន់អំណាច និងអតីតបក្សប្រឆាំង បង្ហាញជំហរខុសគ្នាជុំវិញអ្វីដែលអតីតព្រះមហាក្សត្រខ្មែរ​បានផ្ដាំឲ្យអ្នកនយោបាយរួបរួមគ្នា ដើម្បីអភិវឌ្ឍជាតិ ប៉ុន្តែ អ្នកវិភាគវិញយល់ថា មេដឹកនាំខ្មែរមិនបានប្រើប្រាស់យន្ដការផ្សះផ្សាជាតិ ដើម្បីដោះស្រាយទំនាស់រវាងគ្នា និងគ្នានោះទេ។

អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា នរោត្តម សីហនុ បានចូលទិវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ពោលគឺមានរយៈពេល ៦ឆ្នាំមកហើយ។

នៅមុនពេលដែលព្រះអង្គសោយទិវង្គតនោះ ព្រះអង្គ​បានបន្សល់ទុកនូវបណ្ដាំជាចុងក្រោយរបស់ទ្រង់សម្រាប់កូនចៅ និងមេដឹកនាំខ្មែរជំនាន់ក្រោយ ឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍បង្រួមបង្រួមជាតិ និងសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ ដើម្បីកសាងប្រទេស និងអភិវឌ្ឍជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហោះសារចូលរួមរម្លឹកខួបនៃការសោយទិវង្គត​របស់អតីតព្រះមហាក្សត្រខ្មែរផងដែរ ប៉ុន្ដែ លោកមិនបានលើកឡើងពីបណ្ដាំចុងក្រោយរបស់ព្រះអង្គ ដែលចង់ឃើញមានការបង្រួបបង្រួមជាតិនោះទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា អះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានប្រតិបត្តិតាមព្រះរាជបណ្ដាំរបស់អតីតព្រះមហាក្សត្រខ្មែររួចហើយ ដោយលោកហៅ ការទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភារបស់គណបក្សនេះថា ជាសញ្ញាបង្ហាញពីការបង្រួបបង្រួមជាតិ។

ប៉ុន្ដែ នៅពេលសួរថា តើការផាត់គណបក្សសង្គ្រោះជាតិចេញពីការបោះឆ្នោតដែលឈានដល់ការជំរុញឲ្យមានទណ្ឌកម្មពីអន្ដរជាតិមកលើកម្ពុជានោះ ជាសញ្ហានៃការបែកបាក់ផ្ទៃក្នុងជាតិដែរ ឬទេ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះឆ្លើយថា អតីតគណបក្សប្រឆាំង គឺជាក្រុមនៅក្រៅច្បាប់ និងថា ការរំលាយគណបក្សនេះ មិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានោះទេ។

លោកបន្ដថា៖ «ដោយសារបណ្ដាំរបស់ព្រះករុណាហើយ បានប្រជាជនផ្ដល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជាមាន ១២៥កៅអី។ ដូច្នេះហើយ យើងបានធ្វើកិច្ចការពហុបក្ស យើងអនុវត្តគោលការណ៍ប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ ធ្វើឲ្យយើងគ្រប់គ្រងរដ្ឋសភាទាំងមូលបាន [] អ្វីដែលលើកឡើងក្នុងន័យដល់បុគ្គលមួយចំនួនដែលនៅក្រៅច្បាប់ ប៉ុន្ដែ ប្រព័ន្ធពហុបក្សនៅកម្ពុជាមិនទាន់បានប៉ះពាល់ទេ»។

អតីតអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានឃ្លាតចាកពីបណ្ដាំរបស់អតីតព្រះមហាក្សត្រ ដែលចង់ឃើញការបង្រួបបង្រួមជាតិពិតប្រាកដរវាងខ្មែរ និងខ្មែរ។ លោកថា បក្ស​កាន់​អំណាច​តែង​តែព្រួយបារម្ភពីការសងសឹកគ្នាទៅវិញទៅមក ក្រោយ​ពី​ពួកគេបាត់បង់អំណាចនោះ។

លោកបន្ដថា៖ «មកដល់ថ្ងៃនេះ យើងឃើញថា បានដើរចាកពីព្រះរាជបណ្ដាំហើយ ប៉ុន្ដែ ក្រែងលោគណបក្សកាន់អំណាចត្រូវបានរម្លឹកឲ្យត្រជាក់ចិត្ត ងាកមកជជែកគ្នាឡើងវិញ អាហ្នឹងយើងមិនទាន់ដឹង [] យើងខ្វះការជឿជាក់លើគ្នារវាងថ្នាក់ដឹកនាំទាំងអស់ហ្នឹង ភ័យខ្លាចមានការសងសឹកពេលអស់អំណាចទៅ ខ្លាចបាត់បង់នេះ បាត់បង់នោះ»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការទាស់ទែងខ្វែងគំនិតគ្នារវាងអ្នកនយោបាយខ្មែរ គឺកើតចេញពីរឿងល្មោភអំណាច និងស្រឡាញ់បុណ្យសក្ដិជ្រុសហួសហេតុ។

ម្យ៉ាងទៀត លោកថា អ្នកនយោបាយខ្មែរមិនដែលយកយន្ដការផ្សះផ្សាជាតិមកប្រើប្រាស់ឲ្យអស់លទ្ធភាពនោះទេ ដូចជា វប្បធម៌សន្ទនា និងយន្ដការផ្សះផ្សាជាតិដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាដើម។

លោកបន្ដថា៖ «នៅពេលមានទំនាស់ជាមួយគ្នា យើងមិនប្រើប្រាស់យន្ដការ​សម្រាប់ការផ្សះផ្សាជាតិ [] ហើយមួយទៀត គឺយន្ដការមានស្រាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្ដែ គេអត់អនុវត្តបានស្រួលបួល គឺយន្ដការរបស់សភាជាតិយើងហ្នឹង គឺយន្ដការសំណួរចម្លើយ»។

ក្រោយអតីតព្រះមហាក្សត្រខ្មែរ​សោយទិវង្គតទៅនោះ ស្ថានការណ៍នយោបាយនៅកម្ពុជា​កាន់​តែ​ចម្រូងចម្រាស់ ដូចជា ការធ្វើបាតុកម្មរបស់អតីតគណបក្សសង្គ្រោះជាតិប្រឆាំងនឹងការបោះឆ្នោត​កាលពីឆ្នាំ២០១៣ ការរំលាយអតីតគណបក្សប្រឆាំងដ៏ធំមួយនៅមុនការបោះឆ្នោតឆ្នាំ២០១៨ និងចោទប្រកាន់ប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា​ ពីបទ «ក្បត់ជាតិ» ជាដើម។

កម្ដៅនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏បានជំរុញឲ្យសហគមន៍អន្ដរជាតិព្រួយ​បារម្ភ​ផងដែរ ក្នុងនោះ សហភាពអឺរ៉ុបបាននាំ​មុខគេ ដោយបានចាប់ផ្ដើមដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជា និងជំរុញឲ្យគណបក្សធំៗទាំងពីរ វិលទៅរកតុចរចា​ឡើង​វិញ និងបើកផ្លូវឲ្យដៃគូម្ខាងទៀតអាចចូលរួមនយោបាយដោយសេរី និងគ្មានគំរាមកំហែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ