រដ្ឋា​ភិ​បាលថាបញ្ហាផ្ទៃក្នុងកម្ពុជានឹងមិនក្លាយជាសម្ពាធក្នុងកិ​ច្ច​ប្រជុំ​ អា​ស៊ី​-អឺ​រ៉ុប​ ទេ

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូល​អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ​ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាអះអាងថា បញ្ហាផ្ទៃក្នុងរបស់កម្ពុជា នឹងមិនក្លាយជាប្រធានបទដាក់សម្ពាធក្នុងកិច្ចប្រជុំ​កំពូល​អា​​ស៊ី​-អឺរ៉ុប​ (A​S​E​​M)​​ ដូ​ចមជ្ឈដ្ឋានប្រឆាំង លើកឡើងនោះឡើយ ដោយថាកិច្ចប្រជុំនេះ មានបំណងផ្តោតសំខាន់ពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីនិងអឺរ៉ុប។​

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែតុលា បានលើកឡើងពីររបៀបរវារៈនៃកិច្ចប្រជុំ និងកម្មវិធីផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា មិនមានការប្រជុំណាមួយនិយាយពីបញ្ហាផ្ទៃក្នុងឬដាក់សម្ពាធលើកម្ពុជានោះទេ។​

សេចក្តីប្រកាសព័ត៌មាន៖«របៀបវារៈនេះជាសត្យានុម័ត ឆ្លើយតបទៅនឹងការធ្វើវិទ្ធង្សនាអកុសល របស់ក្រុម​ក្រៅច្បា​ប់ដែ​ល​ធ្វើយុទ្ធនាការប្រឌិត និងបំភ្លៃការពិតដែលលើកឡើងថា វត្តមាននាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំនោះនឹងទទួល​សម្ពាធ​ពីស​​ហគមន៍អឺរ៉ុប»។

សេចក្តីប្រកាសព័ត៌មានដដែល ធ្វើឡើង​ចំថ្ងៃដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចេញដំណើរទៅប្រជុំកំពូលអាស៊ី-អឺរ៉ុ​ប​ លើ​​កទី​​១២ នៅទី​ក្រុង​ប្រ៊ុច​សែ​ល អះអាងថា៖

«បេសកក​ម្មផ្លូវកា​រ​នេះ​​ តំណាងប្រ​យោ​ជ​​ន៍​​ខ្មែរ និងអា​ស៊ា​ន ដើ​ម្បី​ចូ​លរួ​ម​ផ្ត​ល់​មតិ និងអ​នុ​ម័ត​​​នៅក្នុងចក្ខុវិស័យឯកភាពជាដៃគូឈរលើមូលដ្ឋាន ឯក​ច្ឆ័ន និងអធិបតេយ្យ ( បើ​​មា​​​នភា​គី​ណា​​​​មួ​យ​ជំ​ទា​ស់​​​លើ​សេ​ចក្តី​​ស​ម្រេ​ចជា​យថាហេតុណាមួយនោះ សេចក្តីស​ម្រេចរួម​នោះនឹ​ង​មិន​អាច​​ប្រកាសជា​ផ្លូវការបា​នឡើ​យ)»។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន ​បានធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ជំរុញសហគមន៍អន្តរជាតិឲ្យដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ឲ្យស្តាប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណ​បក្សប្រឆាំងនេះ ត្រូវបា​ន​រំ​លា​យ​កា​​លពី​​ចុងឆ្នាំ២០១៧ ពោលគឺ មុនការបោះឆ្នោតជាតិមកដល់។

កាលពីថ្ងៃទី៥ ខែតុលា លោក ហ៊ុន សែន បានចោទថា មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផ្សព្វផ្សាយព័ត៌មានថា តំណាងរដ្ឋាភិបាលកម្ពុជានឹងរងការដាក់សម្ពាធនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប៉ុន្តែលោក ហ៊ុន សែន ហៅអ្នកផ្សព្វផ្សាយថា មិនយល់ពីនយោបាយអន្តរជាតិ។​​

កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល។   តំ​​ណា​​ង​​អ្នកគាំ​ទ្រ​​គណបក្សប្រឆាំង អះអាងថា ពួកគេនឹងប្រមូលផ្តុំគ្នាមុខបរិវេណនៃ​កិច្ចប្រជុំ ប្រឆាំងនឹង​វត្តមានលោ​ក ហ៊ុន សែ​ន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ