អារ៉ាប៊ីសាអូឌីត ប្ដេជ្ញា​រក​ការពិតនៃការសម្លាប់​អ្នកសារព័ត៌មាន​​ម្នាក់​ក្នុង​​​ស្ថាន​កុងស៊ុល​របស់ខ្លួន

បុរសម្នាក់បានកាន់ផ្ទាំងរូបភាពរបស់អ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីយ៉ា Jamal Khashoggi ក្នុងអំឡុងពេលនៃការតវ៉ាដែលរៀបចំឡើងដោយសមាជិកនៃសមាគមសារព័ត៌មានទួរគី – អារ៉ាប់នៅច្រកចូលស្ថានកុងស៊ុលសៅឌីអារ៉ាប៊ីនៅអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅថ្ងៃទី 8 ខែតុលាឆ្នាំ 2018 ។ Chris McGrath / Getty Images

មេដឹកនាំកំពូលៗប្រទេសអារ៉ាប៊ីសាអូឌីត បាន​ប្ដេជ្ញាថាពួកគេ​​នឹង​ស្វែងរក​ការពិតនៃការសម្លាប់អ្នក​សារព័ត៌មានម្នាក់​ក្នុង​​​ស្ថាន​កុងស៊ុលរបស់ខ្លួន​​​​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី ឲ្យខានតែបាន។

ការប្ដេជ្ញា​របស់​មេដឹកនាំ​អារ៉ាប៊ីសាអូឌីតបែបនេះ បាន​ធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការ​បរទេស​អាមេរិក​កាលពីម្សិលមិញ។ ​សេចក្តីសង្ខេបព័ត៌មាន​​ស្តី​ពី​ដំណើរទស្សកិច្ច​របស់​លោក​​ ម៉ៃ ប៉ុម​ពីអូ ទៅកាន់ប្រទេស​អារ៉ាប៊ីសាអូឌីត ដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេស​អាមេរិក​កាល​ពីម្សិលមិញ​ ឲ្យដឹង​ថា​រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះបាន​ជួបជាមួយនឹងព្រះមហាក្សត្របច្ចុប្បន្ន ព្រះចៅ សាលម៉ាន រាជទាយាទ មហាម៉េដ សាលម៉ាន និង​រដ្ឋមន្រ្តី​ក្រសួងការបរទេសប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងការ​បរទេស​អាមេរិក​ ​​លោក​​ ម៉ៃ ប៉ុម​ពីអូ ជួបជាមួយនឹងព្រះមហាក្សត្របច្ចុប្បន្ន ព្រះចៅ សាលម៉ាន និងរាជទាយាទ មហាម៉េដ សាលម៉ាន ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ Leah Mills/AP)

ប្រភពដដែល​ បាន​ឲ្យដឹង​ថា​លោក ​​ម៉ៃ ប៉ុម​ពីអូ បាន​និយាយដោយត្រង់ជាមួយមេដឹកនាំ​អារ៉ាប៊ីសាអូឌីតទាំងនេះ​ពីការសម្លាប់អ្នកសារព័ត៌មានម្នាក់​ឈ្មោះ ជឺម៉ាល់ ខាហ្ស័ក​ហ្គី នៅស្ថាន​កុងស៊ុលរបស់​អារ៉ាប៊ីសាអូឌីត​​​​ប្រចាំ​ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស​តួកគី។ ​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​ បាន​សន្យានឹង​លោក​​ ម៉ៃ ប៉ុម​ពីអូ ថា​ នឹង​ស៊ើបអង្កេតលើករណីនេះដោយយកចិត្តទុកដាក់​ ប្រកបដោយតម្លាភាព​ និង​ឲ្យបានលឿនបំផុត។

ក្នុងជំនួបនោះ មេដឹកនាំកំពូល​អារ៉ាប់​​អារ៉ាប៊ីសាអូឌីត ក៏បាន​ប្រកែក​ដាច់​អហង្ការថា ​ខ្លួនមិនបាន​ជាប់​ពាក់នឹងការ​សម្លាប់​លោក ជឺម៉ាល់ ខាហ្ស័ក​ហ្គី នោះឡើយ។

ការធ្វើដំណើររបស់​រដ្ឋមន្រ្តីការទេសអាមេរិក ​​លោក ​​ម៉ៃ ប៉ុម​ពីអូ ទៅកាន់​ប្រទេសអារ៉ាប់​​អារ៉ាប៊ីសាអូឌីត ​បានធ្វើឡើងដោយ​មានការបញ្ជាផ្ទាល់​ពី​លោក ​ដូណាល់​ ត្រាំ។ លោក ដូណាល់ ត្រាំ ត្រូវបាន​គេរិះគន់​ដោយ​សារតែលោកមិន​មាន​ជំហរពិតប្រាកដ​ពីវិធានការដែល​ខ្លួននឹងធ្វើ​ចំពោះ​អារ៉ាប៊ីសាអូឌីត ករណីការសម្លាប់​លោក ជឺម៉ាល់ ខាហ្ស័ក​ហ្គី។

មិនត្រឹមតែ​​ប៉ុណ្ណោះទេ ក្នុងបទសម្ភាសន៍មួយជាមួយ​ទីភ្នាក់​ងារសារព័ត៌មាន ​AP កាលពីថ្ងៃអង្គារ​ លោក​ ដូណាល់ ​ត្រាំ បាន​និយាយការពារអារ៉ាប៊ីសាអ៊ូឌីត ដោយថាការចោទប្រកាន់មេដឹកនាំកំពូលៗ​អារ៉ាប៊ីសាអ៊ូឌីត ថា​នៅពីក្រោយការស្លាប់​របស់​លោក ​ជឺម៉ាល់ ខាហ្ស័ក​ហ្គី ជាការចោទប្រកាន់ដ៏ក្មេងខ្ចី​។ លោក​ បាន​ប្រៀបធៀបការចោទប្រកាន់ទៅលើមេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត ថាដូចទៅនឹងការចោទប្រកាន់ពីរឿងអាស្រូវផ្លូវភេទទៅលើ​លោក ប្រេត កាវ៉ាន់ណ ប្រធានតុលាការកំពូលអាមេរិក​ដែល​ទើបតែត្រូវបាន​តែងតាំង​យ៉ាងដូច្នេះដែរ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន ​CNN របស់​អាមេរិក រាជទាយាទ មហាម៉េដ សាលម៉ាន និងមន្រ្តីជាន់ខ្ពស់​មួយចំនួន​ទៀត​ត្រូវបានគេសង្ស័យថា​ជា​អ្នកពីក្រោយនៃស្លាប់​របស់​លោក ​ជឺម៉ាល់ ខាហ្ស័ក​ហ្គី ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអីុស្ថានប៊ុល។

លោក ​ជឺម៉ាល់ ខាហ្ស័ក​ហ្គី បាន​ទៅកាន់ប្រទេសតួកគីដើម្បីរៀបការជាមួយគូដណ្ដឹងរបស់​លោក​ឈ្មោះ ហាទីស សិនហ្គីស។ យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន ​C NN លោក​ ជឺម៉ាល់ ខាហ្ស័ក​ហ្គី បានចូលស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទៅយក​ឯកសារមួយចំនួន​ដើម្បី​អាច​រៀបជាមួយគូដណ្ដឹង​លោក​។

ខ្សែវីដេអូស៊ីស៊ីធីវីបង្ហាញអ្នកកាសែតអារ៉ាប់ Jamal Khashoggi ចូលទៅកាន់ស្ថានកុងស៊ុលនៅថ្ងៃទី 2 ខែតុលា។ រូបភាព៖ CNN

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គូដណ្ដឹងរបស់​លោក ​ជឺម៉ាល់ ខាហ្ស័ក​ហ្គី បាន​រង់​ចាំគាត់​អស់រយៈពេល​ជាង១០ម៉ោង នៅតែមិនឃើញលោកចេញមកពីស្ថានកុងស៊ុលនោះ ទើប​សម្រេច​ចិត្ត​ប្តឹងទៅ​អាជ្ញាធរតួកគី។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ CNN សាកសពរបស់​លោក ​ជឺម៉ាល់ ខាហ្ស័ក​ហ្គី ត្រូវបាន​អាជ្ញាធរតួកគីរកឃើញកាត់​ជាកំណាត់ៗនៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល។

លោក​ ជឺម៉ាល់ ខាហ្ស័ក​ហ្គី ជាអ្នកសារព័ត៌មាន​ជន​ជាតិ​​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​លោក​បានភៀសខ្លួន​ទៅរស់​នៅសហរដ្ឋអាមេរិក​នៅឆ្នាំ២០១៧ ដោយសារតែលោកបារម្ភពីការចាប់​ខ្លួន​រូបពីសំណាក់​អាជ្ញាធរ​​អារ៉ាប៊ីសាអ៊ូឌីត ព្រោះតែលោក​បាន​រិះគន់​ពីការធ្វើ ធ្វើកំណែទម្រង់​វិស័យសេដ្ឋកិច្ចនិងសង្គមដែល​ដឹកនាំដោយ​​រាជទាយាទ មហាម៉េដ សាលម៉ាន។ ក្រោយពីពេល​ទៅដល់ សហរដ្ឋ​អាមេរិក​ លោក​ក៏បានចាប់ផ្ដើម​សរសេរ​អត្ថបទវិចារណកថាឲ្យ​សារព័ត៌មាន​ Washington Post។  ​ តាមសារព័ត៌មាន​អង់គ្លេស​ BBC ក្នុងវិចារកថារបស់លោក លោកបាន​​​រិះគន់​ធ្ងន់​ៗទៅលើអារ៉ាប៊ីសាអ៊ូឌីតផងដែរ ថា​ជាអ្នកនៅពីក្រោយ​ជម្លោះដែលកំពុងកើត​នៅប្រទេស​យេមែន​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ