លោក ហ៊ុន សែន បង្កើតក្រុមការងារចម្រុះទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗនៅមុខ​ភូមិគ្រឹះរបស់លោក

ពលរដ្ឋមកពីខេត្តកោះកុង មកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​អន្តរាគមន៍ករណីជំលោះដីធ្លី ដែលពួកគេថា​ជាប់ពាក់ព័ន្ធជាមួយនឹង​ក្រុមហ៊ុន​ស្កអំពៅ​របស់លោក​ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមការងារ​មួយ​ដែល​មាន​សមាជិក​ចម្រុះ ២២​រូប ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះរបស់លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទាំងពីរកន្លែង​ ដោយថា ដើម្បីទប់ស្កាត់ការញុះញង់ពីក្រុមឆ្លៀតឱកាសកេងចំណេញ​មកពីលើក្រុមអ្នកតវ៉ាទាំងនោះ។

ក្នុងសេចក្ដី​សម្រេច​​កាលពីថ្ងៃទី១៦ ខែតុលានេះ លោក ហ៊ុន សែន បានសម្រេច​បង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយ​បណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះរបស់លោក​ស្ថិតនៅជិតវិមានឯករាជ្យ រាធានីភ្នំពេញ និងមួយកន្លែងទៀត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយថា ដើម្បីទប់ស្កាត់ទប់ស្កាត់ការញុះញង់ពីក្រុមឆ្លៀតឱកាសកេងចំណេញ​មកពីលើក្រុមអ្នកតវ៉ា។

លិខិតដដែលជំរុញទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់​ត្រូវ​សហការគ្នាទប់ស្កាត់ក្រុមអ្នកតវ៉ា មានបាតុករច្រើននាក់ ដែលមានបំណងដាក់ពាក្យបណ្តឹងតវ៉ាផ្សេងៗ ហើយ​ព្យាយាមពន្យល់ពីនីតិវិធីរបស់ក្រុមការងារចម្រុះ និងច្បាប់ជាដើម។

បើ​តាម​លិខិតដដែល​នោះ ក្រុមការងារចម្រុះទាំងនោះ មានសមាជិកសរុប​២២រូប ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​​មេ​បញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​អគ្គមេបញ្ជាការរង​កង​ទ័ព​ផង​ដែរ និង​​​អម​ទៅ​ដោយ​អនុ​ប្រធាន ២​រូប មាន​អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និង​អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ។

ចំណែក​ឯ​​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក រ័ត្ន ស៊្រាង ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស ថេត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន និង​មន្ត្រី​តំណាងក្រសួងដែនដី ក្រសួងការងារ តំណាងរដ្ឋសភា ព្រឹទ្ធសភា ក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន ក៏​ត្រូវ​បាន​ចាត់​តាំង​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ការងារ​នេះ​ផង​ដែរ។

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស ថេត ដែលជាសមាជិកក្នុង​ក្រុមការងារទទួលពាក្យបណ្តឹងតវ៉ានោះ មានប្រសាសន៍បន្ថែមថា ក្រុមការងារចម្រុះនេះនឹងជួយដល់ប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌ និង​​ទប់ស្កាត់កុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពេលក្រុមបាតុករ​ឡើងមកតវ៉ានៅរាជធានីភ្នំពេញជាដើម។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការបង្កើតនេះ ដើម្បីជួយដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋទេ កុំឲ្យគាត់មកបាត់សណ្តាប់ធ្នាប់សង្គម។ បង្កើតក្រុមការងារនេះ ដើម្បីជួយសម្រួល​ដោះស្រាយ​បញ្ហា​ជូនពួកគាត់ទេ»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ក្រុមការងារនេះ ជាសារមួយបង្ហាញទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យ​យកចិត្តទុកដាក់ជូួយប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌នានា ដើម្បីកុំឲ្យនាំទុក្ខ​ដល់រដ្ឋាភិបាល។

លោកយល់ថា៖ «ការបង្កើតគណៈក​ម្មការនេះ ជាដំបងមួយសំពង​ទៅលើអាជ្ញាធរថ្នាក់ក្រោម ត្រូវ​ខិតខំដោះស្រាយ​បញ្ហាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋឡើងមកទីក្រុងភ្នំពេញ មកតវ៉ាដើម្បីសុំកិច្ចអន្តរាគមន៍ពីសម្តេចនាយក​​រដ្ឋមន្ត្រី។ ការងារលោកច្រើនណាស់ក្នុងការដោះស្រាយ​ជូនប្រជាពលរដ្ឋ»

កាលពីអាណត្តិមុន រដ្ឋាភិបាល​ក៏​​បាន​បង្កើត​គណៈកម្មការ​​ចម្រុះ​អន្តរ​ក្រសួងរួច​មក​ហើយ​ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ជា​បន្តបន្ទាប់ ​រហូត​ដល់​បង្កើត​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​ចែក​ជូន​ប្រជាពលរដ្ឋ បង្កើត​ក្រុម​ការងារ​ទទួល​ជួប​សម្របសម្រួល និង​ដោះស្រាយ​ជាមួយ​ក្រុម​អ្នក​តវ៉ា ឬ​ក្រុម​បាតុករ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅក្រក្រសួងដែនដី រួមទាំង​បង្កើត​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើដឹកនាំដោយលោក សៅ សុខា​ អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ