វៀតណាម​ដោះលែងអ្នក​រិះគន់រដ្ឋាភិបាល​ម្នាក់​​ ក្រោយ​ពីមន្រ្តី​​អាមេរិក​បំពេញ​ទស្សនកិច្ច​

នៅថ្ងៃព្រហស្បតិ៍ទី 30 ខែវិច្ឆិកាឆ្នាំ 2017 អ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ ជាអ្នកសរសេរប្លុកជនជាតិវៀតណាមដ៏ល្បីល្បាញម្នាក់ត្រូវបានកាត់ទោសនៅខេត្តខាញ់ហាវ ប្រទេសវៀតណាម។ វៀតណាមបានដោះលែងអ្នកសរសេរប្លក់ដ៏ល្បីម្នាក់ក្រោយពីជាប់គុកពីរឆ្នាំដោយមានលក្ខខណ្ឌថាលោកស្រីនឹងចាកចេញទៅសហរដ្ឋអាមេរិក។ អ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ ត្រូវបានគេចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់គុក 10 ឆ្នាំដោយចោទប្រកាន់ពីបទប្រមាថរដ្ឋាភិបាលកុម្មុយនីស។ (ទីភ្នាក់ងារ Tien Minh / ទីភ្នាក់ងារសារព័ត៌មានវៀតណាមតាមរយៈ AP, ឯកសារ) (Associated Press)

អាជ្ញាធរ​វៀតណាម បាន​ដោះ​លែង​អ្នកសរសេរ​ប្លុក​រិះគន់​រដ្ឋាភិបាល​របស់​ខ្លួន​ម្នាក់​ ក្រោយ​​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទៅបំពេញ​ទស្សនកិច្ច​នៅក្នុងប្រទេសនេះ។

តាមសេចក្តីប្រកាសព័ត៌មាន​របស់់​អង្គការលើកលែង​ទោស​អន្តរជាតិ​ អ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ​ ​ ត្រូវបានអាជ្ញាធរវៀតណាមដោះលែង​កាល​ពីថ្ងៃ​ម្សិលមិញ។ នាយក​អង្គការលើកលែង ទោស​អន្តរជាតិប្រចាំតំបន់​អាស៊ី លោក នីកូឡាស បេកេលីន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា​ អ្នក​សរសេរ​ប្លុក​រិះគន់​រដ្ឋាភិបាល​វៀតណាម អ្នកស្រី ​ង្វៀន ង៉ុក ញូឃ្វីញ ត្រូវបាន​ដោះលែង​ដោយ​ភ្ជាប់​ជា​មួយ​នឹង​លក្ខខណ្ឌដែល​តម្រូវ​ឲ្យ​អ្នកស្រី​ត្រូវ​និរទេស​ខ្លួន​ទៅ​រស់​នៅបរទេស។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារ​​សារព័ត៌មាន​រ៉យទ័រ​ ការដោះលែងអ្នកស្រី​ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​អាមេរិកលោក ជីម ម៉ាទីស ​បាន​បំពេញ​ទស្សនកិច្ចនៅវៀតណាម​កាលពីថ្ងៃអង្គារ​កន្លងទៅ។ ប៉ុន្តែបើតាម​​ព័ត៌មាន​រ៉យទ័រ​  គេមិនអាចសន្និដ្ឋាន​បាន​ថាការ​ដោះលែងអ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ ជាប់​ទាក់​ទងនឹង​​ដំណើរ​ទស្សនកិច្ចរបស់​លោក​ ជីម ម៉ាទីស​ ឬយ៉ាងណានោះទេ។ តាមប្រភពខាងលើ អ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ រួមទាំងម្ដាយ​និង​កូ​នទាំងពីររបស់​អ្នកស្រី​ ​បាននាំគ្នា​​ចាកចេញ​ទៅរស់​នៅសហរដ្ឋ​អាមេរិក​កាល​ពីម្សិល​មិញ​នេះ។ ​

U.S. Secretary of Defense Jim Mattis, right, is greeted by Vietnam’s Air Force Deputy Commander Gen. Bui Anh Chung, second from right, as he visits Bien Hoa airbase, where the U.S. army stored the defoliant Agent Orange during the Vietnam War, in Bien Hoa city, outside Ho Chi Minh city, Vietnam, Wednesday, Oct. 17, 2018. (Kham/Pool Photo via AP).

អ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ ត្រូវបាន​អាជ្ញាធរវៀតណាម​ចាប់​ខ្លួន​កាល​ពី​ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានកាត់​ទោសឲ្យជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំក្រោម​បទធ្វើការ​ឃោសនា​ប្រឆាំង​​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម។ អ្នកស្រី​ ជាអ្នកសរសេរ​ប្លុក​ ឬហៅអាចហៅម្យ៉ាងទៀតបាន​ថាជាអ្នក​​សរសេរ​អត្ថបទដែល​ចែក​ចាយ​លើបណ្ដាញ​អិនធឺណិត។ អត្ថបទដែល​អ្នកស្រីសរសេរ​ភាគច្រើន​ ជាអត្ថបទ​ដែល​​​​រិះគន់រដ្ឋាភិបាល​កុម្មុយនីស្តវៀតណាម​ពីបញ្ហាសិទ្ធិមនុស្ស និង​ការ​បំពុល​បរិស្ថាន​ដែល​បង្កឡើងដោយ​ឧស្សាហកម្ម​ធំៗ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​វៀមណាម​ញូវ ក្នុង​ឆ្នាំ២០១៧ ប្រជាជន​វៀតណាម​ប្រមាណ​៥៤ភាគរយ​ឬ​ស្នើនឹង​៥០លាននាក់ មាន​អិនធឺណិតប្រើប្រាស់។

តាមសេចក្តីប្រកាសព័ត៌មាន​របស់់​អង្គការលើកលែង​ទោស​អន្តរជាតិ​ អ្នកស្រី ​​ង្វៀនង៉ុក ញូឃ្វីញ ក៏​ជាសហស្ថាបនិក​បណ្ដាញ​អ្នកសរសេរ​ប្លុកឯករាជ្យ​វៀតណាមដែល​បង្កើតឡើងនៅឆ្នាំ២០១៣ផងដែរ។  អ្នកស្រី​ ក៏ជាអ្នកតស៊ូមតិ​ក្នុងការលើកកម្ពស់​សិទ្ធិ​និង​យុត្តិធម៌ក្នុងសង្គម​វៀតណាម​អស់​រយៈពេល​ជាង​១០ឆ្នាំមក​ហើយ។ ក្នុងរយៈពេល​ជាង១០ឆ្នាំមកនេះ អ្នកស្រី​ត្រូវបាន​អាជ្ញាធរកុម្មុយនីស្ត​វៀតណាម​ ហៅទៅសួរ​ចម្លើយ​ និង​ចាប់​ខ្លួន​ជាច្រើនលើកច្រើ​នសារ ហើយអ្នកស្រី ក៏ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរចេញ​ទៅក្រៅប្រទេសផងដែរក្នុងអំឡុងពេលនោះ។ ​

​បើតាម​អង្គការលើកលែង​ទោស​អន្តរជាតិ​ ជនជាតិ​វៀតណាម​ជាង១០០នាក់​ផ្សេងទៀត នៅតែបន្ត​ជាប់​ឃុំ​ដោយសារតែពួកគេ​បានសរសេពាក្យជាការរិះគន់​​នៅលើ​រដ្ឋាភិបាល​ភិបាលវៀតណាមនៅលើប្លុក ឬ ក៏លើបណ្ដាញ​សង្គម​ហ្វេសប៊ុករបស់​គេ។

កាលពីថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៨ ប្រទេសវៀតណាម បាន​អនុម័តច្បាប់ស្តីពី​សុវត្ថិភាពតាមអិន​ធឺណិត ដែលបង្កក្តី​បារម្ភដល់​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ប្រទេសនេះ ដោយថា​អាជ្ញាធរនឹង​យក​ច្បាប់នេះមករឹត​បណ្ដឹង​លើការប្រើ​ប្រាស់​សិទ្ធិបញ្ចេញមតិរបស់​ពួកគេថែម​ទៀត។ ច្បាប់នេះ នឹងចូល​ជា​ធរមាន​នៅថ្ងៃទី​១ខែមករា ឆ្នាំ២០១៩។ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់​ងារសារព័ត៌មាន​រ៉យទ័រ ច្បាប់នេះតម្រូវឲ្យក្រុមហ៊ុនអិនធីណិត​និងបណ្ដាញ​សង្គម​ធំ​ៗដូចជា​ Facebook និង Google ជាដើមត្រូវរក្សាទុកទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​និង​ត្រូវ​បើ​កការិយាល័យ​នៅប្រទេស​វៀតណាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ