រដ្ឋសភាកម្ពុជា បានច្រានចោលការទាមទាររបស់សហភាពអន្តរសភា(IPU)ដែលជំរុញឲ្យគណបក្សសង្គ្រោះ ជាតិបានចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញដោយគ្មានការគំរាមកំហែងផ្នែកនយោបាយ ហើយទម្លាក់បទចោទទាំងអស់លើរូបលោក កឹម សុខាផងដែរ ។
សភាកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការមួយលើកឡើងថា ឈ្មោះអតីតតំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវបានលើកឡើងដោយគណៈកម្មធិការសិទ្ធិមនុស្សសហភាពអន្តរសភា មិនមែនជាសមាជិកសភាទៀតឡើយ ហើយសភាកម្ពុជាបដិសេធទាំងស្រុងនៅសេចក្តីសម្រេចរបស់សហភាពអន្តរសភា(IPU)។
សេចក្តីថ្លែងការនោះសរសេថា៖ «គណៈកម្មធិការ(សិទ្ធិមនុស្សសហភាពអន្តរសភា) បានលាបពណ៌ប្រទេសកម្ពុជាឲ្យខ្មៅងងឹត តាមរយៈការចេញសេចក្តីសម្រេចដែលមានលក្ខណៈលំអៀង ដោយធ្វើការព្រងើយកន្តើយចំពោះសេចក្តីត្រូវការពិតប្រាកដជាមូលដ្ឋាន និងផ្លូវដ៏គ្រោះថ្នាក់ក្នុងដំណើរការឆ្ពោះទៅរកការសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជាដែលទទួលបានដោយការពុះពារយ៉ាងលំបាក។»
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង អះអាងថារដ្ឋសភាកម្ពុជា នឹងបន្តពិភាក្សាសំណើរបស់ IPU នេះបន្តទៀត។
លោកថា៖«គណៈប្រតិភូគាត់ធ្វើការជំទាស់រួចហើយ។ ប៉ុន្តែខាងសភាចាំមើលគណៈប្រតិភូមកវិញថា គួរធ្វើយ៉ាងម៉េចទៀត»។
សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស កាលពីម្សិលមិញ បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។
សេចក្តីសម្រេចនេះ ក៏បានបានទាមទារផងដែរឲ្យអាជ្ញាធរកម្ពុជាបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។
IPU ចាត់ទុកថា ការចាប់ឃុំខ្លួនលោក កឹម សុខា មិនមានភស្តុតាងត្រឹមត្រូវទេ ហើយជំរុញឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ។
សេចក្តីសម្រេច៖«ជាថ្មីម្តងទៀតយើងជំរុញឲ្យអាជ្ញាធរកម្ពុជាទាំងអស់ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ហើយអនុញ្ញាត ឲ្យលោកបំពេញតួនាទីជាប្រធានគណបក្សប្រឆាំងវិញដោយគ្មានការពន្យារពេលនិងរឹតបន្តឹង និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។»
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និយាយថា ការទាមទាររបស់(IPU)ដែលចង់ឲ្យដោះលែងលោក កឹម សុខា និងចង់ឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញជាដើមនោះ លោកថាមិនអាចទៅរួចទេបើពិនិត្យពីទិដ្ឋភាពច្បាប់។
លោកថា៖«បើសិនជាIPU ចង់ជួយមិនគួរណាដាក់សម្ពាធមកលើរដ្ឋាភិបាល ឲ្យរំលោភបំពានទៅលើអំណាចតុលាការអញ្ចឹងទេ គួរតែចូលរួមនីតិវិធីរបស់តុលាការ។ធ្វើម៉េចប្រមូលភស្តុតាង ទឡ្ហីករណ៍ណាថ្មីរឹងមាំមូលដ្ឋានផ្លូវច្បាប់រឹងមាំដើម្បីធ្វើការការពារក្តីហើយការពារខ្លួនឲ្យរួចផុតពីបទចោទ អាហ្នឹងជាការល្អជាង»។
សហរដ្ឋអាមេរិក ធ្លាប់ជំរុញឲ្យដោះលែង លោក កឹម សុខា និងបានប្រកាសកាលពីខែសីហាថា ខ្លួននឹងពង្រីកវិធានការ រួមទាំងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីសំខាន់ៗ របស់កម្ពុជាមួយចំនួនបន្ថែមទៀតបើមិនស្តារប្រជាធិបតេយ្យ។ ចំណែកសហភាពអឺរ៉ុបបានជូនដំណឹងរួចហើយ ពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ ដែលប្រព័ន្ធនេះ កម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារ ក្នុង១ឆ្នាំៗពីការនាំផលិតផលទៅលក់នៅទីផ្សាអឺរ៉ុបដោយរួចពន្ធ ដោយទុកពេលឲ្យ១២ខែ សម្រាប់ឲ្យរដ្ឋាភិបាល ពិចារណាស្តាស្ថានការណ៍នយោបាយឡើងវិញ៕