តុលាការសម្រេច​ឃុំខ្លួនអ្នកបិតស្រាម្នាក់​ករណី​ពលរដ្ឋ​៥នាក់​ស្លាប់ដោយសារពុលស្រា«​ស»នៅក្រចេះ​

ករណីសង្ស័យពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

សាលាដំបូងខេត្ត​ក្រចេះ បានចេញ​ដីការ​បង្គាប់​ឲ្យឃុំខ្លួន​អ្នកបិតស្រាម្នាក់​ពីបទមនុស្សឃាតកម្ម​ដោយអ​ចេតនា​។

យោងតាម​ដីការបង្គាប់ឲ្យឃុំ​ខ្លួនរបស់​សាលាដំបូងខេត្តក្រចេះ​ ចៅក្រមស៊ើបសួរ អេង ចំនាប់ បាន​បញ្ជា​ឲ្យភ្នាក់​ងារមានសមត្ថកិច្ច​នៃកំលាំងសាធារណៈធ្វើការ​នាំខ្លួន​ជន​ត្រូវចោទ​ឈ្មោះ​ កុច សុខហេង​ ទៅ​ពន្ធនាគារខេត្តក្រចេះ ក្រោម​បទមនុស្សឃាតដោយ​អចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។ តាមប្រភពដដែល ជន​ត្រូវចោទ​រូបនេះមាន​មុខរបរបិទស្រា ហើយ​ត្រូវបាន​សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន​កាលពីថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៨។

មាត្រា២០៧ នៃក្រមព្រហ្មទណ្ឌចែងថា មនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឲ្យអ្នកដទៃស្លាប់ ដោយការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ​ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល​ទៅ៦លានរៀល។

រហូត​មកដល់​រសៀលថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៨ននេះ ​VOD មិនអាចសុំការបំភ្លឺពីគ្រួសារអ្នកបិទស្រា«​ស»​នោះបានទេ។

នាយករងរដ្ឋបាលខេត្តក្រចេះ លោក អឹុម ពិសី បានប្រាប់VODថា គិតត្រឹមថ្ងៃទី២២ ខែតុលានេះ ប្រជាពលរដ្ឋមក​ពី​ឃុំចំនួន៤  គឺឃុំបឹងចារ ឃុំសំបូរ ឃុំក្បាលដំរី និងឃុំកោះខ្ញែ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ បានពុលស្រា«​ស»ស្លាប់ចំនួន៥នាក់ និង៨៩នាក់ចាកចេញពីមន្ទីរពេទ្យខេត្តត្រឡប់ទៅផ្ទះវិញអស់កាលពីម្សិលមិញ។​

នៅពេលសួរថា តើស្ថាប័នណាជាអ្នកទទួលខុសត្រូវលើករណីនេះ? លោក ពិសី អះអាងថា តាមច្បាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្មជាអ្នកទទួលខុសត្រូវលើបញ្ហានេះ។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ំ សុផា មានប្រសាសន៍ថា ករណីពុលស្រា«​ស»ស្លាប់នេះមិនមែនទើបតែកើតឡើងនៅក្នុងខេត្តក្រចេះតែមួយទេ ពោលមានច្រើនកន្លែងផ្សេងគ្នា។ ប៉ុន្តែលោកថា កន្លងមក​ក្រសួងមានផ្ទេរការគ្រប់គ្រងទីតាំងផលិតស្រា«ស»តូច​តាចទៅឲ្យស្រុក និងក្រុងជាអ្នក​គ្រប់គ្រងវិញ​។

មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មរូបនោះ អះអាងថា បើក្រសួងរកឃើញថា មន្ត្រីរបស់ខ្លួនបើកដៃ ឬឃុបឃិ​តជាមួយម្ចាស់សិប្បកម្ម​ឲ្យផលិតស្រា«​ស»ខុសបច្ចេកទេស នឹងត្រូវប្រឈមចំពោះ​មុខ​​ច្បាប់។

លោកមានប្រសាសន៍ថា៖«បើយើងឃើញថាកំហុសគាត់ គាត់មានការបណ្តែតបណ្តោយ ខ្លួនគាត់ស៊ុំក្រលំអីបានយើងដាក់ទណ្ឌកម្ម តែបើសិនជាគាត់ណែនាំគេហើយ ឲ្យគេផ្តិតមេដៃទទួលខុសត្រូវហើយ គេនៅតែលួចធ្វើទៀត រឿងបុគ្គលអ្នកដែលធ្វើនោះទេ»។

នាយក​ប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ថា ដើម្បីកុំឲ្យមន្ត្រីរដ្ឋាភិបាលរុញបញ្ហាឲ្យគ្នាទៅវិញទៅមក មានតែដំណោះស្រាយ​តែមួយគត់ គឺរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ទើបជួយកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបាន។

លោកមានប្រសាសន៍ថា«យើងត្រូវការច្បាប់ជាបន្ទាន់ ដែលច្បាប់ចែងថាតើ់ការផលិតយ៉ាងម៉េច ការលក់ត្រូវយ៉ាងម៉េច ការផ្សាយពាណិជ្ជកម្មយ៉ាងម៉េច ការប្រើប្រាស់យ៉ាងម៉េច ហើយអ្នកណា អ្នកទទួលខុសត្រូវ នៅពេលយើងមានចែងច្បាស់ ខ្ញុំគិតថា វាងាយស្រួលក្នុងការអនុវត្តផង»។

ទាក់ទងនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៥ ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន ជាពិសេសស្រា«​ស» បន្ទាប់ពីពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ