មូលហេតុប្រទេសកុម្មុយនីស្តវៀតណាម​ទទួលប្រព័ន្ធអនុគ្រោះពន្ធពី EU

4 August 2015, the EU and Vietnam have reached an agreement in principle for a free trade agreement (FTA). (Image: eurochamvn.org)

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨  គណៈកម្មការអឺរ៉ុប(EU)បានសម្រេចអនុម័តដាក់បញ្ចូលវៀតណាម​ឲ្យស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរី (FTA=Free Trade Areas) ដែលអាចលុបបំបាត់ពន្ធរហូតដល់៩៩ភាគរយ លើប្រភេទមុខទំនិញដែលវៀតណាម​នាំទៅលក់នៅអឺរ៉ុប។​

មានសំនួរជាច្រើនចោទឡើងទៅលើទំនាក់ទំនងរវាងអឺរ៉ុប និងវៀតណាម​នៅក្នុងដំណាក់កាលចុងក្រោយនេះ ថា ហេតុអ្វីបាន​ជាវៀតណាម​ជាប្រទេសកុម្មុយនីស្តបែរជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប​ ជាបណ្តុំនៃប្រទេសកាន់របបសេរី ផ្តោតលើការគោរពសិទ្ធិមនុសុ្ស?

ឥរិយាបថការទូត

ប្រទេសកុម្មុយនីស្តមួយនេះ ហាក់រក្សាភាពទន់ភ្លន់មិនចោលរបបកុម្មុយនីស្ត ប៉ុន្តែស្រវាឱបប្រទេសសេរី ដើម្បីផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ច។​

ភាពទន់ភ្លន់របស់វៀតណាម​មិនមែនធ្វើឡើង​តែចំពោះអឺរ៉ុបទេ គឺអាមេរិក ជប៉ុន និងបណ្តាប្រទេសលោកសេរីផ្សេងទៀត វៀតណាម​មិនបានបង្កភាពតានតឹងជាមួយប្រទេសណាទេ។​

បើទោះជាវៀតណាម​ជាប្រទេសកុម្មុយនីស្តមិនផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋជ្រើសរើសមេដឹកនាំ និងមានការបង្ក្រាបលើអ្នកទាមទារសិទ្ធិសេរីភាព ក៏ប្រទេសនេះនៅតែរក្សាភាពស្ងប់ស្ងាត់និងហាក់បង្ហាញភាពសុភាពរាបសាពេលដែលប្រទេសលោកសេរីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស។​

វៀតណាមក៏ធ្លាប់សន្យាធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាព និងធ្លាប់ដោះលែងអ្នកតស៊ូមតិ ឬ អ្នកទោសមនសិការ តាមការទាមទាររបស់លោកសេរីដែរ។​

ភូមិសាស្ត្រ

វៀតណាម​អាចថា ជាប្រទេសកុម្មុយនីស្តតូច កំពុងរងការគំរាមកំហែងពីប្រទេសកុម្មុយនីស្តធំគឺចិន។ វៀតណាម​តែងតែប្រកាសលើឆាកអន្តរជាតិថា ខ្លួនកំពុងតែរងគ្រោះពីការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសចិន។ បញ្ហានេះធ្វើឲ្យពលរដ្ឋវៀតណាម​ផ្ទុះការតវ៉ាម្តងហើយម្តងទៀតប្រឆាំងចិន។ កាលពីខែឧសភាឆ្នាំ២០១៤ បាតុកម្មធំផ្ទុះឡើងបណ្តេញចិនរាប់ម៉ឺននាក់ចេញពីភាគខាងត្បូងវៀតណាម ករណី​ជម្លោះដែនសមុទ្រ ចំណែកការតវ៉ាទូទាំងប្រទេសកាលពីខែមិថុនាឆ្នាំ២០១៨  ប្រឆាំងរដ្ឋាភិបាលផ្តល់ដីសម្បទានឲ្យចិន។ ព្រឹត្តិការណ៍តវ៉ាធំៗទាំងពីរសុទ្ធតែមានអ្នកស្លាប់ រងរបួស និងការចាប់ខ្លួន។ ទាំងនេះបង្ហាញថា ក្នុងកែវភ្នែករបស់វៀតណាម​ ចាត់ទុកចិនជាសត្រូវដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស ដូច្នេះត្រូវរកប្រទេសេរីឲ្យជួយ។​

ចំណែកប្រទេសសេរីផ្សេងៗទៀត ក៏ត្រូវជ្រើសរើសយកវៀតណា​ម ដើម្បីពង្រឹងឥទ្ធិពលក្នុងតំបន់ និងបន្ថយឥទ្ធិពលចិនដែរ។​

កាលពីខែមិថុនា ឆ្នាំ២០១៦ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា បានសម្រេចដកទណ្ឌកម្មអាវុធពីវៀតណាម និងបានសរសើរពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។​

កម្លាំងសេដ្ឋកិច្ច

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែតុលា អឺរ៉ុបក្រៅពីដាក់លក្ខខណ្ឌមួយចំនួន ក៏បានលើកឡើងពីឱកាសនៃការសហការជាមួយវៀតណាម​ដែរគឺលោកស្រី Cecilia Malmstrom ស្នងការសេដ្ឋកិច្ចអឺរ៉ុប បានលើកឡើងថា វៀតណាម​ជាទីផ្សារមួយមានអ្នកប្រើប្រាស់ជាង៩៥លាននាក់ និងកម្លាំងពលកម្មខ្លាំងក្លា។​

វៀតណាមជាប្រទេសធំលំដាប់ទី២ក្នុងទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយអឺរ៉ុបបន្ទាប់ពីសិង្ហបុរី គឺពាណិជ្ជកម្មវៀតណាម-អឺរ៉ុប ក្នុង១ឆ្នាំលើតម្លៃទំនិញ៤៧,៦ ប៊ីលានអឺរ៉ូ ស្មើនឹងជាង៥៤​ប៊ីលានដុល្លារ និងលើសេវាកម្ម៣,៦ប៊ីលានអឺរ៉ូ ស្មើនឹងជាង៤ប៊ីលានដុល្លារ។​

​ប្រធានគណៈកម្មការអឺរ៉ុបលោកJean-Claude Juncker ថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប និងវៀតណាមរីកចម្រើនលើសការរំពឹងទុកក្នុងមួយរយៈកាលចុងក្រោយ។​

អត្ថទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ