កុមារី៦នាក់រងការរំលោភនិងរំលោភសម្លាប់ក្នុងពេល៦ថ្ងៃ

កុមារីរ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​ សម្លាប់​ហើយ​ញាត់​ក្នុង​កេះ​ឈើ​​ទុក​ចោល​នៅផ្ទះ​នៅ​យប់​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ក្នុងភូមិ​ថ្មី​ ឃុំ​ផ្សារ​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ហើយ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​ ២០១៨​ ទើប​មាន​គេ​ដឹង​ និង​មានការ​ភ្ញាក់ផ្អើល​ឡើង​។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

របាយការណ៍របស់សមត្ថកិច្ចបង្ហាញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ លើករណីរំលោភសម្លាប់ និងរំលោភលក្ខណៈធ្ងន់ធ្ងរកើតមានបន្តបន្ទាប់ដែលបានធ្វើឲ្យស្ថាប័នពាក់ព័ន្ធសម្តែងការព្រួយបារម្ភនិងថ្កោលទោស។

ហេតុការណ៍ដែលធ្វើឲ្យសាធារណជនថ្កោលទោសខ្លាំងក្លានោះគឹករណីរំលោភនិងសម្លាប់លើក្មេងស្រីជាបងប្អូនបង្កើតពីរនាក់កាលពីថ្ងៃទី១៧ខែតុលានៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងគឺម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទាមទារឲ្យ បង្កើតច្បាប់ប្រហារជីវិតលើជននោះទៀតផង។​

នៅថ្ងៃទី១៧ខែតុលានៅក្នុងក្រុងព្រះវិហារ មានករណីបុរសអាយុ៣៦ឆ្នាំរំលោភ លើកុមារី អាយុ៧ឆ្នាំម្នាក់ និង៨ឆ្នាំម្នាក់។​ នៅរតនគិរីកាលពីថ្ងៃទី១៩​ ឪពុករំលោភកូនស្រីអាយុ១៧ឆ្នាំ  និងនៅពោធិ៍សាត់ កាលពីថ្ងៃទី១៣មានករណីបុរសអាយុ៤៧ឆ្នាំរំលោភកុមារអាយុ៩ឆ្នាំ។​ករណីទាំងនេះកើតឡើងក្នុងចន្លោះពេល៦ថ្ងៃពីថ្ងៃទី១៣ដល់១៩ខែតុលាជាករណីដែលសមត្ថកិច្ចឃាត់ខ្លួនជនប្រព្រឹត្តិបាន​។​

មន្ត្រីជាន់ខ្ពស់ការិយាល័យឃ្លាំមើលការរំលោភស្ត្រី និងកុមារនៃអង្គការលីកាដូ លោកស្រី ណាប់ សុមាលី មានប្រសាសន៍ថា មូលហេតុចម្បងដោយសារតែការរីកសាយភាយគ្រឿង ស្រវឹង គ្រឿងញៀន វីឌីអូអាសអាភាស និងកង្វះការអប់រំ។​ លោកស្រី ជំរុញឲ្យមានការ ផ្សព្វផ្សាយឲ្យបានទូលាយចំពោះទោសទណ្ឌដល់អ្នកប្រព្រឹត្ត ហើយការអនុវត្តទោសធ្វើតាម ច្បាប់ មិនត្រូវដោះស្រាយតាមការសម្របសម្រួលជាសំណងទេ។​

លោកស្រី ណាប់ សុមាលី៖«មិនថា ជនរងគ្រោះជាសាច់ញាតិឬ អ្នកប្រព្រឹត្តិនោះទេ ធ្វើម៉េច កុំឲ្យសមត្ថកិច្ចសម្របសម្រួលក្រៅប្រព័ន្ធតុលាការតាមរយៈសំណង។ ជនរងគ្រោះជា ច្រើនបើសិនជាអ្នកប្រព្រឹត្តិជាអ្នកមានតួនាទីមានស័ក្តិមានយស ឬអ្នកលុយមានកាក់នោះ ច្រើនតែមានការសម្របសម្រួលជាសំណង ចឹងធ្វើឲ្យវប្បធម៌និទណ្ឌភាព នៅកម្ពុជានៅ តែមាន ។​»

នាយិកាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ លោកស្រី ប៉ុក បញ្ញាវិចិត្រ មានប្រសាសន៍ថា កុមាររងគ្រោះដែលអង្គការរបស់លោកស្រីបានជួយកើនឡើង។ លោកស្រីបន្តថា បញ្ហានេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្គមនិងអនាគតកុមាររងគ្រោះ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ៖«ករណីរំលោភកុមារហ្នឹងធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ អាហ្នឹងដឹង ទូទាំងសកលលោកហើយ ទី២ប៉ះពាល់ដល់អនាគតក្មេង។ ក្មេងតែប៉ះពាល់ចឹងការសិក្សា ក៏លែងចង់បាន ស្តីក៏លែងចង់ធ្វើឲ្យកើតជំងឺTrauma(ជំងឺផ្លូវចិត្ត) ចឹងរឿង ទាំងអស់នេះធ្វើ ឲ្យប៉ះពាល់អនាគតកុមារ។»

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក ប៉ា ចន្ទរឿន យល់​ឃើញថា បញ្ហាឃាតកម្មរំលោភក្មេងៗសម្លាប់ និងអំពើហិង្សាផ្សេងៗទៀតបានកើតឡើងក្នុងសង្គមខ្មែរហាក់មិនបានថមថយនោះទេ ដោយលោកថា បញ្ហានេះកើតឡើងដោយសារតែសីលធម៌និងគុណធម៌សង្គមធ្លាក់ចុះ ដែលការធ្លាក់ចុះនេះដល់ចំណុចប្រកាសអាសន្នហើយ។

អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី មិនអាចទាក់ទងសុំយោបល់បានទេនៅថ្ងៃនេះដោយលោកថា ជាប់ប្រជុំ។

កាលពីខែកក្កដា របាយការណ៍របស់សម្ព័ន្ធបងប្អូនស្រី ជាបណ្តុំអង្គការចំនួន៤បង្ហាញថា ក្នុង១ថ្ងៃមានករណីហិង្សាផ្លូវភេទយ៉ាងតិច១កើតឡើង ហើយបានកើតឡើងចំពោះកុមារ អាយុក្រោម១៥ឆ្នាំ។ របាយការណ៍បញ្ជាក់ថា ជនល្មើសសុទ្ធតែធ្លាប់មាន ទំនាក់ទំនង ជាមួយ ជនរងគ្រោះដូចជា សាច់ញាតិ មិត្តភ័ក្តិ ឬ សង្សារជាដើម។​

មាត្រា៣៩នៃច្បាប់ស្តីពីការរំលោភបំពានផ្លូវភេទចែងថា ជនដែលប្រព្រឹត្តិប្រឈម ជាប់ពន្ធនា គារ ពី៥ទៅ១០ឆ្នាំ។ ចំពោះករណីរំលោភសម្លាប់បើអចេតនាមាត្រា២៤៤អាច ជាប់ពន្ធនាគារ ពី១៥ទៅ៣០ឆ្នាំ បើមានចេតនាតាមមាត្រា២០៥ ជនប្រព្រឹត្តិអាចជាប់ពន្ធនាគារមួយជីវិត។​

ក្នុងចំណុចមួយនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពក៏បានចែងពីការប្រឆាំងលើអំពើហិង្សាផ្លូវភេទ ឬ ការរំលោភបំពានផ្លូវភេទដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ