លោក ហ៊ុន​ សែន​ ថា​ចិន​មិនលើកទ័ពមក​ឈ្លាន​ពាន​កម្ពុ​ជា​ដូច​មជ្ឈដ្ឋានប្រឆាំងរិះគន់នោះទេ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងសិស្ស និស្សិត មកពីបណ្ដាប្រទេសក្នុងសហគមន៍អ៉ឺរ៉ុប​ ដែលពិធីនេះធ្វើឡើងនៅ​ ទីក្រុងហ្សឺណែវ​ ប្រទេសស្វីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អះអាងថា មហាអំណាចចិននឹងមិនលើកទ័ពម​កឈ្លានពានកម្ពុជា​ ដូចមជ្ឈដ្ឋានប្រ​ឆាំង​​មួយ​ចំ​នួនបានរិះគន់នោះទេ ខណៈជនជាតិចិននៅតែបន្តហូរចូលមកកម្ពុជា ។

ការថ្លែងបែបនេះរបស់លោក ហ៊ុន​ សែន ធ្វើឡើងក្នុងពិធីជួបសំណេះចំណាលជាមួយអ្នកគាំទ្រមួយក្រុម នៅទីក្រុងហ្សឺណែវ ប្រ​ទេ​សស្វីស កាល​ពី​ថ្ងៃ​ម្សិលមិញ។

ក្នុងពិ​​ធីនោះ លោក ហ៊ុន​ សែន ចាត់ទុកលំហូរជន​ជាតិចិ​នមក​កម្ពុជា ថាជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការទាក់ទា​ញផ្នែកវិនិ​យោ​​​គ​។ លោកថាពិសេសវិស័យ​សំ​ណ​ង់នៅខេត្តព្រះសីហនុ ដែលថា ធ្វើឲ្យអា​​គារ​ថ្មីៗ​ទំនើ​​បៗជាច្រើន​កំពុងកសាងឡើងក្នុងរ​​យៈ​ពេល​​​​​​ដ៏ខ្លី​នេះ​។

លោក ហ៊ុន សែន ថ្លែងទៀតថា ចំណែកវិស័យទេសចរណ៍វិញ ចិនក៏មានចំនួនច្រើនជាងគេ រហូតដល់១​លាន២សែននាក់កា​លពី​​ឆ្នាំមុន និងថាឆ្នាំបន្ទាប់នឹងកើនឡើងដល់​​១លានកន្លះ។

មេដឹកនាំរូបនេះ បញ្ជាក់ទៀតថា ជនជាតិចិនទាំងនោះមិនអាចរស់នៅកម្ពុជាបានរហូតក្នុងបំណងឈ្លានពា​នកម្ពុជាដូ​ចមជ្ឈ​ដ្ឋា​​​ន​​​​ប្រ​ឆាំងតែងតែរិះគន់រដ្ឋាភិបាលនោះទេ ដោយថា កម្ពុជា​មានច្បាប់ស​ម្រា​​ប់​​ទ​ប់ស្កាត់ ។

លោកថា៖«ដល់គេអត់មកវិនិយោគវាថា គេអត់មកវិនិយោគ។ ដល់គេមកវិនិយោគ វាថាគេមកឈ្លានពាន។ នែ៎! វាទៅជាអញ្ចឹង អា​នេះ​ឆ្កួតឡប់អីវា។ យើងជារដ្ឋអធិបតេយ្យ សូមបញ្ចាក់! ខ្ញុំនិយាយដោយត្រង់ ចិនមិនដែលនាំកងទ័ព​ចេញផុតពីទល់ដែន​របស់ខ្លួ​នទេ​ ប្រ​​ទេ​សដទៃនាំកងទ័ពចូលឈ្លានពានកម្ពុជា ប៉ុន្មានដងហើយមើលទៅឃើញហើយ។»

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការធ្វើអាណានិគមបែបថ្មី គេមិនចាំបាច់លើក​ទ័ពមក​ឈ្លាន​​ពា​​ន​​​ក​ម្ពុជាត្រង់ៗដូចពីសម័យដើមនោះទេ។ លោកថាការធ្វើអាណានិគ​មបែបសម័យទំនើប គឺគេគ្រាន់តែបើកផ្លូ​វឲ្យ​ពល​រដ្ឋ​គេ​​បា​នចូលមកធ្វើអាជីវកម្មដណ្តើមការងារពលរដ្ឋកម្ពុជា ឬបញ្ជ្រាបជនជាតិគេ ឲ្យបានចូល​បម្រើក្នុងស្ថា​ប័​ន​រដ្ឋ ​​លោកថា ពេល​នោះ បន្ទាត់នយោបាយហាក់បានគ្រប់គ្រងកម្ពុជារួចបាត់ទៅហើយ។

លោកថា៖«សម័យនេះ គេឈ្លានពានមិនមែនយកអាវុធមកវាយយើងទេ?។ គេឈ្លានពានតាមរយៈបញ្ជូនពលរដ្ឋគេមក​ គេធ្វើ​ម៉េច​ឲ្យ​​​​ពលរដ្ឋគេមានការងារ សេដ្ឋកិច្ចគ្រួសារគេមានកម្រិតខ្ពស់ កូនចៅគេអាចរៀនបាន ដូច្នេះអនាគត ពួកគេជា​អ្នកដឹ​កនាំប្រទេស»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី និយាយថា ការទាក់ទាញអ្នកវិនិយោគចិនឲ្យ​មករកស៊ីនៅកម្ពុជា​ ​ជា​រឿ​​ងល្អមួយ ព្រោះវាបានបង្កើតការងារនៅក្នុងស្រុកបន្ថែមទៀត ដល់ពលរដ្ឋខ្មែរ។

ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា អ្នកជំនួញចិន មិនបានភ្ជា​ប់លក្ខខណ្ឌ​​​គោរពសិទ្ធិ​មនុ​ស្សក្នុងមុខជំនួញរបស់ខ្លួន ដូចអ្នក​ជំនួញ​ប្រ​ទេ​​​ស​​លោ​កសេ​រីទេ។ លោកថាបញ្ហានេះ ច្រើនបង្កឲ្យមាន​ជម្លោះ​ដីធ្លី និង​ការបណ្តេញ​ចេញ​ទាំង​បង្ខំ បើអាជ្ញាធរខ្មែរ​គ្មានល​ទ្ធភាព​ទប់​ស្កា​ត់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែមុន បានចេញបញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការ ជួយទប់ស្កាត់បទល្មើ​សនៅ​ខេត្ត​ព្រះ​​​​​សីហនុ ជាតំបន់វិនិយោគជាប់មាត់សមុទ្រខ្មែរ ដោយបង្ហាញការព្រួយបារម្ភថា ការហក់ឡើងយ៉ាងគំហុកភ្ញៀវទេសចរណ៍​ចិន បា​ន​​បង្កជា បទ​ល្មើស ចោរកម្ម គ្រឿ​​ង​ញៀ​ន ចាប់ជម្រិត អនាម័យ និងបរិស្ថាន ជាដើម ដោយថាខេត្តជាប់សមុទ្រមួយនេះ មិនទាន់ត្រៀមលក្ខណៈ បានគ្រប់គ្រាន់នៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ