UN ជំរុញឲ្យរដ្ឋាភិបាលធានាការចូលរួមរបស់យុវជនក្នុងជីវភាពសង្គម និងនយោបាយ

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis ផ្ដល់បទសម្ភាសន៍ ក្នុងពិធីខួបលើកទី៧៣ឆ្នាំ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានចូលជាធរមាន កាលពីឆ្នាំ១៩៤៥ ដោយផ្ដោតសំខាន់លើប្រធានបទ «លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែល្អប្រសើរ» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ពេជ្រ ចំរុង)

មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ(UN)ប្រចាំកម្ពុជាជំរុញឲ្យរដ្ឋាភិបាលធានាការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍសង្គម និងនយោបាយ ជាពិសេសជំរុញឲ្យយុវជនហ៊ានចូលរួមនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តនានាដែលប៉ះពាល់ដល់ពួកគេ។

នៅថ្ងៃពុធនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានចូលជាធរមាន កាលពីឆ្នាំ១៩៤៥ ដោយផ្ដោតសំខាន់លើប្រធានបទ «លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែល្អប្រសើរ» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ធ្វើឡើងនៅរាជធានីភ្នំពេញ។

ក្នុងពិធីនេះ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis ប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យយុវជនអាចចូលរួមក្នុងការងារសហគមន៍របស់ពួកគេ ការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយ។

ប៉ុន្ដែ លោកស្រីយល់ថា យុវជនខ្លួនឯងក៏ត្រូវមានសេចក្ដីក្លាហាន និងហ៊ានចូលរួមក្នុងបញ្ហាសង្គមទាំងឡាយ ដែលប៉ះពាល់ដល់ពួកគេ ដូចជា ការអប់រំ សេវាសុខភាព វិសមភាពសង្គម ឱកាសការងារ ការគោរពសិទ្ធិមនុស្ស ការបន្ថយភាពក្រីក្រ បញ្ហាបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។

លោកស្រី Pauline Tamesis បន្ដថា៖ «ឥឡូវនេះ  អង្គការសហប្រជាជាតិមានកម្មវិធីមួយស្ដីពីការងារសម្រាប់យុវជន ដែលយើងកំពុងធ្វើការជាមួយក្រសួង​ការងារ ហើយយើងក៏កំពុងធ្វើការជាមួយក្រសួងអប់រំ ដើម្បីផ្ដល់នូវឪកាស ជំនាញ ការអប់រំ ដើម្បីពង្រីកការចូលរួមរបស់ក្នុងជីវភាពសេដ្ឋកិច្ច […] ឲ្យពួកគេអាចចូលរួមបន្ថែមទៀតក្នុងការកសាងសហគមន៍ និងការចូលរួមក្នុងនយោបាយនៅក្នុងប្រទេសនេះ»។

ក្នុងពិធីនេះដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា យុវជនកម្ពុជាត្រូវខិតខំពង្រឹងចំណេះដឹង និងសមត្ថភាព ត្រៀមខ្លួនសម្រាប់ឱកាសការងារ និងសិក្សាពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដោយថា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងពិភពលោកទាំងមូល។

លោកបន្ដថា៖ «ទី១ រកចំណេះដឹង ទី២ ឲ្យមានបំណិន ទី៣ ត្រៀមខ្លួនដើម្បីទីផ្សារការងារ​ ទី៤ គឺទទួលយកបច្ចេកវិទ្យា ដើម្បីបង្កើតពិភពលោកល្អមួយ ដោះស្រាយបញ្ហា។ ដូច្នេះដើម្បីដោះស្រាយបញ្ហា សូមឲ្យយុវជនចូលរួម ប្រសិនបើយុវជនមិនចូលរួម ដូច្នេះមិនអាចដោះស្រាយបញ្ហាបានទេ។ ដូច្នេះការចូលរួមរបស់យុវជន ការផ្ដល់ឲ្យយុវជននូវជំនាញ បំណិន បច្ចេកវិទ្យា គឺជាកត្ដាចាំបាច់»។

នាយកប្រតិបត្តិអង្គការយុវជនស្ម័គ្រចិត្តដើម្បីសង្គម លោក ប៉ែន សុមុនី សង្កេតឃើញថា យុវជននៅកម្ពុជាកំពុងជួបប្រឈមនឹងបញ្ហាជាច្រើន ដូចជា ទាក់ទងនឹងវិស័យអប់រំ ការងារ សុខាភិបាល បញ្ហាបរិស្ថាន សិទ្ធិទទួលបានព័ត៌មាន និងមជ្ឈដ្ឋានសុវត្ថិភាពសម្រាប់យុវជនជាដើម។

លោកថា បញ្ហាទាំងអស់នេះ គឺជាឧបសគ្គដែលធ្វើឲ្យយុវជនកម្ពុជាពិបាកប្រកួតប្រជែងជាមួយយុវជនផ្សេងទៀតនៅក្នុងតំបន់ និងការត្រៀមខ្លួនដើម្បីចាប់យកឱកាសការងារក្នុងស្រុក។

លោកបន្ដថា៖ «ទី១ ពាក់ព័ន្ធនឹងបញ្ហាអប់រំ ទី២ ពាក់ព័ន្ធនឹងបញ្ហាការងារ ទី៣ ពាក់ព័ន្ធរឿងសុវត្ថិភាពរបស់យុវជន ទី៤ ពាក់ព័ន្ធរឿងសុខភាព ហើយទី៥ ពាក់ព័ន្ធនឹងនិរន្ដរភាពបរិស្ថាន»។

របាយការណ៍របស់អង្គការយុវជនស្ម័គ្រចិត្តដើម្បីសង្គម បង្ហាញថាក្នុងចំណោមពលរដ្ឋកម្ពុជាជិត ១៦លាននាក់ មាន​ ៣៣ភាគរយ គឺជាយុវជន ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ ប៉ុន្ដែរបាយការណ៍ក៏បង្ហាញផងដែរថា យុវជននៅមិនទាន់ទទួលបានសិទ្ធិអំណាចពេញលេញ និងត្រូវបានគេដាក់បញ្ចូលក្នុងដំណើការធ្វើសេចក្ដីសម្រេច​ចិត្តនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ