ចិនបង្ហាញជំហរជាថ្មីគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ខណៈលោកសេរីព្រមានទណ្ឌកម្ម

លោក លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនបានជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី 24 ខែតុលាឆ្នាំ 2018 ។(រូបភាព៖ Xinhua/Liu Weibing)

ជាថ្មីម្ដងទៀត មហាអំណាចកុម្មុយនីស្ដចិនបានប្រកាសគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពជាតិ ខណៈរដ្ឋាភិបាលថ្មីរបស់កម្ពុជាទទួលការព្រមានដាក់ទណ្ឌកម្មជុំវិញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស។

ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយថា កាលពីម្សិលមិញ ប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភាប្រជាជនចិន លោក Li Zhanshu បានជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ចនៅទីក្រុងប៉េកាំង។

បើតាមទីភ្នាក់ងារ​ព័ត៌មានចិន ក្នុងជំនួបនោះ លោក Li Zhanshu អះអាងថា ចិនបានត្រៀមខ្លួនជានិច្ចដើម្បីជួយកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ និងស្ថិរភាពជាតិរបស់ខ្លួន ស្របពេលចិនកំពុងពង្រីកគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»ផងនោះ។

សារព័ត៌មានចិនបានដកស្រង់សម្ដីលោក Li Zhanshu ចុះផ្សាយថា៖ ​

«ចិននឹងបន្ដជួយគាំទ្រប្រជាជនកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍរបស់ខ្លួន ដែលស្របនឹងលក្ខខណ្ឌជាតិ និងដើម្បីបង្កើនកិច្ចសហប្រតិការលើផ្នែកសំណង់ កសិកម្ម និងហេដ្ឋារចនាសម្ពន្ធនៃគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ [] ចិនបានត្រៀមខ្លួនជាស្រេចខ្លួនជួយកម្ពុជាក្នុងផ្នែកស្ថិរភាព ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន»។

ទីភ្នាក់ងារ​ព័ត៌មានចិនដដែល ក៏បានដកស្រង់សម្ដីប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ មកចុះផ្សាយថា កម្ពុជាចាត់ទុកចិនជាមិត្ត និងជាបងប្អូនដ៏ល្អ និងត្រៀមខ្លួនក្នុងការរឹតចំណងមិត្តភាពប្រទេសទាំងពីរ។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងបង្ហាញជំហរងាកទៅរកប្រទេសចិន ដើម្បីស្វែងរកការគាំទ្រ និងបន្ដទ្រទ្រង់អំណាចរបស់ខ្លួន។

ប៉ុន្ដែ លោកថា ជំហរ​បែប​នេះ អាចជួយរដ្ឋាភិបាលតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយថា កម្ពុជានឹងប្រឈមបញ្ហាជាច្រើន បើសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្មលើកម្ពុជាមែននោះ។

លោកបន្ដថា៖ «ប្រសិនកម្ពុជាប្ដេជ្ញាចិត្តថា មិនខ្វល់ពីរឿងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សទេ ឬសម្ពាធ​ដាក់ដោយសហគមន៍អឺរ៉ុបក្ដី ឬប្រទេសជាមិត្ដនិយមប្រជាធិបតេយ្យក្ដី ខ្ញុំជឿថា មិនថយទេ ដោយសារចិនអាចនឹងជួយទ្រទ្រង់មួយរយៈពេលខ្លី ដូចនៅវេណេហ្ស៊ុយអេឡា ឲ្យកម្ចីបន្ថែមទៅ ប៉ុន្ដែ ក្រែងលោមិនបានស្រោចស្រង់សេដ្ឋកិច្ច ឬជីវភាពប្រជាពលរដ្ឋទេ វានៅតែមានវបត្តិ តែទម្រាំវិបត្តិវាផ្ទុះ វាអាចក្នុងរយៈពេល ៣ ឬ ៤ឆ្នាំទៀត»។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការប្រកាសគាំទ្ររបស់ចិនចំពោះកម្ពុជានេះ គឺជារឿងល្អមួយ ប៉ុន្ដែ លោកថា កម្ពុជាមិនគួរពឹងផ្អែកទាំងស្រុងលើជំនួយរបស់ចិននោះទេ ដោយថា​ អឺរ៉ុបទើបជាទីផ្សារនាំចេញដ៏ធំ និងជាប្រភពនៃប្រាក់ចំណូលរបស់កម្ពុជា។

លោកបន្ដថា៖ «ការជួយជ្រោមជ្រែងរបស់ចិន វាមិនអាចទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានទេ ពីព្រោះចំណូលកម្ពុជាមួយផ្នែកខ្ទង់ពី៤០ ទៅ ៦០ភាគរយ បានមកពីវិស័យវាយនភណ្ឌ​កាត់ដេរសម្លៀកបំពាក់ហ្នឹងវាធំ មិនអាចទ្រទ្រង់បានទេ ហើយអ្នកវិនិយោគិនពី ៧០ ទៅ ៨០ភាគរយ គឺ​ជា​វិនិយោគិន​មកពីចិនទៀត អញ្ចឹងតើចិនជួយយ៉ាងម៉េច?»។

កាលពីដើមខែតុលានេះ សហភាពអឺរ៉ុបបានជូនដំណឹងដល់កម្ពុជា អំពីដំណើរការដកប្រព័ន្ធអនុគ្រោះពីកម្ពុជា ដោយថា រដ្ឋាភិបាលបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែតុលា នៅទីក្រុងប្រ៊ុចសែល អនុប្រធានស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ លោកស្រី​ Federica Mogherini អះអាងថា លោកស្រីបានថ្លែងប្រាប់លោក ហ៊ុន សែន ដោយផ្ទាល់អំពីការដកប្រព័ន្ធអនុគ្រោះពន្ធ «​អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ