លោក ស ខេង ច្រានចោលសំណើដោះដូរទីតាំងអគ្គស្នងការនគរបាលជាតិ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​សម្រេច​ច្រានចោលសំណើសុំដោះ​ដូរអគារអគ្គស្នងការនគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណារបដិសេធនេះធ្វើឡើងតាំងពីជិត ១ឆ្នាំមុន។

ក្នុងលិខិតមួយ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​មក ដែល​ វីអូឌី​ ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ដោះ​ដូរ​ទីតាំង​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ដោយ​អះអាង​ថា ទីតាំង​សព្វថ្ងៃ​នេះ មាន​ទំហំ​តូច​ចង្អៀត។

ប៉ុន្តែ លិខិត​ដដែល​នោះ លោក ស ខេង បានបដិសេធសំណើ​នេះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ ដោយ​លោក​ចារ​ត្រឡប់​ទៅ​វិញ​ថា ក្រសួងមានថវិកាគ្រប់គ្រាន់ ដើម្បីកសាង​កន្លែងថ្មី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បកស្រាយ​ជុំវិញករណីនេះ ដោយឲ្យអ្នកសារព័ត៌មានស្រង់ខ្លឹមសារក្នុងលិខិតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសច្រានចោលនៅលើគេហទំព័រ Fresh News ទៅវិញ។

អ្នក​នាំ​ពាក្យ​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​​ចុះ​ផ្សាយ​​ថា លោក ស ខេង មិន​ឯកភាព​នឹង​សំណើ​ដោះ​ដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ឡើយ។

បើ​តាម​លិខិតដដែល​នោះ ក្រុមហ៊ុន LONG MA INVEST AND REAL EASTATE CO., LTD បាន​ស្នើដោះ​ដូរ​ទីតាំង​អគ្គ​ស្នងការ​នគរបាល​ជាតិ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ទៅ​កាន់​ទីតាំង​ថ្មី​មាន​ ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

នៅ​ឯ​ទីតាំង​ថ្មី ក្រុមហ៊ុន​មួយ​នេះ​បាន​សន្យារ​សាង​សង់​អគារ​​មួយ​កម្ពស់១០​ជាន់ និង​អគារ២​ទៀត​សម្រាប់​ការ​ស្នាក់​នៅ​របស់​កង​កម្លាំង​នគរបាល​ជាតិ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា សម័យនេះរដ្ឋាភិបាលគួរតែបញ្ឈប់ការដោះដូរអគាររដ្ឋទៅទីតាំងផ្សេង ដោយថា គួរតែអភិរក្សកន្លែងចាស់ និងបង្កើតកន្លែងថ្មីបន្ថែម ដើម្បីកុំឲ្យមានអំពើពុករលួយ។

លោកមានប្រសាសន៍ថា៖ «ពាក្យដោះដូរគ្រាន់តែពាក្យបច្ចេកទេសទេ គឺលក់កន្លែងចាស់ទៅកន្លែងថ្មីដែលមានតម្លៃថោកជាងកន្លែងចាស់​  ខ្ញុំចង់ឃើញការអភិរក្សកន្លែងចាស់ ឧទាហរណ៍នៅកន្លែងចាស់ ប្រភេទនៃការផ្តល់[សេវា]​មានអ្វីខ្លះ កន្លែងថ្មីត្រូវការពង្រីកបន្ថែម ហើយមានការទំនាក់ទំនងគ្នាផ្នែករដ្ឋបាលមួយដែលធានានូវប្រសិទ្ធិភាពនៃប្រព័ន្ធរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងរបស់ស្ថាប័ន»

ទីតាំងរបស់ស្ថាប័នរដ្ឋមួយចំនួន ត្រូវបានរដ្ឋាភិបាល​ដោះដូរទៅជាយក្រុង ក្រោមរូបភាពធ្វើការអភិវឌ្ឍ។ អគារដែលដោះដូរនោះ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ស្នងការនគរបាលជាតិ ក្រសួងសុខាភិបាល និងមន្ទីរអប់រំ​រាជ​ធានី​ភ្នំពេញ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ