លោក រ៉ុង ឈុន ប្រាប់សមាគមរោងចក្រថា កូនសោរ​រក្សា EBA ស្ថិត​នៅលើរដ្ឋាភិបាលកម្ពុជា

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក្នុងសន្និសីទមួយ កាលពីពេលកន្លងទៅ។

សហជីពរបស់លោក រ៉ុង ឈុន ស្នើសុំសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ឲ្យ​សហការគ្នា ដើម្បីទាមទារទៅរ​ដ្ឋាភិ​បា​​ល​ ឲ្យទ​ទួ​ល​យក​ល​ក្ខ​ខ​ណ្ឌសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA ដោយថា កូនសោរ​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល។

សហភាពអឺរ៉ុប កាលពីដើម​ខែ​តុលា​នេះ បានជូនដំណឹងអំពី​ដំណើរការ​ដកប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជាវិញ បន្ទាប់​ពី​រក​ឃើញ​ថា រដ្ឋាភិបាល​មិន​​បាន​ស្តារ​​ប្រ​ជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន ដោយទុកពេលឲ្យ ១ឆ្នាំ។

ករណីនេះ GMAC កាលពីថ្ងៃទី២០ ខែតុលា បានស្នើទៅសហភាព​អឺរ៉ុបឲ្យពិចារណា​ឡើ​ងវិ​ញ ដោយថា វិធានការនេះ​នឹងប៉ះពា​ល់​ដល់​កម្មករជាង ៧០ម៉ឺននាក់ រ​យៈ​ពេ​ល​​វែង​ ​និ​ង​គ្រួសា​រ​រ​បស់ពួកគេ។

ប៉ុ​ន្តែ​ លិខិតចុះថ្ងៃទី២៤ តុលា ប្រធានសភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា កង្វល់របស់​ប្រធាន​សមា​គមរោ​ងច​ក្រ​កា​​​ត់​​ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង ដូច​គ្នាទៅ​នឹង​ស​ហ​​ជី​ពរ​ប​ស់​​​​លោកដែរ គ្រាន់តែការ​ស្វែង​រកអន្ត​រាគ​មន៍​នោះមា​នគោ​ល​ដៅ​ខុ​ស​​​គ្នា។

លោក រ៉ុង ឈុន បន្តថា កូនសោរ​នៃ​ការដក ឬបន្តប្រព័ន្ធអនុគ្រោះពន្ធឲ្យកម្ពុជា ស្ថិតក្នុងដៃរដ្ឋាភិបាល។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ស​​​​​ហ​ភា​​ព​អឺរ៉ុប​បន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា GM​AC ត្រូវបញ្ចុះ​​បញ្ចូលរដ្ឋាភិ​បាលកម្ពុជា និង​គួរតែចូល​រួមជាមួយ​សហជី​ពរ​​ប​ស់​លោក ធ្វើ​ការ​ទាម​ទារ​ទៅរដ្ឋាភិបាល ឲ្យទទួលយកលក្ខខណ្ឌរបស់សហភាពអឺរ៉ុប។

VOD មិនអាចសុំអត្ថាធិប្បាយពីប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង បានទេនៅថ្ងៃនេះ ដោយ​លោក​អះ​អា​ង​​​ថា​កំពុងជាប់ប្រជុំ ខណៈអគ្គលេខាធិការរង លោក កាំង ម៉ូលីការ មិនអាចទាក់ទងបាន។

ប្រព័ន្ធអនុគ្រោះពន្ធ​របស់សភាពអឺរ៉ុប បានភ្ជាប់លក្ខខណ្ឌ​គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ការប្រកាសវិធានការរបស់សហភាពអឺរ៉ុប បានធ្វើឡើងក្រោយពីមានការរំលាយគណបក្សប្រឆាំង ការ​ចាប់ឃុំខ្លួនមេដឹកនាំគណ​បក្ស​ស​​​​ង្គ្រោះ​ជា​តិ លោក កឹម សុខា និងវិធានការនានាដែលក្រុមប្រទេសលោកសេរីវាយតម្លៃថា ធ្វើឲ្យប្រជាធិ​បតេយ្យនៅ​កម្ពុជារួ​ម​​​តូច​។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើក​ឡើង​ថា ការបាត់បង់ EBA មិន​មែនបង្កផលប៉ះបា​ល់​ត្រឹម​តែ​​ក​ម្ម​ករ និងគ្រួ​សាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ លោកថា វិស័យកាត់ដេរទាំងមូលក៏ប៉ះពាល់ដែរ រួមទាំងវិស័យផ្សេងទៀតៗ ដូច​ជា គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិរញ្ញវត្ថុ ដែលកម្មករជាប់បំណុល ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងអាចបង្កឲ្យមានវិបត្តិសង្គមផងដែរ។

លោក មឿន តុលា ឲ្យដឹងទៀតថា ការដែល GMAC ប​ង្ហាញ​កា​រ​ព្រួ​យ​បារម្ភទៅសហភាពអឺរ៉ុបពីអត្ថប្រយោ​ជន៍របស់​ EBA ​នេះ​ ជា​​រឿ​​ង​​​ល្អ​មួយ ប៉ុន្តែ លោកថា GMAC គួរបញ្ចុះបញ្ចូលរដ្ឋាភិបាលផងដែរពីកង្វល់របស់ខ្លួន ដោ​យ​​​ថា គន្លឹះ​នៃកា​ររក្សាទុ​ក E​BA ​ស្ថិ​​​​ត​​នៅ​លើ​ដៃ​រដ្ឋាភិបាល។

លោកថា៖ «ខ្ញុំគិតថា បើមេដឹកនាំខ្មែរ នៅគិតពីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍សង្គមទាំងមូលមែន ហើយពិ​ត​ជា​​​​​ស្នេហាជាតិដូចខ្លួនអះអាងមែន វាអត់មានខាតអ្វីសោះ នូវអ្វីដែល EU ទាមទារ ប៉ុ​ន្តែ ផ្ទុយទៅវិញ យើងចំ​ណេញបាន​ច្រើន​ទៀត»

ដូ​ចគ្នានេះដែរ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា កម្ពុជាអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធនេះបាន អាស្រ័​យ​លើ​ឆន្ទៈនយោបាយថា តើរដ្ឋាភិបាលបានស្តារប្រជាធិបតេយ្យឡើងវិញ ឲ្យប្លុកលោកសេរីជឿបានកម្រិតណា។

លោកថា៖ «EUគេបានដាក់លក្ខខណ្ឌក្នុងកម្រិតណាមួយហើយ រដ្ឋាភិបាលត្រូវឆ្លើយតបក្នុងកម្រិតណាមួយ ហើយឆ្លើយ​បានក​ម្រិត​ណា​ជារឿងរបស់គណបក្សកាន់អំណាចហ្នឹងហើយ ហើយបើសិនជាសហភាពអឺរ៉ុបគេមិនព្រៀមព្រៀងតាមការឆ្លើយតបរ​បស់រ​ដ្ឋាភិ​​​បា​​លទេ ពេល​នោះ គេនឹងដក EBAហ្នឹង។ កត្តាគន្លឹះ វានៅលើពីរភាគីហ្នឹងឯង គឺរដ្ឋាភិបាល និងស​ហភាពអឺ​រ៉ុបត្រូវ​ចរចា​គ្នាហ្នឹ​ងឯង»

របា​យការណ៍របស់គណកម្មការអឺរ៉ុប ចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បង្ហាញថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍​អឺរ៉ុ​ប​​ក្នុង​​ឆ្នាំ២០​១៧ មានទំហំជាសាច់ប្រាក់ជាង​ ៦ពាន់លាន​ដុល្លារ។ ទំនិញទាំ​ងនោះ ភាគច្រើន​ជាផលិតផល​សម្លៀកបំពាក់កាត់​ដេរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ