តើអ្វីខ្លះជាបញ្ហា​បង្កឡើងពីការកសាងស្ពានឆ្លងសមុទ្រ​វែងគេ​លើពិភពលោក​របស់​ចិន​?

ទិដ្ឋភាពទូទៅនៃស្ពានហុងកុង – ហ្ស៊ូហៃ – ម៉ាកាវបន្ទាប់ពីពិធីបើកនៅហ្ស៊ូហៃប្រទេសចិនកាលពីថ្ងៃទី 23 ខែតុលាឆ្នាំ 2018 ។ REUTERS / Aly Song

ស្ពាន​ឆ្លងសមុទ្រដែល​វែងជាងគេលើ​ពិភពលោកភ្ជាប់​តំបន់ស្វយ័តហុងកុង​ទៅតំបន់ស្វយ័តម៉ាកាវហើយត្រូវឆ្លងកាត់​ក្រុងជូហៃនៃខេត្ត​គ័ងតុង ត្រូវបាន​ប្រធានា​ធិបតី​ចិនលោក ស៊ី ​ជិនពីង ​សម្ពោធបើក​ឲ្យប្រើប្រាស់​កាលពីថ្ងៃទី​២៣ខែតុលាឆ្នាំ២០១៨។

ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) បានចូលរួមពិធីបើកស្ពានហុងកុងហ្ស៊ូហៃ – ម៉ាកាវនៅហ្ស៊ូហៃប្រទេសចិនថ្ងៃទី 23 ខែតុលា ឆ្នាំ 2018 ។ REUTERS / Aly Song

តាមការផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍រដ្ឋ​ចិន ប្រជាជនក្នុងតំបន់​ទាំងបីនេះបាន​និយាយជាមួយ​អ្នកសារព័ត៌មាន​ប្រហាក់ប្រហែលគ្នា​ថាពួកគេមាន​ក្តីរំភើបជាខ្លាំង​ដែល​ស្ពានមួយនេះត្រូវបាន​កសាង​ឡើង ព្រោះវានឹងជួយកាត់​បន្ថយរយៈពេល​ធ្វើ​ដំណើរពីតំបន់​មួយទៅតំបន់មួយ និងធ្វើ​ឲ្យមានភាព​ងាយស្រួលក្នុង​ការធ្វើ​ជំនួញរវាងគ្នា​នឹង​គ្នា​ផងដែរ។

ទោះបីជាមាន​ការសាទរពីសំណាក់​ប្រជាជនមួយចំនួនក្នុង​តំបន់​ទាំងនេះក្តី ក៏​ការកសាង​ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោក​មួយនេះ បង្កជាបញ្ហាមួយចំនួនផងដែរ។

វត្តមាន​នៃស្ពាន​ឆ្លង​សមុទ្រវែងជាងគេមួយនេះ បាន​បង្ក​ជាក្តី​កង្វល់​ដល់អ្នក​អភិរក្ស​បរិស្ថានមួយចំនួន​ដែល​ធ្វើការ​កាពារជីវិតជីវចម្រុះក្នុងសមុទ្រ។ សារព័ត៌មាន​ South China Morning Post របស់​ហុងកុង​ ​ផ្សាយនៅលើគេហទំព័របស់​ខ្លួន​ថាកាលពីថ្ងៃទី២៣ ក្រុមអភិរក្សបរិស្ថាននៅទីក្រុងហុងកុង បាន​​លើកឡើងថា​ការកសាង​ស្ពាន​នេះ​បាន​បំផ្លាញ​ជម្រក​របស់​ផ្សោតសមុទ្រ​ពណ៌ស ដែល​ជាប្រភេសសត្វ​ដ៏កម្រ​ហើយ​នៅ​សល់​តិចតួចប៉ុណ្ណោះ​ក្នុងដែន​សមុទ្រ​ហុងកុង។

របាយការណ៍របស់នាយកដ្ឋានអភិរក្សកសិកម្ម​និង​ជលផលរបស់ហុងកុង​ បង្ហាញ​ថា​ចន្លោះពីខែមេសាឆ្នាំ២០១៧ដល់​ខែ​មីនា​ឆ្នាំ២០១៨ ក្រុមមន្រ្តីរបស់​ខ្លួនរក​​ឃើញ​វត្តមាន​សត្វផ្សោត​ប្រភេទនេះតែ​៤៧ក្បាល​ប៉ុណ្ណោះ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីចន្លោះឆ្នាំ​២០១៤-២០១៥ ថយចុះ​រហូត​ដល់​៤០ក្បាល។ តាមសារព័ត៌មាន ​South China Morning Post របស់​ហុងកុង​ដដែល ក្រុមសកម្មជន​បរិស្ថានទាំងនោះ ថា​ស្ពាននេះនឹង​ធ្វើ​ឲ្យចំនួន​ផ្សោតសមុទ្រ​ពណ៌សទាំងនេះរឹតតែថយចុះខ្លាំងថែម​ទៀត ហើយ​សត្វទាំងនោះនឹងធ្វើការផ្លាស់​ប្តូទីលំនៅពីដែនសមុទ្រហុងកុងទៅ​ដែន​សមុទ្ររបស់​ចិនវិញ​។

ក្រៅពីការរិះគន់របស់​ក្រុម​អ្នកអភិរក្ស​ជីវចម្រុះ​ពី​ផល​ប៉ះពាល់​នៃកសាង​ស្ពានឆ្លងសមុទ្រ​ដ៏វែងមួយនេះ​ទៅលើ​ជម្រករបស់​ផ្សោតសមុទ្រ​ពណ៌ស​ ក្រុមមន្រ្តីសិទ្ធិ​មនុស្ស​ក៏បាន​រិះគន់​ថា​ផងដែរ ថា​ក្រុម​កម្មករដែល​កសាង​ស្ពានត្រូវបាន​គេរំលោភសិទ្ធ។ តាមរបាយការណ៍ដែល​ចុះផ្សាយ​ក្នុងសារព័ត៌មាន​​South China Morning Post កម្មករចំនួន​២០នាក់បាន​ស្លាប់​បាត់​បង់​ជីវិត​និងជាង​៥០០នាក់​ផ្សេងទៀតបាន​រងរបួសនៅពេល​ដែល​ពួកគេ​ធ្វើ​ស្ពាន​មួយនេះ។ តាមប្រភពដដែល​ក្រុម​កម្មករដែល​ស្លាប់​ទាំង​២០នាក់​នោះ១១នាក់មកពីតំបន់​ស្វយ័តហុងកុង ចំណែក៩នាក់​ទៀតមក​ពីចិនដីគោក។

តាម​សារព័ត៌មាន South China Morning Post ដដែល កម្មករ​មួយចំនួន​បាន​ធ្លាក់​ចូល​ក្នុងសមុទ្រ​ហើយលងទឹកស្លាប់ ទោះបីជា​ពួកគេបាន​ពាក់​អាវ​ពោង​ការពារ​ក៏ដោយ។ ក្រុមមន្រ្តី​ការពារសិទ្ធិពលករ​ បា​ន​ទម្លាក់​ការ​ទទួល​ខុសត្រូវទៅលើ​ក្រុមហ៊ុនដែល​ជួលក្រុម​កម្មករទាំងនោះ ព្រោះ​ពួកគេ បាន​រកឃើញថា​​អាវពោង​​ការពារដែល​ផ្ដល់​ទៅឲ្យក្រុម​កម្មករទាំងនោះ​មិនមាន​ស្ដង់​ដារនោះ​ទេ។ ក្រុមមន្រ្តី​ការពារសិទ្ធិពលករ​ ក៏បានជម្រុញ​ឲ្យមានការដាក់​ទោស​ទណ្ឌ​ទៅលើ​ក្រុមហ៊ុន​ទាំងនោះ​បន្ថែម​លើការផាកពិន័យ​។

ស្ពាន​ឆ្លងសមុទ្រដែល​វែងជាងគេលើ​ពិភពលោកដែល​ភ្ជាប់​ហុងកុង​ទៅម៉ាកាវហើយត្រូវឆ្លងកាត់​ក្រុងជូហៃនៃខេត្ត​គ័ងតុង មានប្រវែង៥៥គីឡូម៉ែត្រ ហើយ​​ចាប់ផ្ដើមសាងសង់​នៅឆ្នាំ២០០៩។ ការកសាងស្ពាននេះ ត្រូវចំណាយអស់​ទឹកប្រាក់​ចំនួន​២០ពាន់លាន​ដុល្លា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ