តើប្រធានាធិបតីវៀតណាមថ្មី​ ​អាច​ប្រើ​វិធីដូចមេដឹកនាំចិន ​ស៊ី ជីនពីង ដើម្បី​ក្តោប​​អំណាចឬទេ?​

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅហាណូយ ប្រទេសវៀតណាម (ថ្ងៃទី 23 ខែតុលាឆ្នាំ 2018) ។ (រូបភាព: Nguyen Phuong Hoa/ Vietnam News Agency via AP)

រដ្ឋសភា​ប្រទេសវៀតណាម​ បានបោះឆ្នោត​​ជ្រើសរើស​លោក ង្វៀង ហ៊្វូជុង ជាប្រធានាធិបតី​ថ្មីរបស់​ខ្លួន​កាលពីថ្ងៃទី២៣​ ខែតុលាឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសរើសលោក​ ង្វៀង ហ៊្វូជុង គឺធ្វើឡើងដើម្បីជំនួស​អតីតប្រធានាធិបតី​លោក ជឹន ដៃ​គ័ង ដែល​បាន​ទទួលមរណៈភាពកាល​ពីខកញ្ញាកន្លងមកនេះ។

តំណែង​ប្រធានាធិបតីដែល​​លោក ង្វៀង ហ៊្វូជុង ទើបទទួលបាននេះ ជាតំណែង​ថ្មីមួយ​បន្ថែម​ទៀត​ទៅលើ​​តំណែង​ដែល​លោក​កំពុងកាន់ក្នុង​ដៃ គឺតំណែង​ជាអគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដវៀតណាម​ ដែល​ជាតំណែងមួយដែល​មាន​អំណាចបំផុត​ក្នុង​បក្ស​​កុម្មុយនីស្ដ។ តាម​រដ្ឋធម្មនុញ្ញវៀតណាម អំណាចក្នុងការគ្រប់​គ្រង​និង​ដឹកនាំ​ប្រទេស​មិន​ស្ថិត​នៅក្រោមបុគ្គល​​តែមួយនោះទេ ពោលគឺស្ថិតក្រោម​សរសរស្តម្ភ​សំខាន់ៗចំនួនបួន​ដែល​ត្រូវធ្វើ​ការ​ត្រួត​ពិនិត្យគ្នា​ទៅ​វិញ​ទៅមក។ សរសរស្តម្ភទាំង​បួន​នោះរួមមាន​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ ប្រធានាធិបតី ប្រធាន​សភា និងនាយករដ្ឋមន្រ្តី។

ការទទួលបាន​អំណាច​ពីរក្នុងដៃរបស់​ប្រធា​ធិបតី​វៀតណាម​រូបនេះ ត្រូវបាន​មតិមួយចំនួួនចោទជាសំណួរឡើងថា​តើ​លោក ង្វៀង ហ៊្វូជុង អាចនឹង​ប្រើវិធីដូច​លោក ​ស៊ី ជីនពីង ​ក្នុងការ​ក្តោបក្ដាប់​អំណាចដែរឬទេ?​

​សកម្ម​ភាព​កន្លងមក​របស់​លោក ង្វៀង ហ៊្វូជុង ត្រូវបាន​គេមើលឃើញ​ថា​មានភាពស្រដៀងគ្នាទៅនឹង​អ្វី​ដែល​លោក​ ស៊ី ជីនពីង​ បាន​ធ្វើ​ក្នុងពេលកន្លងគឺការបង្រ្កាប​មន្រ្តីពុករលួយ។ ​ ចាប់តាំងពីឆ្នាំ ២០១២ ភ្លាមៗបន្ទាប់ពីត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តចិនសម័យទំនើប។ លោក ស៊ី ជីនពីង បាន​ចាប់​ខ្លួន​មន្រ្តី​ជាច្រើនក្នុងជួររដ្ឋាភិបាល​ដែល​រកឃើញថា​បាន​ប្រព្រឹត្តអំពើពុករលួយ។ យុទ្ធនាការប្រឆាំងអំពើពុករលួយដែល​​លោក ស៊ី ជីនពីង បានធ្វើ​ត្រូវបាន​គេ​មើលឃើញ​ថាជាផ្នែកមួយ​ក្នុង​ការបង្រ្កាបទៅ​លើ​អ្នកដែល​មាន​និន្នាការ​ប្រឆាំងនឹងលោកផងដែរ​។

ចំពោះ​​លោក ង្វៀង ហ៊្វូជុង វិញ ចា​ប់តាំងពីត្រូវបាន​សមាជិក​បក្ស​ជ្រើសរើសធ្វើ​​ជាអគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដវៀតណាម​ជាថ្មី​ម្ដងទៀតនៅឆ្នាំ២០១៦ លោកង្វៀង ហ៊្វូជុង បានដឹកនាំ​ធ្វើយុទ្ធនាការណ៍បង្រ្កាប​អំពើ​ពុករលួយ​ដោយបាន​ចាប់​ខ្លួន​មន្រ្តីធំៗនិង​អ្នកជំនួញជាច្រើននាក់។ លោក​ គូហ៊ុយ ហា​វូ អតីតអ្នកទោស​នយោបាយ​និងជា​អ្នករិះគន់​រដ្ឋាភិបាល​ក្រុង​ហាណួយ បាន​លើកឡើងក្នុង​អត្ថបទរបស់លោក​ដែល​បានចុះផ្សាយក្នុងសារព័ត៌មាន ​ឌឹឌីប្លូម៉ាត ថាលោក ង្វៀង ហ៊្វូជុង កាលពីឆ្នាំ២០១៦កន្លងទៅបាន​រួមគ្នា​ជាមួយ​អតីត​ប្រធានាធិបតី ប្រធាន​សភា បោះឆ្នោតទម្លាក់លោក ង្វៀន តិនយុង អតីតនាយរដ្ឋមន្រ្តី​ឲ្យ​ចេញពី​ជួរគណៈកម្មធិការ​គណ្ដាល​បក្ស​កុម្មុយនីស្ដវៀតណាម។ ប្រភពដដែលបន្ថែម​ថា​លោក ង្វៀង ហ៊្វូជុង បានរិះគន់​ អតីតនាយរដ្ឋមន្រ្តី​​លោក ង្វៀន តិនយុង បាន​ធ្វើ​ឲ្យ​ប្រទេសវៀត​ណាមទន់ខ្សោយដោយសារតែ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំរបស់​លោក​មាន​ការប្រព្រឹត្តនូវ​អំពើពុករលួយធ្ងន់​ធ្ងរ។

បញ្ហា​មួយទៀតដែល​គេ​​លើកយកមក​ប្រៀបធ្រៀបជាមួយ​ចិន​នោះគឺថាតើ​លោក ​​ង្វៀង ហ៊្វូជុង អាចនឹងការប្រែរដ្ឋធម្មនុញ្ញដូចអ្វី​ដែល​លោក ស៊ី ជីងពីង ​បាន​ធ្វើដែរឬទេ?​

លោក ​ឡេ ហុង​ហៀប​ អ្នក​ជំនាញ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​និង​កិច្ចការ​បរទេស​វៀតណាម នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ប្រទេស​សិង្ហបុរី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ AL Jazeera ថា ទោះ​បីលោក ​ង្វៀង ហ៊្វូជុង កាន់​តំ​ណែង​អគ្គលេធិការបក្ស​ផង និង​ប្រធាធិបតី​ផងក៏ដោយ លោក​មិន​អាចមានអំណាចខ្លាំងក្លាដូចលោក​ ស៊ី ជីងពីង ដែរ។ លោកបន្តថា​នៅវៀតណាមខុសពីចិន​ត្រង់ថា​មុននឹងលោក ​ង្វៀង ហ៊្វូជុង សម្រេចធ្វើ​អ្វីមួយ លោក​ត្រូវពិគ្រោះជាមួយសហការីរបស់គាត់នៅក្នុងការិយាល័យនយោបាយជាមុនសិន។

ប៉ុន្តែសម្រាប់​​លោក ង្វៀន កាក់ចាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយវៀតណាមនៅហាណូយ យល់​ថា​ការធ្វើ​ជាអគ្គលេខាធិការនិងជាប្រធាធិបតីក្នុងពេល​តែមួយរបស់​លោក​​ ង្វៀង ហ៊្វូជុង ​អាចធ្វើឱ្យចុះខ្សោយភាពប្រព័ន្ធនៃការដឹកនាំ​របស់​បក្សកុម្មុយនីស្តវៀតណាម​។ ការដឹក​នាំរបស់​បក្សកុម្មុយនីស្តវៀតណាម​​ឲ្យ​តម្លៃលើ​ការដឹក​នាំ​ដែល​មាន​លក្ខណៈជាសមូហភាព ពោលគឺមាន​លក្ខណៈប្រជាធិបតេយ្យ​ជាងចិន ដោយសារតែការសម្រេច​ចិត្តត្រូវមានការចូលរួម​ពី​សរសរស្តម្ភទាំង​បួន​ដែល​រួមមាន​លេខាធិការ​បក្ស​កុម្មុយនីស្ដ ប្រធានាធិបតី ប្រធាន​សភា និងនាយករដ្ឋមន្រ្តី។

លោក​​ ង្វៀង ហ៊្វូជុង ​ត្រូវបាន​សមាជិក​សភាវៀតណាមបោះឆ្នោតឲ្យធ្វើ​ជា​លេខាធិការ​បក្ស​កុម្មុយនីស្ដវៀតណាម​នៅឆ្នាំ២០១១។ លោកមានអាយុ​​៧៤ឆ្នាំ ហើយ​លោកបានចូលបម្រើ​ការងារក្នុងការិយាល័យ​នយោបាយបក្ស​កុម្មុយនីស្តវៀតណាម​តាំងពីឆ្នាំ១៩៩៧មកម៉្លេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ